Accessibility links

Breaking News

បទវិចារណកថា៖ ប្រធានាធិបតី​ថ្មី សម័យកាល​ថ្មី


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​នៅក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បន្ទាប់ពី​ការស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ទី៤៦ របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​នៅក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បន្ទាប់ពី​ការស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ទី៤៦ របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

តទៅនេះ​ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​

ជាមួយទង់​ជាតិរាប់ពាន់​បក់​រវិច​តាម​ជំនោរ​ខ្យល់​នា​រដូវ​ត្រជាក់ លោក​ Joseph Robinette Biden Jr. បានស្បថសច្ចា​ប្រណិធានចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​ ៤៦ នៃ​សហរដ្ឋ​អាមេរិក​ នៅលើ​ជណ្តើរ​នៃ​វិមាន​សភា​អាមេរិក កាលពី​ថ្ងៃ​ពុធ ទី២០​ ខែមករា។

នៅ​ក្នុង​សុន្ទរកថាសម្ពោធ​តំណែង​របស់​លោក លោក​ប្រធានាធិបតី Biden បាន​អំពាវនាវដល់​ពលរដ្ឋ​អាមេរិកាំង​គ្រប់គ្នា ឱ្យ​រួប​រួម​គ្នា​ពុះពារឧបសគ្គ​របស់​ប្រទេស​ជាតិ និងធ្វើឱ្យ​មាន​សន្តិសុខ​សម្រាប់​អនាគត។

លោកប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា៖ «ប្រវត្តិសាស្ត្រ ជំនឿ​សាសនា និងការ​មាន​ហេតុផល បង្ហាញផ្លូវដល់​មាគ៌ា​នៃ​ឯកភាព​គ្នា។ ​យើង​អាចប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា​ដោយសេចក្តីថ្លៃ​ថ្នូរ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក។ យើង​អាច​រួបរួម​គ្នា​ បញ្ឈប់​ការ​ស្រែក​ដាក់​គ្នា និង​បន្ថយកំហឹង...នេះ​ជា​ពេលវេលាប្រវត្តិសាស្ត្រ​របស់​យើង​ ក្នុង​វិបត្តិ​និង​ឧបសគ្គ​ ហើយឯកភាព​ គឺ​មាគ៌ា​ទៅ​មុខ»។

ចំពោះ​អ្នក​ដែល​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក លោក​ប្រធានាធិបតី Biden បាន​ផ្ញើរ​សារ​មួយ​ថា៖ «យើងនឹង​កែប្រែសម្ព័ន្ធភាព​របស់​យើង ហើយ​ទាក់ទង​ជាមួយ​ពិភពលោក​ជា​ថ្មី​ម្តង​ទៀត។​ ការ​ធ្វើ​ដូច្នេះ​មិន​មែន​ដោះស្រាយ​ឧបសគ្គ​កាលពី​ពេល​មុន​ទេ តែដើម្បី​ដោះស្រាយឧបសគ្គ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ និង​នៅ​ពេល​អនាគត។ យើង​នឹង​ដឹកនាំ​ពិភពលោក ​មិន​ត្រឹម​តែ​តាម​គំរូ​នៃ​អំណាច​របស់​យើង​នោះ​ទេ តែថែម​ទាំង​តាម​អំណាច​នៃ​គំរូ​របស់​យើង។ យើង​នឹង​ធ្វើជាដៃ​គូដ៏​ខ្លាំង​ក្លា​និង​ទុកចិត្ត​បាន សម្រាប់​សន្តិភាព​ ការ​រីក​ចម្រើននិង​សន្តិសុខ»។

នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ដដែល​នោះ​ លោក​ប្រធានាធិបតី Biden ក៏​បានអនុម័ត​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​មួយ​ចំនួន​ ដោយ​ផ្តោត​លើគោលដៅ​ទាំងអស់នេះ ដែល​លោក​បាន​លើក​ឡើង។

បទ​បញ្ជា​ទាំង​នោះ រួមមាន​ការចាប់ផ្តើមដំណើរការ​ឱ្យ​សហរដ្ឋ​អាមេរិក​ចូល​រួម​ជា​ថ្មីក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តី​ពីការ​ប្រែប្រួល​អាកាសធាតុ ការបញ្ឈប់​ការ​ដក​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ការ​លុប​ចោលការ​ហាមប្រាមក្រុម​អ្នក​ដំណើរ​មក​ពី​ប្រទេស​ខ្លះ ដែល​មាន​ពលរដ្ឋភាគច្រើន​ជា​អ្នក​គោរព​សាសនា​ឥស្លាម និងក្រុម​អ្នក​ដំណើរ​មក​ពី​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រ៊ិក​ និង​កន្លែង​ឯ​ទៀតៗ មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក ​ការផ្អាក​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិចស៊ិក និង​ការ​បញ្ចប់​សេចក្តី​ប្រកាសជា​អាសន្ន​ដែលអនុញ្ញាត​ឱ្យ​មាន​ការ​ផ្តល់​ប្រាក់​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​នេះ។

លោកប្រធានាធិបតី Biden ​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​អាមេរិកាំង «ឱ្យចាប់ផ្តើមជា​ថ្មី»។ លោកបាន​សុំ​ឱ្យ​ពលរដ្ឋ​ទាំងអស់ ​«សរសេរ​រឿងរ៉ាវ​របស់​សហរដ្ឋ​អាមេរិក ដោយ​ផ្តោត​លើ​ក្តី​សង្ឃឹម មិនមែន​ការ​ភ័យ​ខ្លាច ឯកភាព​គ្នា មិនមែន​ការបែក​បាក់គ្នា...និង​រឿងរ៉ាវ​ដែល​ប្រាប់​ដល់​មនុស្សជំនាន់​ក្រោយ​ថា ​យើង​បាន​ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​ក្នុង​ប្រវត្តិសាស្ត្រ​...ដែល​ថាសហរដ្ឋ​អាមេរិក​របស់​យើង បានរក្សាឱ្យ​មាន​សេរីភាពក្នុង​ប្រទេស​ និងក្រោក​ឈរ​ឡើង​ម្តង​ទៀត​ដើម្បី​ជា​ប្រទីបនាំ​ផ្លូវដល់​ពិភពលោក»៕

XS
SM
MD
LG