តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានថ្លែងនៅឯវិទ្យាសា្ថនបច្ចេកវិទ្យា Georgia ថា ប្រទេសលោកខាងលិច បានប្រើពេលយ៉ាងយូរទម្រាំយល់ពីគន្លងរបស់ប្រទេសចិនដូចសព្វថ្ងៃ។
លោករដ្ឋមន្រ្តី Pompeo បានពន្យល់ថា ជាយូរមកហើយ មានទស្សនៈជាច្រើនយល់ថា ការធ្វើពាណិជ្ជកម្ម និងការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសចិនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិននៅទីបំផុត នឹងជួយបង្កើនសេដ្ឋកិច្ចនិងសេរីភាពនយោបាយ និងកាត់បន្ថយហានិភ័យចំពោះសេរីភាពនៅជុំវិញពិភពលោក។
លោក Pompeo បានថ្លែងក្នុងសម្តីដើមថា៖ «ផ្ទុយទៅវិញបក្សកុម្មុយនីស្តចិន បានប្រើប្រាស់ទ្រព្យដែលរកបានពីការធ្វើពាណិជ្ជកម្មទាំងនេះ ដើម្បីក្តោបក្តាប់អំណាចរបស់ខ្លួនកាន់តែខ្លាំង ក្តោបក្តាប់អំណាចគ្រប់គ្រងពលរដ្ឋចិន និងបង្កើតរដ្ឋដែលប្រើបច្ចេកវិទ្យាខ្ពស់គាបសង្កត់ពលរដ្ឋរបស់ខ្លួន ដែលពិភពលោកមិនធ្លាប់ឃើញពីមុនមក»។
លោករដ្ឋមន្រ្តី Pompeo បានប្រកាសថា៖ «បក្សកុម្មុយនីស្តចិន (CCP) ដឹងថា ខ្លួនមិនអាចប្រកួតប្រជែងជាមួយនឹងការច្នៃប្រឌិតរបស់សហរដ្ឋអាមេរិកបានទេ។ ហេតុដូច្នេះហើយបានជាបក្សកុម្មុយនីស្តចិន ធ្វើសកម្មភាពនៅតាមសាកលវិទ្យាល័យអាមេរិកដើម្បីបញ្ចូលនូវឥទ្ធិពលរបស់ខ្លួនតាមរយៈការផ្តល់ជាមូលនិធិ និងលួចការស្រាវជ្រាវសំខាន់ៗ»។
លោករដ្ឋមន្រ្តី Pompeo បានថ្លែងបន្តថា៖ «មានក្រុមអ្នកស្រាវជ្រាវអាមេរិកជាច្រើន ធ្វើការងារស្រាវជ្រាវដោយមានការឧបត្ថម្ភពីប្រាក់បង់ពន្ធរបស់ពលរដ្ឋអាមេរិក ដែលពួកគេទាំងនោះ ត្រូវបានបញ្ចុះបញ្ចូលឲ្យចូលរួមក្នុងកម្មវិធីជ្រើសរើសអ្នកមានទេពកោសល្យរបស់បក្សកុម្មុយនីស្តចិន។ បក្សកុម្មុយនីស្តចិន ចំណាយទៅលើក្រុមអ្នកស្រាវជ្រាវទាំងនោះដើម្បីឲ្យពួកគេធ្វើការងារស្រាវជ្រាវទាក់ទិននឹងការងារស្រាវជ្រាវនាពេលបច្ចុប្បន្នរបស់ពួកគេ ឬការងារស្រាវជ្រាវនៅចិន ហើយបន្ទាប់មកយកលទ្ធផលនៃការស្រាវជ្រាវទាំងនោះទៅបង្កើនអំណាចយោធារបស់ខ្លួន»។
ជនរងគ្រោះខ្លាំងជាងគេដោយបក្សកុម្មុយនីស្តចិន គឺជានិស្សិតចិនស្លូតត្រង់នៅតាមសាកលវិទ្យាល័យនានា។ និស្សិតមួយចំនួនមកពីប្រទេសចិនដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យអាមេរិកនានារស់នៅក្នុងភាពភ័យខ្លាចថា គ្រួសាររបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសចិន នឹងត្រូវចាប់សួរចម្លើយ ប្រសិនបើពួកគេហ៊ាននិយាយគ្នាដោយចំហអំពីប្រធានបទនានាពាក់ព័ន្ធនឹងភាពចម្រូងចម្រាស ឬព័ត៌មានរសើបរបស់បក្សកុម្មុយនីស្តចិន ខណៈពេលដែលពួកគេចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។
លោករដ្ឋមន្រ្តី Pompeo ក៏បានជំរុញឲ្យក្រុមអ្នកស្រាវជ្រាវប្រុងប្រយ័ត្នចំពោះការលួចបន្លំនានា និងត្រូវបដិសេធកុំទទួលយកការឧបត្ថម្ភពីបក្សកុម្មុយនីស្តចិន។
លោករដ្ឋមន្រ្តី Pompeo បានថ្លែងថា៖ «យើងមិនអាចអនុញ្ញាតឲ្យរបបផ្តាច់ការនេះ លួចយកការច្នៃប្រឌិតរបស់យើងទៅបង្កើតអានុភាពយោធារបស់ពួកគេ និងបញ្ចូលមនោគមវិជ្ជាទៅក្នុងពលរដ្ឋរបស់យើង ឬប្រើលុយទិញស្ថាប័ននានារបស់យើងដើម្បីជួយពួកគេធ្វើសកម្មភាពទាំងនេះបានជាដាច់ខាត»។
លោក Pompeo បានជំរុញឲ្យមន្ត្រីគ្រប់គ្រងសាកលវិទ្យាល័យអាមេរិកាំងបិទវិទ្យាស្ថានកុងជឺ ដែលជាស្ថាប័នសម្រាប់ផ្លាស់ប្តូរការសិក្សារវាងចិននិងពិភពលោក និងស៊ើបអង្កេតលើក្រុមនិស្សិតដែលគាំទ្រដោយបក្សកុម្មុយនីស្តចិន នៅតាមសាកលវិទ្យាល័យនានា។
លើសពីនេះទៀត និស្សិតអាមេរិក ចាំបាច់ត្រូវក្រោកឈរដោយក្លាហានបញ្ចេញមតិដោយសេរីសម្រាប់ខ្លួនឯង និងសម្រាប់និស្សិតចិនដែលជាមិត្តភក្តិរៀននៅតាមសាកលវិទ្យាល័យជាមួយគ្នា។
លោករដ្ឋមន្ត្រី Pompeo បានថ្លែងថា៖ «ចូរប្រើប្រាស់សេរីភាពដើម្បីការពារសាលារៀនរបស់យើង។ នេះ គឺជាគោលបំណងដែលស្ថាប័នអប់រំទាំងនេះ ត្រូវបានបង្កើតឡើង។ វានឹងជួយការពារសន្តិសុខជាតិរបស់យើងពីការគំរាមកំហែងដូចពេលឥឡូវនេះដោយបក្សកុម្មុយនីស្តចិន៕