Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ២០២១


រូបឯកសារ៖ កាំជ្រួច​ដែល​គេ​បាញ់​ពីលើ​វិមាន​បូជនីយដ្ឋាន​អតីត​ប្រធានាធិបតី Lincoln ក្នុង​អំឡុង​ពេល​នៃ​ការប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី៤ ខែកក្កដា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ កាំជ្រួច​ដែល​គេ​បាញ់​ពីលើ​វិមាន​បូជនីយដ្ឋាន​អតីត​ប្រធានាធិបតី Lincoln ក្នុង​អំឡុង​ពេល​នៃ​ការប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី៤ ខែកក្កដា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​និង​ស្ថាប័ន​អាមេរិក

នៅ​ថ្ងៃទី​៤ ​ខែ​កក្កដា ​ឆ្នាំ២០២១នេះ សហរដ្ឋ​អាមេរិក ​ប្រារព្ធខួប​កំណើតទី២៤៥ ​របស់​ខ្លួន។ នេះ ជា​ការរំឭក​ដល់​ថ្ងៃ​នោះ​ នៅ​ឆ្នាំ១៧៧៦ ដែលពួក​អ្នក​តំណាង​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស​ចំនួន​១៣ ​បាន​ចុះហត្ថលេខា​លើសេចក្តី​ប្រកាស​ឯករាជ្យដែល​ជា​ការបំបែក​ខ្លួនចេញ​ពី​ចក្រភព​អង់គ្លេស។

សេចក្តី​សម្រេច​ផ្តាច់​ចំណង​ទាក់ទងជាមួយ​រាជានិយមអង់គ្លេសដែល​មានរយៈពេល​ច្រើន​ឆ្នាំហើយ គឺបណ្តាល​មក​ពីបុព្វហេតុ​ពីរ​ហាក់ដូចជា​មិនទាក់ទិន​គ្នា​ទេ ​តែរុំព័ន្ធគ្នា។ បុព្វហេតុ​ទី​មួយ​ ​គឺការជំរុញក្នុង​រយៈពេល​យូរដោយ​រដ្ឋាភិបាល​អង់គ្លេសក្នុងការ​ដាក់​កំហិតការត្រួតត្រា​តឹងរ៉ឹង​ជាងមុនលើ​ដែនដី​អាណានិគម​ទាំង​នោះ។ បុព្វហេតុ​ទី​ពីរ គឺការយក​ពន្ធដារ​លើ​ក្រុម​និគមជន ជា​វិធី​មួយ​ដើម្បី​សម្រាលបំណុលច្រើន​របស់​រាជវង្ស​អង់គ្លេស។ បំណុល​ជាច្រើនក្នុង​បណ្តា​បំណុល​ទាំង​នោះ​មានឡើង​ដោយសារ​សង្គ្រាម​បារាំង ​និង​ក្រុម​ជនឥណ្ឌាម្ចាស់ស្រុក កាលពី​ឆ្នាំ១៧៥៤​ ដែល​ជា​ការបន្ត​សង្គ្រាម​ច្រើន​សតវត្សរ៍​របស់​អង់គ្លេស​ជាមួយ​បារាំង។​

ដោយចាប់ផ្តើម​ពី​ឆ្នាំ១៧៦៤ ​សភា​អង់គ្លេស បានចាប់ផ្តើមដាក់​កំហិត​ពន្ធដារមានគោលដៅ​ប្រមូល​ប្រាក់កា​សពី​ក្រុម​និគមជនសម្រាប់រាជវង្សអង់គ្លេស។​ ជាដំបូងមានការហូតពន្ធ​លើ​ស្ករ​ ហើយ​បន្ទាប់មក​ក៏​មាន​បញ្ជីវត្ថុ​ត្រូវ​ហូតពន្ធដោយមានរួ​ម​បញ្ចូល​កាសែត​ កែវ ​ឯកសារ​ច្បាប់ ​ថ្នាំ​លាប និង​តែ។ ការដក​ពន្ធថ្មីៗ មួយ​លើកៗ​ បាន​នាំ​ឱ្យ​មាន​បាតុកម្ម​មាន​ការរៀប​ចំ។

