តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រហូតមកដល់ថ្ងៃនេះមានកិច្ចចរចា៦ដងមកហើយទាក់ទិនជាមួយប្រទេសអ៊ីរ៉ង់និងក្រុមប្រទេស P5+1 អំពីលទ្ធភាពនៃការវិលត្រឡប់របស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មកកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ហៅ JCPOA ដែលជាគោលដៅមួយរដ្ឋបាលលោក Biden និងអ្នកស្រី Harris គាំទ្រយ៉ាងខ្លាំងក្លា។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការអនុវត្តសេចក្តីសម្រេចកាលពីឆ្នាំ២០១៥ដែលមានចែងអំពីកិច្ចព្រមព្រៀង JCPOA លោក Jeffrey DeLaurentis ទីប្រឹក្សាជាន់ខ្ពស់សហរដ្ឋអាមេរិកសម្រាប់កិច្ចការនយោបាយពិសេសបានស្វាគមន៍ការគាំទ្ររបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres ចំពោះការពិភាក្សានុយក្លេអ៊ែរកំពុងធ្វើនៅក្រុង Vienne។ លោកក៏បានសរសើររបាយការណ៍កាលពីពេលថ្មីៗនេះរបស់លោក អគ្គលេខាធិការអង្គការសហប្រជាជាតិដែលមានរួមបញ្ចូលព័ត៌មានទាក់ទិននឹងសកម្មភាពរបស់អ៊ីរ៉ង់ដែលមិនត្រឹមត្រូវតាមសេចក្តីសម្រេចលេខ១១៣១។
លោកបាននិយាយថា៖ «របាយការណ៍នេះគូសបញ្ជាក់អ្វីដែលបានកើតឡើងអស់មួយរយៈពេលមកហើយគឺអ៊ីរ៉ង់នៅតែមិនអើពើដល់មាត្រានៃសេចក្តីសម្រេចលេខ១១៣១ដែលអំពាវនាវដល់អ៊ីរ៉ង់មិនឱ្យធ្វើសកម្មភាពអ្វីទាក់ទិនជាមួយមីស៊ីលផ្លោងដែលអាចអាចបាញ់អាវុធនុយក្លេអ៊ែរ»។
លោកទីប្រឹក្សាជាន់ខ្ពស់ DeLaurentis ក៏បានកត់សម្គាល់ដែរថាសេចក្តីរាយការណ៍ដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិនិងដោយលោក Rafael Grossi អគ្គនាយក IAEA បានបង្ហាញថាអ៊ីរ៉ង់កំពុងចាត់វិធានការបង្កើនលើសពីការកម្រិតនុយក្លេអ៊ែររបស់កិច្ចព្រមព្រៀង JCPOA ដោយមានរួមបញ្ចូលការបង្កើនគុណភាពuranium រហូតដល់៦០ភាគរយដែលក្លាយទៅជា U-235 និងការផលិតលោហធាតុ uranium ថែមទៀតផង។ឯកអគ្គរដ្ឋទូត DeLaurentis បានសុំឱ្យអ៊ីរ៉ង់«ទប់ចិត្តកុំចាត់វិធានការបង្កើនថែមទៀតហើយវិលត្រឡប់មកកាន់ការអនុវត្តន៍ពេញលេញតាមការប្តេជ្ញាទាំងអស់តាមរយៈ JCPOA ដោយមានរួមបញ្ចូលការប្តេជ្ញាទាំងឡាយណាទាក់ទិននឹងការផ្ទៀងផ្ទាត់IAEA ការតាមឃ្លាំមើលនិងការអនុវត្តន៍វិធីបង្ការបន្ថែម»។
ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះអំពើភេរវកម្មក៏ជាកង្វល់មួយដែរពីព្រោះវាគំរាមកំហែងកងកម្លាំងសហរដ្ឋអាមេរិក ពួកបុគ្គលិកការទូតនិងពួកសម្ព័ន្ធមិត្តរបស់អាមេរិក។ នេះបើតាមសម្តីរបស់លោកឯកអគ្គរដ្ឋទូត DeLaurentis ។ លោកបានបន្តទៀតថា៖«យើងនឹងបន្តប្រើមធ្យោបាយទាំងអស់ដែលយើងមានដើម្បីទប់ទល់នឹងសកម្មភាពធ្វើឱ្យមានអស្ថិរភាពរបស់អ៊ីរ៉ង់និងឧបត្ថម្ភផ្ចុងផ្តើមការអនុវត្តសេចក្តីសម្រេចឯទៀតៗនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីដោះស្រាយការរីកសាយអាវុធធម្មតាមិនមែនជាអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់»។
ចំពោះសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់លោកឯកអគ្គរដ្ឋទូត DeLaurentisបានគូសបញ្ជាក់ថាអ្វីដែលលោកប្រធានាធិបតី Joe Biden និងលោករដ្ឋមន្ត្រីការបរទេស Antony Blinken បានមានប្រសាសន៍ច្បាស់លាស់នោះគឺថា៖ «សហរដ្ឋអាមេរិកប្តេជ្ញាធ្វើឱ្យប្រាកដថាអ៊ីរ៉ង់មិនមានអាវុធនុយក្លេអ៊ែរហើយយើងមានជំនឿថាវិស័យការទូតដែលមានការសម្របសម្រួលជាមួយក្រុមសម្ព័ន្ធមិត្តយើងនិងដៃគូក្នុងតំបន់ជាវិធីល្អបំផុតដើម្បីសម្រេចគោលដៅនោះ»។ លោកបានប្រកាសថា«ការពិភាក្សាពីរបីលើកកាលពីពេលថ្មីៗនេះនៅក្នុងក្រុងវីយែនបានជួយបង្ហាញជម្រើសដែលអ៊ីរ៉ង់និងសហរដ្ឋអាមេរិកត្រូវការធ្វើដើម្បីអាចវិលមកកាន់ការគោរពតាមកិច្ចព្រមព្រៀង JCPOA វិញ»៕