Accessibility links

Breaking News

បទ​វិចារណកថា៖ ប្រទេស​ចិន​ត្រូវ​គោរព​តាម​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន


កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ល្បាត​ក្បែរ​​​អ្វី​ដែល​គេ​អះអាង​ថា​ជា​នាវា​ជីវពល​ចិន​​នៅ​តំបន់​ Sabina Shoal ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២១។
កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ល្បាត​ក្បែរ​​​អ្វី​ដែល​គេ​អះអាង​ថា​ជា​នាវា​ជីវពល​ចិន​​នៅ​តំបន់​ Sabina Shoal ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី ៥ ឆ្នាំ​មុន តុលាការ​មជ្ឈត្តកម្ម​មួយ​បាន​បើក​សវនាការ​ដោយ​អនុលោម​តាម​ខ​ដែល​ចែង​អំពី​ការ​ដោះស្រាយ​ជម្លោះ​នៃ​អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ ដោយ​ច្រានចោល​ការ​ទាមទារ​ធំធេង​របស់​ប្រទេស​ចិន​នូវ​ដែន​សមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ តុលាការ​នេះ​បាន​សម្រេច​ថា ការ​ទាមទារ​របស់​ប្រទេស​ចិន​នេះ​មិន​ស្រប​ទៅ​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UN Convention on the Law of the Sea)។

សមុទ្រ​ចិន​ខាង​ត្បូង​គឺជា​តំបន់​ដឹក​ជញ្ជូន​តាម​នាវា​ដ៏​មមាញឹក​បំផុត​មួយ​នៅ​លើ​ពិភពលោក ដោយ​មាន​កូន​កោះ​តូចៗ​ជា​ច្រើន​ដែល​គ្មាន​មនុស្ស​នៅ កូន​កោះ​ដែល​លិច​ទឹក​នៅ​ពេល​ទឹក​សមុទ្រ​ជោរ និង​កូន​កោះ​លិច​ទឹក​នានា ដែល​ភាគ​ច្រើន​ព័ទ្ធ​ជុំវិញ​ដោយ​ទឹក​ដែល​សម្បូរ​ធនធាន​ត្រី។ តំបន់​សមុទ្រ​នេះ​ក៏​ប្រហែលជា​មាន​ធនធាន​រ៉ែ​ជា​ច្រើន​ផងដែរ ដូចជា​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ជាដើម។

ប្រទេស​ចិន ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ វៀតណាម និង​កោះ​តៃវ៉ាន់ មាន​ជម្លោះ​ដែន​ទឹក​ជាមួយ​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ និង​ថែមទាំង​បាន​ទាមទារ​ដែន​ទឹក​ជាន់​គ្នា​ផងដែរ។

តាំងពី​ឆ្នាំ ២០១៣ មក សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បង្កើន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​តាមរយៈ​ការ​ចាក់​ដី​បំពេញ​កោះ និង​យក​កោះ​ដែល​មាន​ជម្លោះ​មួយ​ចំនួន​ធ្វើ​ជា​ទីតាំង​យោធា។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​ធ្វើ​សកម្មភាព​បង្កហេតុ​ផងដែរ​ដើម្បី​គំរាម​និង​សម្លុត​ធ្វើបាប​ភាគី​ជម្លោះ​ផ្សេង​ទៀត ក្នុង​គោល​បំណង​ពង្រឹង​ការ​ទាមទារ​ធំធេង​ខុស​ច្បាប់​របស់​ខ្លួន​លើ​ការ​កាន់កាប់​ដែន​សមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

រដ្ឋមន្ត្រី​ការបរទស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «គ្មាន​តំបន់​ណា​មួយ​ដែល​បទបញ្ជា​ដែន​សមុទ្រ​ផ្អែក​លើ​ច្បាប់​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ជាង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។ សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​បន្ត​បង្ខិតបង្ខំ​និង​គំរាមកំហែង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ជាប់​សមុទ្រ [ចិន​ខាង​ត្បូង] ដោយ​គំរាម​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​ផ្លូវ​ទឹក​សាកលលោក​ដ៏​សំខាន់​នេះ»។

នៅ​ពេល​ធ្វើ​សេចក្ដី​សម្រេច​អំពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង តុលាការ​បាន​បញ្ជាក់​ថា ទង្វើ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាម​រយៈ​សកម្មភាព​មួយ​ចំនួន​ដូចជា​ការ​ស្ថាបនា​កោះ​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Mischief Reef ជាដើម គឺ​ប៉ះពាល់​ជាមួយ​នឹង​សិទ្ធិ​អធិបតេយ្យ​របស់​ប្រទេស​ហ្វីលីពីន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខ្លួន។

ដោយ​អនុលោម​តាម​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ ទាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ទាំង​ប្រទេស​ហ្វីលីពីន​ត្រូវតែ​គោរព​តាម​ការ​សម្រេច​នេះ​តាម​ផ្លូវ​ច្បាប់ ថ្វីបើ​មាន​ការ​ជំទាស់​ពី​ភាគី​ចិន​ក៏ដោយ។ ទោះជា​យ៉ាង​នេះ​ក្ដី សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ច្រានចោល​ការ​សម្រេច​នេះ និង​បដិសេធ​មិន​ព្រម​កែប្រែ​ទង្វើ​របស់​ខ្លួន​ដើម្បី​គោរព​តាម​សេចក្ដី​សម្រេច​នេះ។

លោក​រដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​ថា៖ «សហរដ្ឋ​អាមេរិក​បញ្ជាក់​ជា​ថ្មី​អំពី​គោល​នយោបាយ​ថ្ងៃ​ទី ១៣ ខែ​កក្កដា ឆ្នាំ ២០២០ របស់​ខ្លួន ទាក់ទិន​នឹង​ការ​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»។

លោក Blinken ថែមទាំង​បាន​បញ្ជាក់​ឡើង​វិញ​ផងដែរ​ថា ប្រសិនបើ​មាន​ការ​វាយ​ប្រហារ​ប្រដាប់​អាវុធ​ណា​មួយ​លើ​កង​កម្លាំង​ហ្វីលីពីន នាវា​សាធារណៈ ឬ​ក៏​យន្តហោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង សហរដ្ឋ​អាមេរិក​នឹង​អនុវត្ត​តាម​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ផ្នែក​ការពារ​ទៅ​វិញ​ទៅ​មក​នៅ​ក្រោម​មាត្រា ៤ នៃ​សន្ធិសញ្ញា​ឆ្នាំ ១៩៥១ រវាង​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន​ស្ដីពី​ការ​ការពារ​ទៅ​វិញ​ទៅ​មក។

លោក Blinken បាន​លើកឡើង​បន្ថែម​ថា៖ «យើង​អំពាវនាវ​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​ច្បាប់​អន្តរជាតិ បញ្ឈប់​ឥរិយាបថ​បង្កហេតុ​របស់​ខ្លួន និង​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​ការ​ទុកចិត្ត​ឡើង​វិញ​ថា ខ្លួន​ប្ដេជ្ញា​គោរព​តាម​បទបញ្ជា​ស្ដីពី​ដែន​សមុទ្រ​ដែល​ផ្អែក​លើ​ច្បាប់​នេះ ដែល​គោរព​សិទ្ធិ​របស់​ប្រទេស​ទាំង​អស់​មិន​ថា​ធំ​ឬ​ក៏​តូច​នោះ​ទេ»៕

XS
SM
MD
LG