Accessibility links

Breaking News

បទវិចារណកថា៖ ត្រូវតែ​ប្រឆាំង​ក្រុមរដ្ឋឥស្លាម​នៅ​អាហ្វ្រិក​ខាងលិច


រូបឯកសារ៖ លោក​ Nathan Sales ​ប្រេសិត​ពិសេស​របស់​អាមេរិក​ប្រចាំ​សម្ព័ន្ធ​សកល​ដើម្បី​កម្ចាត់​ពួក​​រដ្ឋឥស្លាម (ISIS)។ ​
រូបឯកសារ៖ លោក​ Nathan Sales ​ប្រេសិត​ពិសេស​របស់​អាមេរិក​ប្រចាំ​សម្ព័ន្ធ​សកល​ដើម្បី​កម្ចាត់​ពួក​​រដ្ឋឥស្លាម (ISIS)។ ​

តទៅនេះ គឺជា​បទវិចារណកថា​ដែលឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក

ខណៈពេល​ដែល​ពួក​រដ្ឋឥស្លាម ​(ISIS)​ ដែល​ហៅ​ថា ​ពួក​កាលីហ្វាត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី​ ត្រូវ​បាន​បង្ក្រាប​ហើយ​នោះ​ សហ​រដ្ឋ​អាមេរិក​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​ពួក​រដ្ឋឥស្លាម​ និង​បណ្តា​សាខាក្រុម​នេះ​ នៅ​តំបន់​ផ្សេង​ទៀត។​

នៅ​ថ្ងៃទី​១០​ ខែ​វិច្ឆិកា​ សហរដ្ឋ​អាមេរិក​និង​ប្រទេស​នីហ្សេរីយ៉ា​ បាន​កោះ​ប្រជុំ​អនឡាញ​ជាមួយ​សមាជិក​នៃ​សម្ព័ន្ធ​សកល​ដើម្បី​កម្ចាត់​ពួករដ្ឋឥស្លាម​ដោយមាន​តំណាង​នៃ​បណ្តា​រដ្ឋ​នៅ​អាហ្វ្រិក​ខាងលិច​ និង​អង្គការ​ក្នុង​តំបន់​ពាក់ព័ន្ធ​ដើម្បី​ពិភាក្សា​អំពី​ការ​គំរាម​កំហែង​របស់​ពួក​រដ្ឋ​ឥស្លាម។

លោក​ Nathan Sales ​ប្រេសិត​ពិសេស​របស់​អាមេរិក​ប្រចាំ​សម្ព័ន្ធ​ភាពនេះ​ បាន​ថ្លែងថា ​ការ​ប្រជុំ​នេះ​ តំណាង​ឱ្យ​ការ​បង្វែរ​ទិសដៅដ៏​សំខាន់​មួយ​របស់សម្ព័ន្ធ​ភាព​នេះ​ទៅកាន់​សមរភូមិ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ការ​ប្រយុទ្ធ​នេះ។​ លោក​ប្រេសិត​ពិសេស​ Nathan Sales និយាយ​ថា៖ ​

«ខណៈយើង​ត្រូវ​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ការពារ​កុំ​ឲ្យ​មានការ​លេច​ចេញ​ជាថ្មី​នៃ​ក្រុម​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរីដែល​ជាសមរភូមិ​ស្នូល​នោះ​ យើង​ក៏ត្រូវ​តែ​ផ្តោត​លើ​គោល​ដៅ​របស់​ពួក​រដ្ឋ​ឥស្លាម​ប្រើប្រាស់សាខា​និង​បណ្តាញ​នៅ​ខាង​ក្រៅ​សមរភូមិ​ស្នូល​នេះ ​ធ្វើ​ជា​វេទិកា​សម្រាប​ពួក​នេះ​បន្ត​ការ​ប្រយុទ្ធ​ផងដែរ»។

លោក​ប្រេសិត​ Sales ​ថ្លែង​ថា​ «គ្មាន​កន្លែង​ណា​ដែល​និន្នាការ​នេះ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដូច​នៅ​អាហ្វ្រិក​ទេ។​ ប្រសិន​បើ​យើង​ប្តេជ្ញាបង្ក្រាប​ពួក​រដ្ឋ​ឥស្លាម​បរាជ័យ​ក្នុង​សកលលោក​ដូច​ដែល​យើង​កំពុង​ធ្វើ​នោះ ​យើង​ត្រូវតែ​ប្រឆាំង​នឹង​ពួក​នេះ​នៅ​ទ្វីប​អាហ្រ្វិក​និង​ជាពិសេស​នៅ​អាហ្វ្រិក​ខាង​លិច។​

