Accessibility links

Breaking News

បទវិចារណកថា៖ ក្រុមមេដឹកនាំបក្សប្រឆាំងនៅបេឡារុសត្រូវបានចាប់ពង្រត់


រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​គណបក្សប្រឆាំងចូលរួមការដើរហែក្បួនមួយប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិសលើក្រុមបាតុករដែលប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅទីក្រុង Mink ប្រទេសបេឡារុស កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​គណបក្សប្រឆាំងចូលរួមការដើរហែក្បួនមួយប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិសលើក្រុមបាតុករដែលប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅទីក្រុង Mink ប្រទេសបេឡារុស កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ភាព​វឹកវរនយោបាយ​នៅតែ​បន្ត​នៅ​ក្នុង​ប្រទេស​បេឡារុស​ ដែល​កើតឡើង​ចាប់​តាំង​ពី​មេ​ដឹកនាំ​ផ្តាច់ការ​លោក​ Alexander Lukashenka បាន​ជាប់ឆ្នោត​ឡើងវិញ​ក្នុង​ការបោះឆ្នោត​ ដែល​មាន​ការលួច​បន្លំ កាលពី​ថ្ងៃទី​៩ ខែ​សីហា​នោះ។

សមាជិក​នៃ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​បេឡារុស បាន​បង្កើត​ក្រុមប្រឹក្សា​សម្របសម្រួល​ជាតិ​មួយ ហៅ​កាត់​ថា NCC ដើម្បី​ចរចា​ជាមួយ​អាជ្ញាធរ​បេឡារុស​អំពី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ និង​ការ​ផ្ទេរ​អំណាច។ របប​គ្រប់គ្រង​របស់​លោក Lukashenka មិន​បាន​ចូលរួម​ក្នុង​គោល​បំណងសុឆន្ទៈ​ទេ។ ផ្ទុយ​ទៅ​វិញ​របប​នេះ បែរ​ជា​បាន​ចាប់​ផ្តើមធ្វើការ​ស៊ើប​អង្កេត​ដែល​ជំរុញ​ដោយ​រឿង​នយោបាយ ទៅ​លើក្រុម​ប្រឹក្សា​សម្របសម្រួលជាតិ​ទៅ​វិញ ហើយ​បាន​ឃាត់​ខ្លួន និង​ឃុំខ្លួន​សមាជិក​នៃក្រុម​ប្រឹក្សា​នេះ ហើយ​បង្ខំ​ឲ្យ​ពួកគេនិរទេស​ខ្លួន​ចេញ​ពី​ប្រទេស។

សហរដ្ឋ​អាមេរិក​ពិត​ជា​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការចាប់ពង្រត់​និង​ចាប់​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​សម្រប​សម្រួល​ជាតិលោកស្រី Mariya Kalesnikavaកាលពី​ថ្ងៃទី​៧​ខែ​កញ្ញា នៅ​ក្នុង​ទីក្រុង Minsk និង​ការបណ្តេញអ្នក​នាំ​ពាក្យ​លោក Anton Rodnenkou និង​លេខាធិការ​លោក Ivan Krautsou ឲ្យ​ចេញ​ពី​ប្រទេស​ដោយ​បង្ខំ​កាល​ពី​ថ្ងៃ​ទី​៨​ខែកញ្ញា​នោះ។ មួយ​ថ្ងៃ​បន្ទាប់​មក​ លោក Maxim Znak ដែល​ជា​សមាជិក​ម្នាក់​នៃក្រុម​ប្រឹក្សា​សម្រប​សម្រួល​ជាតិ​ដែរនោះ ត្រូវ​បាន​ឃាត់​ខ្លួន​ដែរ។

សហរដ្ឋ​អាមេរិក​កោត​សរសើរ​ចំពោះសេចក្តី​ក្លាហាន​របស់​លោកស្រី Kalesnikava និង​ពលរដ្ឋ​បេឡារុស ក្នុង​ការ​ទាមទារ​សិទ្ធិ​របស់​ខ្លួន ដើម្បី​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។ ក្រុម​អ្នក​តវ៉ា​បាន​ជួប​ប្រទះ​នឹង​អំពើ​ហិង្សា និង​ការ​គាប​សង្កត់​ពី​សំណាក់​អាជ្ញាធររដ្ឋាភិបាល ដែល​រួម​មាន​ការ​វាយ​ដំ​ដោយ​ឥត​រួញរា​កណ្តាល​ថ្ងៃ​និង​ការ​ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់ ព្រម​ទាំង​ការ​កើនឡើង​នៃ​សេចក្តី​រាយការណ៍​អំពី​ការ​ចាប់​ពង្រត់ផងដែរ។

ចាប់​តាំង​ពី​ថ្ងៃ​ទី១​ខែ​កញ្ញា​មក និស្សិត​សាកល​វិទ្យាល័យ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ក្នុង​ការ​បង្ក្រាប​យ៉ាង​ហិង្សា ដែល​ដឹកនាំ​ដោយ​ពួក​កង​កម្លាំង​សន្តិសុខ​ស្លៀក​ពាក់​ខ្មៅ និង​បិទ​មុខជិត​ឃើញ​តែ​ភ្នែក។ និស្សិត​មួយ​ចំនួន​ត្រូវ​គេ​ចាប់​នៅ​កណ្តាល​ផ្លូវ ហើយ​បោះ​ចូល​ក្នុង​រថយន្ត​ដែល​គ្មាន​អត្តសញ្ញាណ។

សហរដ្ឋ​អាមេរិក ដោយ​មាន​ការ​សម្រប​សម្រួល​ជាមួយ​ដៃគូ និង​សម្ពន្ធ័មិត្ត កំពុង​ពិចារណា​អំពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចផ្សេង​ទៀត​ជា​បន្ថែម ដើម្បី​លើកកម្ពស់​ដល់​ការ​តម្រូវ​ឲ្យ​ពួក​អ្នក​ដែល​បាន​ពាក់​ព័ន្ធ​ក្នុង​ការ​រំលោភបំពាន​លើ​សិទ្ធិមនុស្ស​និង​ការ​គាប​សង្កត់​ក្នុង​ប្រទេស​បេឡារុស មាន​ការ​ទទួល​ខុសត្រូវ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​Mike Pompeo បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ថា៖ «យើង​រំឭក​អាជ្ញាធរ​បេឡារុស អំពី​ការទទួល​ខុសត្រូវ​របស់​ពួកគេ ដើម្បី​ធានា​សុវត្ថិភាពដល់លោកស្រី Kalesnikava និង​អ្នក​ឯ​ទៀត​ទាំង​អស់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាង​អយុត្តិធម៌»។​

«យើងអំពាវនាវ​ឲ្យអាជ្ញាធរ​បេឡារុស បញ្ចប់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ពលរដ្ឋ​របស់​ខ្លួន ដោះលែង​មនុស្ស​ទាំងអស់ដែលត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌ ដែល​ក្នុង​នោះ​មាន​រួម​ទាំងពលរដ្ឋអាមេរិកាំង​ម្នាក់​ឈ្មោះ Vitali Shkliarov ហើយ​ចូល​រួម​ក្នុង​ការសន្ទនា​ដែល​មានអត្ថន័យ ជាមួយ​ក្រុម​អ្នក​តំណាងពិត​ប្រាកដ​របស់សហគមន៍​បេឡារុស‍»៕

XS
SM
MD
LG