Accessibility links

Breaking News

បទ​វិចារណកថា៖ ទិវា​ប្រធានាធិបតី​ឆ្នាំ ២០២២


រូបឯកសារ៖ ទេសចរ​ដើរ​កម្សាន្ដ​នៅ​ជុំវិញ​វិមាន​វ៉ាស៊ីនតោន កាល​ពី​ទិវា​ប្រធានាធិបតី​ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (AP Photo/J. David Ake)
រូបឯកសារ៖ ទេសចរ​ដើរ​កម្សាន្ដ​នៅ​ជុំវិញ​វិមាន​វ៉ាស៊ីនតោន កាល​ពី​ទិវា​ប្រធានាធិបតី​ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (AP Photo/J. David Ake)

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​និង​ស្ថាប័ន​សហរដ្ឋ​អាមេរិក

នៅ​រៀងរាល់​ថ្ងៃ​ចន្ទ​សប្ដាហ៍​ទី ៣ នៃ​ខែ​កុម្ភៈ សហរដ្ឋ​អាមេរិក​ប្រារព្ធ​ទិវា​ប្រធានាធិបតី។ កាលពី​ដំបូង ការ​ប្រារព្ធ​នេះ​មាន​គោល​បំណង​ផ្ដល់​កិត្តិយស​ដល់​លោក George Washington ដែល​ជា​ប្រធានាធិបតី​ដំបូង​បង្អស់​របស់​សហរដ្ឋ​អាមេរិក។

ចាប់ពី​ឆ្នាំ ១៨០០ មក គឺ​ក្នុង​ពេល​មួយ​ឆ្នាំ​ក្រោយ​មក បន្ទាប់ពី​លោក George Washington បាន​ទទួល​មរណភាព ថ្ងៃ​កំណើត​របស់​លោក ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ត្រូវ​បាន​ប្រារព្ធ​មិន​ផ្លូវការ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​ថ្មី ដែល​លោក​បាន​ជួយ​បង្កើត​ឡើង។

នៅ​ទីបំផុត ការ​ប្រារព្ធ​ផ្ដល់​កិត្តិយស​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ផងដែរ​សម្រាប់​លោក Abraham Lincoln ដែល​ជា​មេដឹកនាំ​អស្ចារ្យ​ម្នាក់ទៀត ដែល​ថ្ងៃ​កំណើត​របស់​លោក ថ្ងៃ​ទី ១២ ខែ​កុម្ភៈ គឺ​កៀក​នឹង​ថ្ងៃ​កំណើត​របស់​លោក George Washington ដែរ។

លោក​ប្រធានាធិបតី George Washington និង​លោក​ប្រធានាធិបតី Abraham Lincoln ស្ទើរតែ​ត្រូវបាន​ចាត់ទុក​ជា​ទូទៅ​ថា​ជា​មេដឹកនាំ​ល្អ​ជាង​គេ​បំផុត​ពីរ​រូប​នៅក្នុង​សហរដ្ឋ​អាមេរិក។ មូលហេតុ​គឺ​ដោយសារ​ស្ថានការណ៍​សំខាន់​នានា​ដែល​បាន​កើតឡើង​នៅ​ជុំវិញ​លោក​ទាំងពីរ និង​សេចក្ដី​សុចរិត​របស់​ប្រធានាធិបតី​ទាំងពីរ​រូប​នេះ ដែល​ធ្វើ​ឱ្យ​លោក​ទាំងពីរ​ឆ្លើយតប​ដោយ​ការ​សម្រេចចិត្ត​ពោរពេញ​ដោយ​ឥទ្ធិពល​ធំធេង ដែល​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ដើរ​លើ​មាគ៌ា​មួយ​ដែល​រីកចម្រើន​ខ្លាំងក្លា មាន​វិបុលភាព​និង​ប្រជាធិបតេយ្យ។

លោក George Washingtonគឺជា​បុគ្គល​ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅក្នុង​សម័យ​របស់​លោក។ លោក​គឺជា​ប្រធានាធិបតី​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ឯកច្ឆន្ទ ដោយ​គ្រប់​អ្នក​តំណាង​របស់​រដ្ឋ​ទាំងអស់​នៅក្នុង​សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​ឱ្យ​លោក។

