Accessibility links

Breaking News

បទ​វិចារណកថា៖ បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ត្រូវ​បង្កើត​ទម្រង់​ទិដ្ឋភាព​បច្ចេកវិទ្យា​យុទ្ធសាស្ត្រ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​នៅ​ក្នុង​ពិធី​មួយ​របស់​គណៈកម្មការ​សន្តិសុខ​ជាតិ​បច្ចេកវិទ្យា​បញ្ញា​និម្មិត (NSCAI) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​នៅ​ក្នុង​ពិធី​មួយ​របស់​គណៈកម្មការ​សន្តិសុខ​ជាតិ​បច្ចេកវិទ្យា​បញ្ញា​និម្មិត (NSCAI) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បច្ចេកវិទ្យា​កើត​ថ្មី​នានា ដូចជា​បច្ចេកវិទ្យា​បញ្ញា​និម្មិត (AI) ជាដើម នឹង​ដើរ​តួនាទី​សំខាន់​នៅ​ពេល​អនាគត។ វា​បាន​បង្ហាញ​កាន់តែ​ច្បាស់​ថា ពិភពលោក​របស់​យើង​នឹង​ត្រូវ​ត្រួសត្រាយ​ដោយ​បទដ្ឋាន​និង​ស្ដង់ដា​នៃ​ការ​ប្រើប្រាស់​សម្រាប់​បច្ចេកវិទ្យា​កើត​ថ្មី​ទាំងឡាយ។

ឥឡូវ​នេះ យើង​ដឹង​ថា ទោះបីជា​រលក​ទី​មួយ​នៃ​បដិវត្តន៍​ឌីជីថល​បាន​ផ្ដោត​ខ្លាំង​លើ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ក៏ដោយ ក៏​រលក​ទី​ពីរ​បាន​សម្រួល​ឲ្យ​រដ្ឋាភិបាល​ផ្ដាច់ការ​នានា​រំលោភ​សិទ្ធិ​ទាំង​នោះ។

ដូច្នេះ វា​ជា​ការ​ចាំបាច់​ដែល​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ត្រូវ​តម្រែតម្រង់​របៀប​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នានា​ដូចជា​បច្ចេកវិទ្យា​បញ្ញា​និម្មិត​ជាដើម។

ដោយ​ថ្លែង​នៅ​ក្នុង​ពិធី​មួយ​របស់​គណៈកម្មការ​សន្តិសុខ​ជាតិ​បច្ចេកវិទ្យា​បញ្ញា​និម្មិត (NSCAI) កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា ការ​សហការ​ជាមួយ​ដៃគូ​និង​សម្ព័ន្ធមិត្ត «គឺ​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ដូចជា ការ​បង្ការ​មិន​ឲ្យ​មាន​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ដែល​មាន​បំណង​សំដៅ​លើ​ក្រុមហ៊ុន​អាជីវកម្ម​សហរដ្ឋ​អាមេរិក ការ​ដាក់​កំហិត​លើ​បច្ចេកវិទ្យា​ណា​ដែល​គំរាមកំហែង​ដល់​ឯកជនភាព​របស់​យើង និង​ការ​ការពារ​គុណតម្លៃ​ប្រជាធិបតេយ្យ​និង​បែបបទ​នៃ​ការ​រស់នៅ​របស់​យើង​ជាដើម»។

លោក Blinken បញ្ជាក់​ដូច្នេះ​ថា៖ «លើស​ពី​អ្វីៗ​ទាំង​អស់ កិច្ចការ​របស់​យើង​គឺ​ជំរុញ​និង​អនុវត្ត​នូវ​ចក្ខុវិស័យ​ដែល​មាន​លក្ខណៈ​បង្ខំ​ដើម្បី​ប្រើ​បច្ចេកវិទ្យា​ទៅ​តាម​វិធី​ដែល​បម្រើ​ដល់​ប្រជាពលរដ្ឋ​របស់​យើង ការពារ​ផល​ប្រយោជន៍​របស់​យើង និង​ប្រកាន់​ខ្ជាប់​តាម​គុណតម្លៃ​ប្រជាធិបតេយ្យ​របស់​យើង»។

