តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោក Stephen Biegun អនុរដ្ឋមន្ត្រីការបរទេសស.រ.អា.បាននិយាយនៅក្នុងវេទិកាសហរដ្ឋអាមេរិក-ឥណ្ឌាថា៖ «ខ្ញុំមិនដែលមានសុទិដ្ឋនិយមយ៉ាងខ្លាំងដូចពេលនេះសោះ អំពីអនាគតនៃទំនាក់ទំនងរវាងប្រទេសឥណ្ឌានិងស.រ.អា.»។
ទំនាក់ទំនងរវាងស.រ.អ.និងប្រទេសឥណ្ឌាមានក្នុងវិស័យជាច្រើន ដោយរួមមាន វិស័យការពារប្រទេសនិងកិច្ចសហប្រតិបត្តិការខាងសន្តិសុខ ការគាំទ្រការពង្រឹងច្បាប់ទៅវិញទៅមក ចំណងទាក់ទងខាងពាណិជ្ជកម្មនិងវិនិយោគ ភាពជាដៃគូខាងថាមពល និងកិច្ចសហការខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ កិច្ចសហការដ៏មានសារៈសំខាន់ជាពិសេសមួយ គឺកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសាកលវិទ្យាល័យអាមេរិកាំងនិងឥណ្ឌា ព្រមទាំងក្រុមហ៊ុននៃប្រទេសទាំងពីរ ក្នុងការសាកល្បងវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា។
លោកអនុរដ្ឋមន្ត្រីការបរទេស Biegun បានសម្តែងពីសេចក្តីត្រូវការឱ្យមានការធ្វើបច្ចុប្បន្នភាពនៃសម្ព័ន្ធភាពខាងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក (Indo-Pacific)។ លោកបាននិយាយថា៖ «ស.រ.អ.មិនអាចសន្មតថា ទម្រង់នៃសម្ព័ន្ធភាពសាកលក្រោយសង្គ្រាមលោកលើកទី២ ដែលបានត្រូវរៀបចំឡើងដើម្បីដោះស្រាយឧបសគ្គនិងការគំរាមកំហែងនៃសង្គ្រាមត្រជាក់អាចស្ថិតស្ថេរដោយគ្មានការពង្រឹងឡើងវិញនោះទេ។ ដើម្បីទ្រទ្រង់រចនាសម្ព័ន្ធសេរីនិងបើកចំហនេះ ទំនាក់ទំនងយុទ្ធសាស្ត្ររបស់យើងត្រូវការឆ្លុះបញ្ចាំងភាពពិតជាក់ស្តែងនៃភូមិសាស្ត្រនយោបាយនៅថ្ងៃនេះនិងថ្ងៃស្អែក»។
លោកអនុរដ្ឋមន្ត្រី Biegun បានពន្យល់ថា តាមរយៈភាពជាដៃគូខាងសន្តិសុខដែលបានត្រូវធ្វើបច្ចុប្បន្នភាពនេះ ប្រទេសជាតិនានាដូចជា«ប្រទេសឥណ្ឌាជាដើម នឹងស្វះស្វែងរកសមត្ថភាពការពារប្រទេសដោយខ្លួនឯង»។ នៅក្នុងបរិបទនេះ ស.រ.អា.កំពុងរកវិធីបង្កើនសមត្ថភាពរបស់ឥណ្ឌាក្នុងការការពារអធិបតេយ្យភាពនិងលទ្ធិប្រជាធិបតេយ្យរបស់ផងខ្លួនផ្ទាល់ និងជំរុញផលប្រយោជន៍ឥណ្ឌានៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិកផងដែរ។
ស.រ.អា.និងប្រទេសឥណ្ឌា ព្រមជាមួយប្រទេសជប៉ុន និងប្រទេសអូស្ត្រាលី ជាជន្ទល់ប្រជាធិបតេយ្យបួនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ដោយយើងមានទាំងគុណតម្លៃនិងផលប្រយោជន៍ដូចគ្នា។
លោកអនុរដ្ឋមន្ត្រី Biegun បានមានប្រសាសន៍ថា៖ «ជាមួយគ្នា យើងតំណាងឲ្យចក្ខុវិស័យពហុភាពមួយ ដែលធ្វើឱ្យប្រាកដប្រជាថា ប្រទេសរបស់យើងនិងប្រទេសដ៏ចម្រុះនានានៅក្នុងតំបន់នេះ អាចលូតលាស់ជាប្រទេសជាតិមានអធិបតេយ្យភាពនិងសម្បូររុងរឿងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិកដែលសេរីនិងបើកចំហ»។
ប៉ុន្តែលោកបានព្រមានថា៖ «ចក្ខុវិស័យនេះ មិនមែនជាលទ្ធផលដែលដាច់ខាតនឹងត្រូវតែកើតឡើងនោះទេ» នៅពេលដែលមានល្បិចកលគឃ្លើនរបស់ប្រទេសចិននៅក្នុងតំបន់នេះ។ លោកអនុរដ្ឋមន្ត្រី Biegun បានមានប្រសាសន៍ថា ការគំរាមកំហែងរបស់ចិន«នឹងតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសឥណ្ឌា និងជាមួយប្រទេសឯទៀតៗ ដើម្បីបង្កើនសន្តិសុខនៃប្រទេសជាតិនានានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក»។
សហរដ្ឋអាមេរិក បានចាប់ផ្តើមបង្កើនការលក់សព្វាវុធនិងចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយឥណ្ឌា។ ក៏ប៉ុន្តែ មានវិធានការច្រើនទៀតដែលត្រូវធ្វើ ដោយមានរួមបញ្ចូលការពង្រឹងសមត្ថភាពរបស់ប្រទេសឥណ្ឌាក្នុងការការពារខ្លួនឯង ដោយឧបត្ថម្ភផ្ចុងផ្តើមកិច្ចប្រតិបត្តិការរវាងកងយោធានៃប្រទេសទាំងពីរតាមរយៈសមយុទ្ធនិងទស្សនកិច្ចសិក្សាផ្លាស់ប្តូរគ្នាជាទៀងទាត់ កម្មវិធីការពាររួមនិងសហអភិវឌ្ឍន៍។
លោកអនុរដ្ឋមន្ត្រី Biegun បានប្រកាសថា៖ «ប្រទេសជាតិយើងទាំងពីរមាននិស្ស័យនឹងសម្រេចបានកិច្ចការធំៗ។ វាស្រេចតែយើងដែលត្រូវបង្កើនសន្ទុះនេះ»៕