លោក​ប្រេសិត​ពិសេស Sales បាន​ចង្អុល​បង្ហាញ​ថា ការ​វាយ​ប្រហារ​នៅ​អាហ្រ្វិក​ខាង​លិច​ដោយ​ក្រុម​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ពួក​រដ្ឋ​ឥស្លាម​នោះ​ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ទាំង​បរិមាណ ​និង​គ្រោះថ្នាក់​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។​

ប៉ុន្តែ​លោក​បាន​ថ្លែងថា​ ដំណឹង​ល្អ​គឺ​ថា ​សម្ព័ន្ធ​ភាព​ពិភព​លោក​ «បាន​បង្ហាញ​ថា ​ខ្លួន​អាច​សម្រប​សម្រួល​ និង​មាន​សមត្ថភាព​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​កំហែង​ដែល​កំពុង​តែ​ប្រែប្រួលនេះ»។​

ខណៈពេល​លោក​បាន​កត់​សម្គាល់​ថា​ រាល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​លើ​ទឹកដី​ពួក​នេះ​ផ្ទាល់​នោះ សម្ព័ន្ធភាព​បាន​បង្កើត​«វប្បធម៌​នៃ​ការ​សម្រប​សម្រួល​គ្នា​តាម​រយៈ​ការ​ប្រឹងប្រែង​របស់​បណ្តាញ​ស៊ីវិល​និង​យោធា​ និង​គំនិត​ផ្តួច​ផ្តើម​ទ្វេភាគី​និង​ពហុភាគី» ដែលអាច​បំពេញ​បន្ថែម​ដល់​គំនិត​ផ្តួច​ផ្តើម​ប្រឆាំង​ភេរវកម្ម​ដទៃ​ទៀត​នៅ​ក្នុង​តំបន់។​

លោក​ប្រេសិត​ពិសេស ​Sales ​បាន​សង្កត់​ធ្ងន់​ថា ​«ទោះ​ជា​សម្ព័ន្ធភាព​ពិភពលោក​សម្រេច​ចិត្ត​ចូលរួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ធ្វើ​ឲ្យ​ពួករដ្ឋ​ឥស្លាម​អន្តរាយតាមវិធី​ណា​ក៏ដោយ រឿង​សំខាន់ គឺ​ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គោរព​របស់​កងកម្លាំង​សន្តិសុខ​ចំពោះ​សិទ្ធិ​មនុស្ស​ដែល​ជាផ្នែក​សំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង…»។ ​លោក​កត់​សម្គាល់​ថា​ «ការ​រំលោភ​សិទ្ធិ​មនុស្សដោយ​កង​កម្លាំង​សន្តិសុខ​ រួម​ចំណែក​ដល់​សមត្ថភាព​របស់​ភេរវករ​ដើម្បី​ធ្វើ​សកម្មភាព​ជ្រុល​និយម ប្រមូល​កម្លាំង​ និង​ធ្វើ​ឱ្យខូច​ដល់​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល»។​

ចាប់តាំង​ពី​ឆ្នាំ​២០១៧​មក​ ពលរដ្ឋ​អាមេរិកាំង​ បាន​វិនិយោគ​ប្រាក់​ជាង​១១៤​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ផ្តល់​ជំនួយ​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​តំបន់​កាន់​តែ​ធំ​ដែល​រួមបញ្ចូល​តំបន់​សហប្រតិបត្តិការ​ឈ្មោះ​ G5 Sahel​ និង​តំបន់​អាង​បឹង ​Chad។​ លោក​ប្រេសិត​ពិសេស​ បាន​គូស​បញ្ជាក់​អំពី​ផែនការ​របស់​សហ​រដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​វិភាគ​ទាន​ជាង​៣០​ លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ។​ លោក​បាន​សង្កត់​ធ្ងន់​ថា​ ការ​ប្រយុទ្ធ​រួមគ្នា​របស់​យើង​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​របស់​ពួក​រដ្ឋឥស្លាម​នៅ​អាហ្វ្រិក​ខាងលិច ​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​មួយ​ដែល​សហ​រដ្ឋ​អាមេរិក​ ប្តេជ្ញា​គាំទ្រ៕

XS
SM
MD
LG