Accessibility links

Breaking News

បទ​វិចារណកថា៖ ពលរដ្ឋ​អ៊ីរ៉ង់​ត្រូវតែ​អាច​បង្ហាញ​ក្ដី​កង្វល់​របស់​ខ្លួន​បាន


​រូបភាព​ចែកចាយ​តាម​បណ្តាញ​សង្គម​នេះ ទំនង​បង្ហាញ​កម្លាំង​សន្តិសុខ​អ៊ឺរ៉ង់​​ត្រូវ​​បញ្ជូន​ទៅ​ទី​ក្រុង​ Izeh ខេត្ត Khuzestan កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ដើម្បី​ឆ្លើយ​តប​នឹង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។ វីអូអេ​មិន​អាច​បញ្ជាក់​រូបភាព​នេះ​ទេ។
​រូបភាព​ចែកចាយ​តាម​បណ្តាញ​សង្គម​នេះ ទំនង​បង្ហាញ​កម្លាំង​សន្តិសុខ​អ៊ឺរ៉ង់​​ត្រូវ​​បញ្ជូន​ទៅ​ទី​ក្រុង​ Izeh ខេត្ត Khuzestan កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ដើម្បី​ឆ្លើយ​តប​នឹង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។ វីអូអេ​មិន​អាច​បញ្ជាក់​រូបភាព​នេះ​ទេ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក រួម​ជាមួយ​នឹង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ច្រើន បាន​ប្រឆាំង​ទៅ​នឹង​ការ​ប្រើ​កម្លាំង​ជ្រុល​ហួសហេតុ​របស់​អាជ្ញាធរ​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​នៅ​ក្នុង​ខេត្ត Khuzestan ប្រទេស​អ៊ីរ៉ង់។

កាលពី​ពាក់​កណ្ដាល​ខែ​កក្កដា បាតុករ​បាន​ចេញ​តវ៉ា​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ខេត្ដ​ដែល​សម្បូរ​ប្រេង​មួយ​នេះ ដែល​ខេត្ត​នេះ​ជា​កន្លែង​រស់នៅ​របស់​ប្រជាពលរដ្ឋ​ភាគ​តិច​អំបូរ Ahwaz Arab។

ក្នុង​ពេល​ដែល​មាន​គ្រោះ​រាំងស្ងួត​យូរ​អង្វែង ក្រុម​បាតុករ​បាន​តវ៉ា​រឿង​កង្វះ​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ ដោយសារតែ​ការ​បង្វែរ​ទឹក​ទៅ​ឲ្យ​បណ្ដា​ខេត្ត​ជិតខាង ការ​ខួង​យក​ប្រេង​ដែល​បង្អាក់​ដល់​ការ​ផ្គត់ផ្គង់​ទឹក និង​ការ​ចាត់ចែង​មិន​បាន​ត្រឹមត្រូវ​របស់​អាជ្ញាធរ​រដ្ឋាភិបាល។

បើ​យោង​តាម​សេចក្ដី​រាយការណ៍​ជា​ច្រើន ក្រុម​អ្នក​តវ៉ា​បាន​រង​ការ​ប្រើ​កម្លាំង​ឃោរឃៅ [ពី​អាជ្ញាធរ]។

អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​បញ្ជាក់​ថា៖ «រូបភាព​ជា​វីដេអូ ...រួម​ជាមួយ​នឹង​ការ​រៀបរាប់​ផ្ទាល់​ម្ដង​ហើយ​ម្ដង​ទៀត​ពី​កន្លែង​កើតហេតុ បាន​បង្ហាញ​ថា កង​កម្លាំង​សន្តិសុខ​បាន​ប្រើ​អាវុធ​ប្រល័យ​ស្វ័យ​ប្រវត្តិ កាំភ្លើង​ដែល​អាច​បាញ់​រះ​មិន​រើស​មុខ និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា»។

យ៉ាង​ហោច​ណាស់ មនុស្ស ៨ នាក់ ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង​ផ្សេងៗ​គ្នា ហើយ​មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ចំនួន​ពិត​ប្រាកដ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ ហើយ​ប្រហែល​ជា​អាច​ខ្ពស់​ជាង​នេះ​ច្រើន។

ដោយ​យោង​ទៅ​លើ «សេចក្ដី​រាយការណ៍​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ» ដែល​ថា កង​កម្លាំង​សន្តិសុខ​បាន​បាញ់​លើ​ក្រុម​បាតុករ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​ថ្កោលទោស​ការ​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី។

លោក Price ថ្លែង​ដូច្នេះ​ថា៖ «យើង​គាំទ្រ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​គ្នា​និង​សម្ដែង​មតិ​ដោយ​សន្តិវិធី ដោយ​គ្មាន​ការ​ភ័យខ្លាច​ថា​កង​កម្លាំង​សន្តិសុខ​ប្រើ​អំពើ​ហិង្សា​និង​ចាប់​ឃុំឃាំង។ យើង​ក៏​កំពុង​តាមដាន​មើល​ផងដែរ​លើ​ការ​រាយការណ៍​អំពី​ល្បឿន​អ៊ីនធឺណិត​ថយចុះ​នៅ​ក្នុង​តំបន់»។

អ្នកស្រី Michelle Bachelet ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​ដោះស្រាយ​វិបត្តិ​ទឹក​នេះ ជាជាង​មាន​ប្រតិកម្ម​តបត​ដោយ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ការ​បាញ់​និង​ការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​មាន តែ​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ខឹង​និង​អស់​សង្ឃឹម​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ»។

បន្ទាប់ពី​អាជ្ញាធរ​អ៊ីរ៉ង់​បាន​ប៉ុនប៉ង​ដោយ​ហិង្សា​ដើម្បី​បង្ក្រាប​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត Khuzestan មក ការ​តវ៉ា​បាន​រីក​រាលដាល​ដល់​តំបន់​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ក្នុង​នោះ​មាន​ទាំង​រដ្ឋធានី​តេហេរ៉ង់ ទីក្រុង Tabriz និង​ទីក្រុង Karaj ផងដែរ ហើយ​មាន​ការ​រាយការណ៍​ថា អ្នក​តវ៉ា​បាន​ស្រែក​បន្ទរ​ថា «ពួក​យើង​មិន​ចង់​បាន​សាធារណរដ្ឋ​ឥស្លាម​នោះ​ទេ!» និង «ស្លាប់​ទៅ​ជន​ផ្ដាច់ការ!»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ លោក Price បាន​កត់សម្គាល់​ថា ទោះបីជា​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ប្រហែលជា​បាន​ចាប់ផ្ដើម​ដោយសារ​បញ្ហា​កង្វះ​ទឹក​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​អ៊ីរ៉ង់ «កំពុង​ធ្វើ​ឲ្យ​សាធារណជន​ចាប់​អារម្មណ៍​មិន​ត្រឹមតែ​លើ​បញ្ហា​តម្រូវការ​ដែល​មិន​ទាន់​បំពេញ​បាន​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើ​ក្ដី​ប្រាថ្នា​ដែល​មិន​ទាន់​សម្រេច​បាន​របស់​ពួកគេ​ផងដែរ​ទាក់ទិន​នឹង​សិទ្ធិ​មនុស្ស ដែល​ជា​សិទ្ធិ​ដែល​បុគ្គល​ម្នាក់ៗ​នៅ​លើ​ពិភពលោក​ត្រូវ​ទទួល​បាន»។

លោក Price បាន​បញ្ជាក់​ថា៖ «យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ពួកគេ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ទទួល​បាន​ព័ត៌មាន​តាម​អ៊ីនធឺណិត​ផងដែរ»៕

XS
SM
MD
LG