តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
គំនិតផ្ដួចផ្ដើមសមុទ្របី (Three Seas Initiative) មានរួមបញ្ចូលប្រទេសប្រជាធិបតេយ្យចំនួន ១២ រដ្ឋសមាជិកសហភាពអឺរ៉ុបដែលឋិតនៅចន្លោះសមុទ្រ Baltic សមុទ្រខ្មៅ និងសមុទ្រ Adriatic។ គំនិតផ្ដួចផ្ដើមនេះ មានគោលដៅឧបត្ថម្ភផ្ចុងផ្តើមដល់ការវិនិយោគថ្មីៗខាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការភា្ជប់ទំនាក់ទំនងគ្នារវាងប្រទេសនៅប៉ែកខាងជើងនិងប្រទេសនៅប៉ែកខាងត្បូង ការលូតលាស់សេដ្ឋកិច្ច និងសន្តិសុខថាមពល សម្រាប់ប្រឆាំងនឹងឥទ្ធិពលអាក្រក់របស់របបគ្រប់គ្រងផ្តាច់ការ ដូចជាប្រទេសរុស្ស៊ី និងប្រទេសចិនជាដើម។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានថ្លែងសុន្ទរកថាទៅកាន់សន្និសីទកំពូលសមុទ្របីដោយលោកបានសុំដល់រដ្ឋជាសមាជិកឱ្យក្តាប់យក«ឱកាសនៅចំពោះមុខយើងដើម្បីកែលម្អជីវភាពប្រជារាស្ត្រយើង»។
លោក Pompeo បាននិយាយថា៖ «យើងមានឱកាសមួយដើម្បីចាប់ផ្តើមធ្វើឱ្យមានការលូតលាស់ និងទាក់ទាញការបណ្តាក់ទុនក្នុងវិស័យឯកជននៅពេលនេះ ខណៈធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពប្រជារាស្ត្រសម្រាប់រយៈពេលយូរ។ យើងក៏មានឱកាសមួយដើម្បីភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់យើង និងផ្សារថាមពលជាមួយគ្នាក្នុងវិធីដែលនឹងបង្កើតឱ្យមានសន្តិសុខសេដ្ឋកិច្ចសម្រាប់ជំនាន់មនុស្សក្រោយៗទៀតផងដែរ»។
លោករដ្ឋមន្ត្រី Pompeo បានមានប្រសាសន៍ថា គំនិតផ្ដួចផ្ដើមសមុទ្របីដែលមានប្រាក់កាសគ្រប់គ្រាន់ និងផ្ដោតលើសកម្មភាពជាក់ស្ដែង នឹងជួយឱ្យសម្រេចគោលដៅរួមគ្នាទាំងនេះ។ ក៏ប៉ុន្តែលោកបានព្រមានថា៖ «ពួកអ្នកកាន់អំណាចផ្តាច់ការនៅក្រុងមូស្គូនិងក្រុងប៉េកាំងកំពុងធ្វើឱ្យមានកិច្ចព្រមព្រៀងខាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱ្យមានឥទ្ធិពលខាងយុទ្ធសាស្ត្រ និងខាងនយោបាយលើពួកប្រជារាស្ត្រសេរី។ យើងបានឃើញរឿងនេះកើតឡើងលើ Nord Stream 2។ យើងបានឃើញផលប៉ះពាល់នៃកិច្ចព្រមព្រៀងខាងហេដ្ឋារចនាសម្ព័ន្ធរបស់ចិននៅជុំវិញពិភពលោក ចាប់តាំងពីប្រទេសលាវដល់ប្រទេស Montenegro និងប្រទេសប៉ាគីស្ថាន។
សហរដ្ឋអាមេរិក មិនចង់ឃើញពួកមហាអំណាចផ្តាច់ការធ្វើឱ្យខូចថែមទៀតដល់អធិបតេយ្យភាព ឬសេរីភាពនៃប្រទេសជាតិសេរីទេ។ ជាការពិត សហរដ្ឋអាមេរិកបានបង្ហាញការប្តេជ្ញានេះ ដោយប្រកាសថា ខ្លួននឹងវិនិយោគរហូតដល់ ១ ពាន់លានដុល្លារនៅក្នុងគម្រោងការហេដ្ឋារចនាសម្ព័ន្ធសមុទ្របី។
លោករដ្ឋមន្ត្រី Pompeo បានសុំដល់រដ្ឋជាសមាជិកនៃគំនិតផ្ដួចផ្ដើមសមុទ្របី ដែលមិនទាន់បានបណ្តាក់ទុននៅក្នុងមូលនិធិនេះឱ្យធ្វើវិនិយោគនៅពេលនេះ និងដល់រដ្ឋជាសមាជិកឯទៀតៗឱ្យធ្វើវិនិយោគបន្ថែមទៀត។
ជំហានបន្ទាប់ គឺបង្កើនវិស័យឯកជន។ លោករដ្ឋមន្ត្រី Pompeo បានមានប្រសាសន៍ថាដើម្បីធ្វើដូច្នេះបាន ត្រូវតែមានស្ថានភាពមួយដែលប្រទេសជាសមាជិកមានឱកាសស្មើៗគ្នា និងប្រកបដោយយុត្តិធម៌ក្នុងការធ្វើឱ្យមានជោគជ័យ។ លោកបាននិយាយថា៖ «ជាការមានសារៈសំខាន់ណាស់ ដែលគោលនយោបាយជាតិត្រូវមានការទាក់ទាញ មិនត្រូវអនុគ្រោះដល់សហគ្រាសរដ្ឋ ឬដាក់នយោបាយឱ្យរារាំងវិនិយោគរបស់ពួកគេទេ»។
កង្វល់មួយទៀត គឺសន្តិសុខ។ លោករដ្ឋមន្ត្រី Pompeo បានព្រមានថា៖ «គណបក្សកុម្មុយនីស្តចិនកំពុងរង់ចាំលួចទិន្នន័យរបស់លោកអ្នក»។ ក្រុមហ៊ុនផ្គត់ផ្គង់
សម្ភារៈដែលមិនគួរឲ្យជឿទុកចិត្តបាន មិនគួរត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងប្រព័ន្ធទូរគមនាគមន៍ ថាមពល និងដឹកជញ្ជូនទេ។
លោករដ្ឋមន្ត្រី Pompeo បានថ្លែងថា ការធ្វើសកម្មភាពទៅតាមការសន្យាមានសារៈសំខាន់ណាស់។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសុំដល់លោកអ្នកឱ្យចាត់វិធានការដំបូងលើគម្រោងការឆ្លងកាត់ប្រទេសពីគំនិតដំបូងទៅកាន់ដំណាក់កាលចាប់ផ្តើមធ្វើគម្រោងការឱ្យបានឆាប់រហ័ស»។
លោករដ្ឋមន្ត្រី Pompeo បានមានប្រសាសន៍ថា៖ «នៅពេលលោកអ្នកជំរុញទៅមុខ លោកអ្នកនឹងដឹងថា លោកអ្នកមិនមែននៅតែឯកឯងទេ។ យើងឈរជាមួយមិត្តអឺរ៉ុបរបស់យើងនៅលើចំណងទាក់ទងគ្នាដែលមានអនុភាពនៃសេរីភាព និងប្រជាធិបតេយ្យដែលជាគ្រឹះនៃមិត្តភាពនៅពេលនេះ និងសម្រាប់រយៈពេលយូរតទៅទៀត»៕