Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​ពលកម្ម​នៅ​ឆ្នាំ២០២០


រូបឯកសារ៖ អ្នកធ្វើការស្ម័គ្រចិត្តម្នាក់នៃគម្រោង C.U.R.E ទទួលយកសម្ភារៈដែលត្រូវបានបរិច្ចាគដល់បុគ្គលិកសុខាភិបាលដែលផ្តល់ការព្យាបាលដល់អ្នកជំងឺកូវីដ ១៩។
រូបឯកសារ៖ អ្នកធ្វើការស្ម័គ្រចិត្តម្នាក់នៃគម្រោង C.U.R.E ទទួលយកសម្ភារៈដែលត្រូវបានបរិច្ចាគដល់បុគ្គលិកសុខាភិបាលដែលផ្តល់ការព្យាបាលដល់អ្នកជំងឺកូវីដ ១៩។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ជារៀងរាល់ឆ្នាំ នៅថ្ងៃច័ន្ទសប្តាហ៍ទី ១ នៃខែកញ្ញា សហរដ្ឋអាមេរិកឈប់សម្រាក ដើម្បីគោរពដល់អ្នកធ្វើការងាររបស់ខ្លួន និងការចូលរួមចំណែករបស់ពួកគេ ដើម្បីធ្វើឲ្យប្រទេសជាតិមានភាពរុងរឿង។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ១៨៨២ បុរសនិងស្ត្រីជាង ១០.០០០ នាក់ បានដើរហែក្បួនតាមដងផ្លូវនានាក្នុងសង្កាត់ Manhattan នៃទីក្រុងញូវយ៉ក ដើម្បីអបអរទិវាពលកម្មជាលើកដំបូង។

សហជីព​កម្មករ Central Labor Union នៃ​ទីក្រុង​ញូវយ៉ក បាន​រៀបចំ​ទិវា​ប្រារព្ធ​ពិធី​នេះ ដើម្បី​ជា​ការផ្តល់​កិត្តិយស​ដល់​កម្មករ​ដែល​បាន​ប្រយុទ្ធ​តស៊ូ​ដើម្បី​ទទួល​បាន​ប្រាក់ឈ្នួល​ខ្ពស់ ម៉ោង​ការងារ​តិច​ជាងមុន និង​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​ឡើង​សម្រាប់​កម្មករ។

នេះជា​ថ្ងៃ​នៃ​ការប្រារព្ធ​អបអរ ប៉ុន្តែក៏​ជា​ថ្ងៃ​នៃ​ការលះបង់​ផងដែរ។ កម្មករ​បាន​លះបង់​ប្រាក់ឈ្នួល​នៅ​ថ្ងៃ​នោះ ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ពួកគេ ​ក្នុង​ការ​ទាមទារ​ឲ្យ​បាន​នូវ​ប្រាក់ឈ្នួល ឲ្យ​សមស្រប​ទៅ​នឹង​ការខិតខំ​ធ្វើការងារ​របស់​ពួកគេ។

នៅ​ឆ្នាំ​នេះ ជំងឺ​រាតត្បាត​កូវីដ១៩ បាន​បង្កើត​នូវ​បញ្ហា​ប្រឈម​ថ្មីៗ​មិន​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​មក សម្រាប់​អ្នក​ធ្វើការ។

ខណៈដែល​មនុស្ស​រាប់លាននាក់ បាន​ធ្វើការ​ពី​ផ្ទះ​អស់​រយៈពេល​ជាច្រើនខែ ដើម្បី​រារាំង​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា មនុស្ស​រាប់សែននាក់ ត្រូវ​ចេញ​ពី​ផ្ទះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ។ បុគ្គលិក​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ បាន​ប្រថុយ​ជីវិត​របស់​ខ្លួន ដើម្បី​ជួយ​ដល់​អ្នកជំងឺ និង​លួងលោម​ដល់​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ហៀបនឹង​ស្លាប់ ហើយ​ជាក់ស្តែង​បុគ្គលិក​សុខាភិបាល​រាប់រយនាក់ បាន​បាត់បង់​ជីវិត​ក្នុងពេល​ដែល​ពួកគេ​បំពេញ​ការងារ។

ក្រៅពីនោះ មាន​មនុស្ស​រាប់លាននាក់​ផ្សេង​ទៀត ដែល​ពួកគេ​ភាគច្រើន​កំពុង​ធ្វើការ​ដែល​មាន​ប្រាក់ខែទាប ដែល​បន្ត​ធ្វើ​ការងារ​របស់​ពួកគេ ដើម្បី​ធ្វើឲ្យ​ប្រទេស​មាន​ដំណើរការ​ទៅ​មុខ។

ដំណាំ នៅតែ​ត្រូវបាន​បន្ត​ដាំដុះ ម្ហូបអាហារ​កែច្នៃ​នៅតែ​ត្រូវបាន​បន្ត​ផលិត ចែកចាយ​និង​លក់ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​នានា មាន​ម្ហូប​បរិភោគ។ សំបុត្រ នៅតែត្រូវបាន​ដឹកជញ្ជូន​ទៅ​ទូទាំង​ប្រទេស និង​បញ្ជូន​ទៅ​តាម​គោលដៅ។ ការងារ​របស់​អ្នក​ដែល​ធ្វើការ​នៅ​រោងចក្រ​ផលិត​ថាមពល និង​ស្ថានីយ៍​ចម្រោះ​ទឹក​នានា មាន​សារៈសំខាន់​ចំពោះ​ការរស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ ស្មើគ្នា​នឹង​ការងារ​របស់​មេដឹកនាំ​នយោបាយ​នៅ​ទូទាំង​ប្រទេស ដែល​រៀបចំ​ការឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា ឬ រក​វិធី​ថ្មី​ដើម្បី​ទទួល​បាន​ឧបករណ៍​ការពារ​និង​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​ដែល​ខ្វះខាត។

លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​ថា៖ «នៅក្នុង​គ្រា​ដ៏​លំបាក​នេះ ជា​ថ្មី​ម្តង​ទៀត​ពិភពលោក បាន​ឃើញ​នូវ​ភាព​ខ្លាំង​របស់​សហរដ្ឋ​អាមេរិក»។ នៅ​ទូទាំង​ប្រទេស​ជនក្លាហានបាន​រូតរះ​បំពេញ​ភារកិច្ច​របស់​ពួកគេ។ វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា សុខចិត្ត​អត់ងងុយ​ជាច្រើន​យប់ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ។ កសិករ អ្នកបើក​រថយន្ត​ដឹកទំនិញ និង​អ្នកលក់​គ្រឿងទេស ព្យាយាម​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ម្ហូប​បរិភោគ។ ក្រុមគ្រួសារ​នានា កំពុង​ជួយ​អ្នកជិតខាង​របស់​ខ្លួន ដែល​ខ្វះខាត​ហើយ​សហគមន៍​ទាំងមូល កំពុង​រួបរួម​គ្នា​ដើម្បី​កម្ចាត់​គ្រោះមហន្តរាយ​នេះ»។

ប៉ុន្តែ អ្វី​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​ប្រទេស​នេះ និង​ប្រជាពលរដ្ឋ​នោះ គឺ អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​រួចហើយ និង​ចំនួន​ជីវិត​មនុស្ស​ដែល​បាន​សង្គ្រោះ»៕

XS
SM
MD
LG