តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសកាលពីពាក់កណ្ដាលខែមីនាថា ខ្លួននឹងផ្ដល់ជំនួយមនុស្សធម៌ជិត ១០៤ លានដុល្លារ ដើម្បីជួយសម្រាលវិបត្តិដែលកំពុងកើតឡើងជាបន្តនៅភាគឦសានប្រទេសនីហ្សេរីយ៉ា។
ករណីនេះធ្វើឲ្យជំនួយមនុស្សធម៌សរុបរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសនីហ្សេរីយ៉ានៅក្នុងឆ្នាំសារពើពន្ធ ២០២០ និង ២០២១ មានចំនួនរហូតទៅដល់ជាង ៥០៥ លានដុល្លារ។
សហរដ្ឋអាមេរិកតាំងចិត្តជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះ ហើយនឹងបន្តផ្ដល់ការគាំទ្រដ៏សំខាន់ដល់ប្រជាពលរដ្ឋនីហ្សេរីយ៉ា។ សហរដ្ឋអាមេរិកក៏ស្វាគមន៍ផងដែរនូវការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួន និងប្រទេសម្ចាស់ជំនួយផ្សេងទៀត ដើម្បីជួយផ្ដល់ជំនួយសង្គ្រោះជីវិតដល់ពលរដ្ឋនីហ្សេរីយ៉ាដែលងាយរងគ្រោះ និងសហគមន៍ដែលផ្ដល់កន្លែងស្នាក់នៅដល់ពួកគេ។
អស់រយៈពេលជិតមួយទសវត្សរ៍មកហើយ រដ្ឋ Adamawa រដ្ឋ Borno និងរដ្ឋ Yobe នៃប្រទេសនីហ្សេរីយ៉ា បានរងការវាយប្រហារជាញឹកញាប់ម្ដងហើយម្ដងទៀតពីក្រុមបូកូហារ៉ាំ (Boko Haram) និងក្រុមភេរវជនអាយស៊ីសអាហ្វ្រិកខាងលិច (ISIS-West Africa)។ តំបន់ទាំងនេះភាគច្រើនគឺជាតំបន់ដាច់ស្រយាល ដែលប្រជាពលរដ្ឋចិញ្ចឹមជីវិតតាមរយៈការដាំដុះ។
អំពើហិង្សាដែលកើតឡើងជាញឹកញាប់បានបង្អាក់ដល់ការងារស្រែចម្ការ ដែលធ្វើឲ្យមានបញ្ហាអសន្តិសុខស្បៀងអាហារធំធេងតាំងពីឆ្នាំ ២០១៣ មក។ ពលរដ្ឋជិត ២ លាន ៣ សែននាក់ បានខ្ចាត់ព្រាត់ពីផ្ទះសម្បែងដោយសារអំពើហិង្សានិងភាពអត់ឃ្លាន។ ទោះបីជាអ្នកខ្លះបានរត់ទៅជ្រកកោននៅតាមប្រទេសជិតខាងក៏ដោយ ក៏ភាគច្រើននៃអ្នកខ្ចាត់ព្រាត់ទាំងនេះរស់នៅតាមជំរំ និងសហគមន៍នានាដែលទទួលពួកគេឲ្យស្នាក់នៅនៅតំបន់ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។
សព្វថ្ងៃនេះ អង្គការសហប្រជាជាតិបានប្រមើលមើលថា មនុស្ស ៨ លាន ៧ សែននាក់នៅទូទាំងរដ្ឋ Adamawa រដ្ឋ Borno និងរដ្ឋ Yobe នឹងត្រូវការជំនួយមនុស្សធម៌នៅក្នុងឆ្នាំ ២០២១ នេះ ដោយក្នុងនោះ មនុស្ស ៦ លាន ៤ សែននាក់ត្រូវការជំនួយសង្គ្រោះជីវិតបន្ទាន់។
ការវាយប្រហារពីក្រុមប្រដាប់អាវុធនានាបានបង្អាក់ដល់លទ្ធភាពបញ្ជូនជំនួយមនុស្សធម៌ចូលទៅកាន់តំបន់រងគ្រោះ ដោយធ្វើឲ្យស្ថានការណ៍ដែលធ្ងន់ធ្ងរស្រាប់រួចទៅហើយកាន់តែយ៉ាប់យ៉ឺនជាងមុនបន្ថែមទៀត។
កាលពីខែកុម្ភៈនិងខែមីនា ក្រុមភេរវជនបានធ្វើការវាយប្រហារមួយចំនួនលើទីតាំងរបស់រដ្ឋាភិបាល ជំរំស្នាក់នៅរបស់ជនខ្ចាត់ព្រាត់ និងទីតាំងជំនួយមនុស្សធម៌នានា ដោយបានបណ្ដាលឲ្យប្រជាពលរដ្ឋបន្ថែមទៀតខ្ចាត់ព្រាត់ពីផ្ទះសម្បែង និងរឹតតែបង្អាក់ដល់ប្រតិបត្តិការជំនួយមនុស្សធម៌។
ទោះជាយ៉ាងណាក៏ដោយ ក៏សហរដ្ឋអាមេរិកនិងដៃគូរបស់ខ្លួននៅបន្តបញ្ជូនជំនួយដ៏សំខាន់ទៅកាន់តំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ា។ ជំនួយមនុស្សធម៌ជិត ១០៤ លានដុល្លារ ដែលបានប្រកាសកាលពីខែមីនានឹងជួយផ្ដល់នូវសេចក្ដីត្រូវការចាំបាច់នានាដូចជាម្ហូបអាហារ អាហាររូបត្ថម្ភ ទឹក ការផ្គត់ផ្គង់ខាងសុខភាព និងទីជម្រកជាដើម។
ថវិកាទាំងនេះក៏នឹងផ្ដល់សម្រាប់ការកែលម្អអនាម័យ ការការពារអ្នកដែលងាយរងគ្រោះបំផុត និងកម្មវិធីសម្របសម្រួលមនុស្សធម៌សម្រាប់សហគមន៍នានាដែលត្រូវការជំនួយជាបន្ទាន់ផងដែរ។
សហរដ្ឋអាមេរិកប្ដេជ្ញាជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះនេះ ហើយនឹងបន្តផ្ដល់ការគាំទ្រចាំបាច់ដល់ប្រជាពលរដ្ឋនីហ្សេរីយ៉ា៕