តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ថ្ងៃទី២៧ ខែមករាដែលជាថ្ងៃដែលជំរំឃុំឃាំង និងជំរំមរណៈ Auschwitz-Birkenau ត្រូវបានរំដោះកាលពីឆ្នាំ១៩៤៥ ត្រូវបានប្រារព្ធជាទិវារំឭកហាយនភាពអន្តរជាតិ។ នេះជាឱកាសមួយសម្រាប់ផ្តល់កិត្តិយសដល់ក្រុមជនអំបូរ Juif រាប់លាននាក់ដែលត្រូវបានសម្លាប់ដោយពួក Nazi នៅប្រទេសសអាល្លឺម៉ង់ និងក្រុមជនរួមគំនិតជាមួយពួកនេះ។ ទោះជាមានសេចក្តីថ្លែងការណ៍នៅក្រោយហាយនភាពនេះថា «មិនឱ្យសោកនាដកម្មបែបនេះ កើតឡើងជាថ្មីយ៉ាងដាច់ខាត» ហើយទោះជាមានការសន្យាអំពីការប្រុងប្រយ័ត្នក៏ដោយ ក៏ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ត្រូវបានប្រព្រឹត្តជាថ្មីទៀតចាប់ពីសង្គ្រាមលោកលើកទីពីរមក គឺនៅក្នុងប្រទេសកម្ពុជា ប្រទេស Rwanda Bosnie តំបន់ Darfur តំបន់ Xinjiang និងតំបន់នានាដែលធ្លាប់ឋិតនៅក្រោមការត្រួតត្រារបស់ពួក ISIS។
អនុសញ្ញាឆ្នាំ១៩៤៩ ស្តីពីការបញ្ចៀស និងការដាក់ទណ្ឌកម្មលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាឧបករណ៍ផ្លូវច្បាប់ដើម្បីចាត់ទុកការប្រល័យពូជសាសន៍ជាឧក្រិដ្ឋកម្មមួយ។ អនុសញ្ញានេះ បានផ្តល់និយមន័យនៃពាក្យប្រល័យពូជសាន៍ថា ជាសកម្មភាពត្រូវប្រព្រឹត្តឡើងដោយមានគោលបំណងបំផ្លាញទាំងស្រុង ឬជាផ្នែក ក្រុមជាតិ ក្រុមពូជសាសន៍ ឬក្រុមសាសនាមួយ។ អនុសញ្ញានេះ ទទួលស្គាល់សកម្មភាពបែបនេះ ៥ យ៉ាងដែលមានរួមបញ្ចូលការសម្លាប់មនុស្សច្រើននាក់នៃក្រុមមនុស្សណាមួយ ដោយដាក់កំហិតវិធានការមានបំណងមិនឱ្យមានកំណើតកូននៅក្នុងក្រុមនោះ និងបង្ខំផ្ទេរក្រុមក្មេងៗនៃក្រុមនោះ ហើយបានចាត់ទុកជាឧក្រិដ្ឋកម្មការរួមគំនិតធ្វើអំពើទុច្ចរិត ការឃុបឃិត ការប៉ុនប៉ង ឬការញុះញង់ឱ្យប្រព្រឹត្តការប្រល័យពូជសាសន៍។
ហាយនភាពជាការប្រល័យពូជសាសន៍ដែលនិយាយយោងជាពិសេសដល់ការសម្លាប់ប្រកបដោយការប៉ុនប៉ងក្រុមជនអំបូរ Juif នៅទ្វីបអឺរ៉ុបដោយអាល្លឺម៉ង់ Nazi និងក្រុមអ្នកឃុបឃិតជាមួយពួកគេ។
ទោះជាគេដឹងជាទូទៅថា ហាយនភាព បានកើតឡើងចំពេលមានសង្គ្រាមលោកលើកទីពីរក៏ដោយ ក៏អំពើនេះ បានចាប់ផ្តើមមានតាំងពីទសវត្សរ៍ឆ្នាំ១៩៣០។ នៅពេលដែលគណបក្ស Nazi ឡើងកាន់អំណាច របបគ្រប់គ្រង Nazi បានចាប់ផ្តើមចាត់វិធានការលើក្រុមសត្រូវខាងនយោបាយ និងក្រុមជនដែលពួកនេះយល់ថា ជាក្រុមមនុស្សអន់ថយ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៣០ មានវិធានការច្រើនឡើងៗដែលផាត់ចោលសហគមន៍ Juif និងក្រុមជនឯទៀតៗក្នុងសង្គមអាល្លឺម៉ង់។ នៅពេលចាប់ផ្តើមមានសង្គ្រាមលោកលើកទីពីរ ឧក្រិដ្ឋកម្មប្រឆាំងក្រុមជនស៊ីវិល ក៏បានកើនឡើងលើសធម្មតា។ ហើយជាមួយការបើកការវាយប្រហារលើសហភាពសូវៀតកាលពីឆ្នាំ១៩៤១ ឧក្រិដ្ឋកម្មប្រឆាំងនឹងសហគមន៍ Juif ក្នុងអឺរ៉ុបខាងកើតក៏បានចាប់ផ្តើមមាន។ នៅដើមឆ្នាំ១៩៤២ ពួកមេដឹកនាំ Nazi បានអនុវត្តអ្វីដែលពួកគេហៅថា «ដំណោះស្រាយចុងក្រោយ» គឺការកម្ចាត់ជាប្រព័ន្ធផ្នែកពិសេសណាមួយនៃប្រជារាស្ត្រថា ជាគោលនយោបាយរបស់រដ្ឋាភិបាល។
នេះ ជាផ្នែកមួយនៃសង្គ្រាមលោកលើកទីពីរ តែវាដាច់ដោយឡែកពីការប្រឹងប្រែងធ្វើសង្គ្រាមរបស់ពួក Nazi។ ការពិត «ដំណោះស្រាយចុងក្រោយ» តែងតែជារឿងសំខាន់ជាងការប្រឹងប្រែងធ្វើសង្គ្រាម ទោះជាមានសេចក្តីត្រូវការខ្លាំងខាងបុគ្គលិក និងសម្ភារៈនៅសមរភូមិមុខក៏ដោយ ក៏ធនធានមិនត្រូវបានបង្វែរពីចំណាត់ការក្នុងជំរំឃុំឃាំងទេ។ នៅទីបញ្ចប់ ដំណោះស្រាយចុងក្រោយ» បាននាំឱ្យមានការស្លាប់ក្រុមជនអំបូរ Juif ៦លាននាក់។
លោករដ្ឋមន្ត្រីការបរទេស Antony Blinken បានមានប្រសាសន៍ថា «អំពើបិសាចយ៉ាងធំធេង អាចកើតមានទៀតក្នុងពិភពលោករបស់យើង ហើយយើងមានការទទួលខុសត្រូវដើម្បីធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីបញ្ឈប់រឿងនេះ។ ហេតុដូច្នេះហើយបានជាវាជារឿងសំខាន់ដែលយើងត្រូវតែនិយាយអំពីការពិតអំពីអតីតកាលដើម្បីការពារការពិតជាក់ស្តែងនៅពេលអ្នកដទៃព្យាយាមបំភ្លៃ ឬធ្វើឱ្យឧក្រិដ្ឋកម្មនៃហាយនភាព ជារឿងតូចតាច និងដើម្បីស្វែងរកយុត្តិធម៌សម្រាប់ពួកអ្នកនៅរស់ និងគ្រួសារពួកគេ»៕