នៅ​ពេល​ដែល​លោក Goerge Washington ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី នៅ​ពេល​នោះ​មិន​មាន​រដ្ឋាភិបាល​ឬ​ក៏​មេដឹកនាំ​ណា​ម្នាក់​ដែល​អាច​ធ្វើ​ជា​គំរូ​សម្រាប់​លោក និង​មិនមាន​ប្រទេស​ណា​មួយ​ផ្សេង​ទៀត​នៅលើ​ពិភពលោក​ដែល​មាន​ប្រជាធិបតេយ្យ​នោះទេ។ ប៉ុន្តែ លោក​បាន​ជួយ​តម្កល់​ទុក​នូវ​គោលការណ៍​ដែល​លោក​បាន​ជួយ​ប្រយុទ្ធ​នៅក្នុង​សង្គ្រាម ដែល​នោះ​គឺថា មនុស្ស​គ្រប់​រូប​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​មាន​សិទ្ធិ​ស្មើគ្នា។

លោក​គឺជា​កម្លាំង​ជំរុញ​ចម្បង​មួយ​នៅពី​ក្រោយ​ការ​បង្កើត​រដ្ឋធម្មនុញ្ញ ដែល​ជា​ឯកសារ​ចែង​អំពី​គោលការណ៍​និង​យន្តការ​នានា​សម្រាប់​បង្កើត​រដ្ឋាភិបាល និង​តម្កល់​សិទ្ធិ​របស់​ពលរដ្ឋ។

សកម្មភាព​ផ្ទាល់​របស់​លោក​បាន​បង្កើត​ជា​បទដ្ឋាន​សម្រាប់​ការ​អនុវត្ត​ផ្នែក​នយោបាយ​និង​យោធា ក៏​ដូចជា​គោល​នយោបាយ​សេដ្ឋកិច្ច​ផងដែរ។ លោក​បាន​ចុះចេញ​ពី​តំណែង​ក្រោយ​ពី​បញ្ចប់​ការ​ដឹកនាំ​បាន​ពីរ​អាណត្តិ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ដំណែង​ជា​ប្រធានាធិបតី​មិនមែន​ជា​ដំណែង​ពេញ​មួយ​ជីវិត​នោះទេ ហើយ​អំណាច​របស់​ប្រធានាធិបតី​ត្រូវ​ផ្ទេរ​ដោយ​សន្តិវិធី។

ស្រដៀង​គ្នា​នេះដែរ លោក​ប្រធានាធិបតី Abraham Lincoln បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​នៅពេល​ប្រទេស​មាន​ភាព​ចលាចល។ សម្រាប់​លោក George Washington នៅពេល​លោក​ដឹកនាំ​ប្រទេស លោក​ប្រឈម​មុខ​ដោះស្រាយ​បញ្ហា​បង្កើត​ប្រទេស​ថ្មី ប៉ុន្តែ​សម្រាប់​លោក Abraham Lincoln វិញ បញ្ហា​ប្រឈម​របស់​លោក​គឺ​ការ​ត្រួសត្រាយ​ប្រទេស​នៅពេល​ដែល​មាន​សង្គ្រាម​ស៊ីវិល ដោយ​ធ្វើ​យ៉ាង​ណា​បង្ការ​កុំ​ឱ្យ​ប្រទេស​បែកបាក់ និង​ធ្វើ​ឱ្យ​ប្រទេស​ដើរ​លើ​មាគ៌ា​មួយ​ឆ្ពោះ​ទៅរក​ការ​រីកចម្រើន​ខ្លាំងក្លា​និង​មាន​ការ​រួបរួម​ជាង​មុន​ពេល​មាន​សង្គ្រាម។

លោក Abraham Lincoln បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​តាម​ទិសដៅ​ថ្មី ដោយ​បង្កើត​នូវ​សហភាព​ដ៏​ពិត​ប្រាកដ​មួយ​នៃ​បណ្ដា​រដ្ឋ​ទាំងអស់ ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​ដ៏​ខ្លាំងក្លា​មួយ ជំនួស​ឱ្យ​រដ្ឋាភិបាល​កណ្ដាល​ដ៏​ទន់ខ្សោយ​នៃ​សហព័ន្ធ​បែប​ធូរ​រលុង​របស់​បណ្ដា​រដ្ឋ​នានា។

សព្វថ្ងៃ​នេះ ទិវា​ប្រធានាធិបតី​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​ផ្ដល់​កិត្តិយស​ជូន​ប្រធានាធិបតី​គ្រប់​រូប​របស់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​មិន​មាន​ប្រធានាធិបតី​រូប​ណា​មាន​ឥទ្ធិពល ឬ​ក៏​សក្តិសម​នឹង​ទទួល​បាន​កិត្តិយស​នេះ​ដូច​លោក​ប្រធានាធិបតី George Washington និង​លោក​ប្រធានាធិបតី Abraham Lincoln នោះទេ៕

XS
SM
MD
LG