តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍នៅក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងនិងជប៉ុនថា៖ «ជាច្រើនទសវត្សរ៍មកហើយ សម្ពន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុននិងសាធារណរដ្ឋកូរ៉េស្ថិតក្នុងចំណោមសម្ពន្ធភាពសំខាន់ៗរបស់យើងមិនមែនតែក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប៉ុណ្ណោះទេតែនៅក្នុងទូទាំងពិភពលោកផងដែរ»។
នៅពេលមានការគំរាមកំហែងនិងឱកាសសម្រាប់ការបង្កើតវិធីថ្មីៗ កិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េជប៉ុននិងសហរដ្ឋអាមេរិកមានសារៈសំខាន់ក្នុងការបង្កើតយុទ្ធសាស្ត្រមួយសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ នេះមានរួមបញ្ចូលកិច្ចប្រឹងប្រែងដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ១៩និងដោះស្រាយបញ្ហាធាតុអាកាសប្រែប្រួលនិងពង្រឹងសន្តិសុខសេដ្ឋកិច្ច។ លោករដ្ឋមន្ត្រីការបរទេស Blinken បាននិយាយថា ជាពិសេសតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហតម្រូវឱ្យមាន«ការការពារនិងការពង្រឹងសង្វាក់ផ្គត់ផ្គង់របស់យើងដែលមានផលប៉ះពាល់ដោយសារការរាតត្បាតជំងឺ ដែលរួមមានបន្ទះអេតិកត្រូនិកនិងខនិជសំខាន់ៗដែលនឹងធ្វើឱ្យយើងពឹងពាក់តិចជាងមុនលើប្រទេសផ្គត់ផ្គង់ដែលរំលោភលើសិទ្ធិមនុស្សឬបំពានលើស្តង់ដាបរិស្ថាន»។
លោកបានថ្លែងថាយុទ្ធសាស្ត្រទាំងនេះអាចធ្វើឱ្យសម្រចបានជាមួយប្រទេសបីដែលមានសេដ្ឋកិច្ចលូតលាស់ប្រសើរជាងជាមួយប្រទេសពីរឬតែមួយ។
សន្តិសុខសេដ្ឋកិច្ចរបស់យើងក៏អាស្រ័យលើការធ្វើតាមបទបញ្ញត្តិដែលនាំឱ្យមានសន្តិសុខសម្រាប់ប្រជារាស្ត្រយើងនិងភាពសំបូររុងរឿងក្នុងតំបន់និងនៅទូទាំងពិភពលោកច្រើនតសវត្សរ៍មកហើយ។ នេះមានរួមបញ្ចូលការធ្វើឱ្យប្រាកដថាក្រុមកម្មករនិងវិស័យជំនួញរបស់យើងអាចប្រកួតដោយយុត្តិធម៌និងតាមលក្ខខណ្ឌដូចគ្នានិងការពារសេរីភាពខាងនាវាចរណ៍និងខាងការហោះហើរលើតំបន់នានាមានរួមទាំងសមុទ្រចិនខាងត្បូងនិងសមុទ្រខាងកើតផងដែរ»។
តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហក៏តម្រូវឱ្យមានការធ្វើការជាមួយគ្នាដើម្បីចាត់ចែងស្តង់ដាសម្រាប់បច្ចេកវិទ្យាថ្មីៗដែលជំរុញផ្នែកធំៗនៃសេដ្ឋកិច្ចនិងទិដ្ឋភាពទាំងអស់នៃជីវភាពប្រជារាស្ត្រ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថាសហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុនក៏បានពិភាក្សាគ្នាដែរអំពីធ្វើបែបណាជំរុញឱ្យទៅមុខគោលដៅរួមនៃការធ្វើកុំឱ្យឧបទ្វីបកូរ៉េមានអាវុធនុយក្លេអ៊ែរនិងធ្វើឱ្យមានសន្តិភាពស្ថិតថេរនៅទីនោះ។
លោកថ្លែងថា៖ «យើងថ្កោលទោសការបាញ់បង្ហោះមីស៊ីលផ្លោងរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េកាលពីពេលថ្មីៗនេះនិងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ប្រទេសនេះដែលជាការរំលោភច្បាស់លាស់លើសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ ហើយយើងបន្តធ្វើការដើម្បីស្វែងរកវិធីធ្វើឱ្យកូរ៉េខាងជើងទទួលខុសត្រូវ ដូចដែលយើងបានធ្វើដោយដាក់ទណ្ឌកម្មលើបុគ្គល៨នាក់មានទាក់ទិននឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ»។
សហរដ្ឋអាមេរិកនៅតែបើកចំហដើម្បីធ្វើការសន្ទនាគ្នាដោយគ្មានលក្ខខ័ណ្ឌប្រសិនបើរដ្ឋាភិបាលក្រុងព្យុងយ៉ាងជ្រើសរើសយកផ្លូវនេះ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថាទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុននឹងនៅតែជា៖ «ការប្តេជ្ញាគ្មានងាករេរបស់ប្រទេសអាមេរិកដល់ការការពារសម្ពន្ធមិត្តទាំងពីររបស់យើង នៅក្នុងចំណងទាក់ទងខាងសេដ្ឋកិច្ចនិងខាងពាណិជ្ជកម្មជិតស្និទ្ធរបស់យើងនិងក្នុងការពង្រឹងចំណងទាក់ទងគ្នារវាងប្រជារាស្ត្ររបស់យើង»៕