នៅពេល​ពន្ធដារបានក្លាយ​ជា​ការដាក់​ទណ្ឌកម្មក៏​មាន​បាតុកម្ម​ហិង្សាហើយ​ការតបតរបស់​រដ្ឋាភិបាល​ក៏​មាន​ការរឹតត្បិត​ជាង​មុន​ដែរ។ ស្ថានការណ៍​មាន​ភាពជូរ​ចត់​ជា​ពិសេស​ក្នុង​ក្រុង Boston។​ វិបត្តិចុងក្រោយបានកើត​មានឡើងកាលពី​ខែកុម្ភៈ ឆ្នាំ​១៧៧៥ នៅ​ពេល​សភា​អង់គ្លេសបិទ​កំពង់ផែ Boston។ អ្នកក្រុង​ Boston បាន​ប្រុងប្រៀប​ធ្វើ​សង្គ្រាម។ ទោះ​ជាសង្គ្រាម​បដិវត្តន៍អាមេរិកាំង​ បានចាប់ផ្តើម​ជា​ផ្លូវការនៅ​ថ្ងៃទី​៤ ខែកក្កដា ​ឆ្នាំ១៧៧៦​ ក៏​ដោយ ​ក៏​ការប្រយុទ្ធ​ទី​មួយ​មានឡើង​នៅ​ខាង​លិចក្រុង Boston ​កាលពី​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ​១៧៧៥។

នៅ​ក្រោយ​បដិវត្តន៍​ ពួក​មេដឹកនាំស.រ.អ. បាន​នឹក​ឃើញការរំលោភនៃ​ការគ្រប់គ្រងអង់គ្លេស។ ដោយមានឧត្តមគតិសេរីនិយម​ជា​ពុទ្ធិ ពួកគេបានត្រិះរិះពិចារណា​អំពីទំនាក់​ទំនង​រវាង​រដ្ឋាភិបាលនិងក្រុម​ជន​ត្រូវ​គ្រប់គ្រង។ រដ្ឋាភិបាលដឹកនាំ​ដោយវណ្ណៈ​គ្រប់គ្រងត​ពូជ ត្រូវ​បាន​ជំនួស​ដោយគោលការណ៍នៃ​អ្នកដឹកនាំ​អំណាចនីតិ​ប្រតិបត្តិនៅ​ថ្នាក់​ជាតិ និង​រដ្ឋ​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការបោះឆ្នោត។ ​ក្រុមពលរដ្ឋ​សាមញ្ញបំពេញ​មុខ​នាទី​សំខាន់ជាងមុន​ក្នុងអភិបាលកិច្ច​មូលដ្ឋាន​ និង​រដ្ឋ ហើយនៅ​ពេល​មនុស្សច្រើន​ជាងមុនមាន​សិទ្ធិបោះឆ្នោត​ ការចូលរួម​ខាង​នយោបាយ​ក៏​កើន​ច្រើនជាងមុន​ដែរ។ ក្នុង​ពេល​មួយ​ទសវត្សរ៍​ ​គំនិត​នេះ​ បានធ្វើ​ឱ្យមាន​ចលនា​សកម្ម​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ឯករាជ្យ​នៅទូទាំង​ពិភពលោក។

លោក​ Thomas Jefferson ​ដែលនៅពេល​ក្រោយមកបានក្លាយជា​ប្រធានាធិបតី​ទី​បី​របស់​ស.រ.អ.​ ​បាន​សរសេរ​ក្នុង​សេចក្តី​ប្រកាស​ឯករាជ្យដើម្បី​បញ្ជាក់​ថា ការសម្រេចរបស់​ដែនដី​អាណានិគម​អាមេរិកាំង​ក្នុង​ការបំបែ​ក​ខ្លួនចេញ​ពី​អង់គ្លេស ជា​ការត្រឹមត្រូវមាន​សេចក្តី​ថា «នៅ​ពេល​ការរំលោភ​និង​ការ​ដណ្តើម​យកអំណាច​ដ៏​យូរដើម្បីដាក់មនុស្សឱ្យ​ឋិត​នៅ​ក្រោមអំណាចផ្តាច់ការ​ ​មនុស្សមាន​សិទ្ធិ​និង​កាតព្វកិច្ចក្នុងការទម្លាក់រដ្ឋាភិបាលបែបនេះ»៕

XS
SM
MD
LG