លោក​បាន​បន្ថែម​ថា៖ «វា​មិន​គ្រប់គ្រាន់​នោះ​ទេ​ដោយ​គ្រាន់តែ​លើកឡើង​អំពី​អំពើ​អាក្រក់​នៃ​ភាព​ផ្ដាច់ការ​ដែល​គាំទ្រ​ដោយ​បច្ចេកវិទ្យា ដោយ​សំដៅ​ទៅ​លើ​អ្វី​ដែល​ប្រទេស​មួយ​ចំនួន​ដូចជា​ចិន​និង​រុស្ស៊ី​ជាដើម​កំពុង​ធ្វើ ហើយ​និយាយ​ថា ទង្វើ​នោះ​មិន​ត្រឹមត្រូវ​និង​មាន​គ្រោះថ្នាក់ ទោះបីជា​វា​ពិតជា​ដូច្នេះ​មែន​ក៏ដោយ​នោះ។ យើង​ត្រូវតែ​ធ្វើ​យ៉ាង​ណា​រក​វិធី​ដោះស្រាយ​ដោយ​វិជ្ជមាន ហើយ​បន្ទាប់​មក​យើង​ត្រូវតែ​សម្រេច​ឲ្យ​បាន​តាម​វិធី​នោះ។ នេះ​គឺជា​បញ្ហា​ដែល​យើង​ប្រឈម»។

លោក​រដ្ឋមន្ត្រី Blinken បាន​លើកឡើង​អំពី​ចំណុច​សំខាន់ៗ​ចំនួន ៦ នៃ​វិធីសាស្ត្រ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ។

ទី​មួយ យើង​ត្រូវតែ​កាត់បន្ថយ​ហានិភ័យ​សន្តិសុខ​ជាតិ​ដែល​បង្ក​ដោយ​សកម្មភាព​ព្យាបាទ​តាម​អ៊ីនធឺណិត​និង​បច្ចេកវិទ្យា​ដែល​ទើប​លេច​ឡើង​ថ្មីៗ។

ទី​ពីរ យើង​ត្រូវតែ​ធានា​ធ្វើ​យ៉ាង​ណា​ឲ្យ​សហរដ្ឋ​អាមេរិក​ដឹក​មុខ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​បច្ចេកវិទ្យា​យុទ្ធសាស្ត្រ​ដ៏​ខ្លាំងក្លា​នេះ ដោយ​រក្សា​នូវ​ការ​មាន​ប្រៀប​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​លក្ខណៈ​ប្រជែង​និង​ផ្គូរផ្គង។

ទី​បី យើង​ត្រូវតែ​ការពារ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​លក្ខណៈ​បើក​ចំហ មាន​សន្តិសុខ​ល្អ អាច​ទុក​ចិត្ត​បាន និង​អាច​ផ្ដោះប្ដូរ​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​បាន ទោះបីជា​វា​កំពុងតែ​ឈាន​ទៅ​រក​ការ​រាំង​ខ្ទប់​ជាង​មុន អសន្តិសុខ​ជាង​មុន និង​មាន​លក្ខណៈ​ប្រេះស្រាំ​ជាង​មុន​ក៏ដោយ។

ទី​បួន យើង​ត្រូវតែ​បង្កើត​ស្ដង់ដារ​បច្ចេកទេស និង​បង្កើត​បទដ្ឋាន​សម្រាប់​បច្ចេកវិទ្យា​លេចឡើង​ថ្មី​នានា។

ទី​ប្រាំ ដោយសារតែ​ការ​គំរាមកំហែង​ធំៗ​មួយ​ចំនួន​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​កើតឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត យើង​ត្រូវតែ​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​មាន​ប្រយោជន៍​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​និង​គោរព​គោលការណ៍​សំខាន់ៗ​របស់​លទ្ធិ​ប្រជាធិបតេយ្យ។

ពិសេស​ជាង​នេះ​ទៅ​ទៀត យើង​ត្រូវតែ​ចែក​រំលែក​ព័ត៌មាន​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ ដោយសារ​តែ​គ្មាន​ប្រទេស​ណា​មួយ​អាច​សម្រេច​គោល​បំណង​នេះ​បាន​ដោយ​ខ្លួន​ឯង​នោះ​ទេ។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «យើង​ត្រូវការ​សហរដ្ឋ​អាមេរិក ហើយ​យើង​ត្រូវការ​ដៃគូ​នានា​របស់​សហរដ្ឋ​អាមេរិក ដើម្បី​នៅ​ធ្វើជា​មេដឹកនាំ​ខាង​ការ​ច្នៃ​ប្រឌិត​ថ្មី និង​ធ្វើ​ជា​អ្នក​បង្កើត​ស្ដង់ដារ​នៅ​លើ​ពិភពលោក ដើម្បី​ធានា​ថា សិទ្ធិ​ជា​សាកល​និង​គុណតម្លៃ​ប្រជាធិបតេយ្យ​នៅតែ​ជា​ស្នូល​នៃ​នវានុវត្តន៍​ទាំង​អស់​ដែល​នឹង​កើតឡើង ហើយ​នវានុវត្តន៍​ទាំង​នោះ​នឹង​ផ្ដល់​ប្រយោជន៍​ពិត​ប្រាកដ​ដល់​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ»៕

XS
SM
MD
LG