តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ សហរដ្ឋអាមេរិក កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN បានសម្ពោធកម្មវិធីភាពជាដៃគូរវាងសហរដ្ឋអាមេរិកជាមួយនឹងបណ្ដាប្រទេស ដែលស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ។
ភាពជាដៃគូថ្មីនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃតំបន់ទន្លេមេគង្គចំពោះសហរដ្ឋអាមេរិក។ ភាពជាដៃគូនេះនឹងបន្តពង្រីកនូវកិច្ចសហប្រតិបត្តិការ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៩ មក ក្រោមកម្មវិធីគំនិតផ្តួចផ្តើមទន្លេមេគង្គក្រោម។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានថ្លែងបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងនឹងបន្តពង្រឹងការងារដ៏ល្អរបស់យើង តាមរយៈកម្មវិធីគំនិតផ្តួចផ្តើមទន្លេមេគង្គក្រោម និងជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់នេះ ដែលមានទឹកប្រាក់ប្រមាណ ៣,៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ។
ក្នុងកិច្ចប្រជុំសម្ពោធភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងប្រទេសតាមបណ្ដោយដងទន្លេមេគង្គនោះសហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយដែលមានទឹកបា្រក់ជាង ១៥០ លានដុល្លារអាមេរិក សម្រាប់តំបន់ទន្លេមេគង្គ។ ក្នុងចំនួនទឹកប្រាក់សរុបទាំងអស់នោះទឹកប្រាក់ប្រមាណ ៥២ លានដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់ការស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច ដែលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ទឹកប្រាក់ចំនួន ៥៥ លានដុល្លារសម្រាប់ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ៣៣ លានដុល្លារសម្រាប់ការអភិវឌ្ឍន៍ទីផ្សារថាមពល ដែលមានសន្តិសុខនិងនិរន្តរភាព ហើយនិងទឹកប្រាក់ ២ លានដុល្លារទៀតសម្រាប់ជួយដល់ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
កម្មវិធីភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងប្រទេសនៅតាមដងទន្លេមេគង្គ ប្ដេជ្ញាទៅលើស្វ័យភាពសេដ្ឋកិច្ចឯករាជ្យ អភិបាលកិច្ចល្អនិងភាពចម្រើនលូតលាស់ប្រកបនិរន្តរភាពរបស់ប្រទេសជាដៃគូ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានគូសបញ្ជាក់ថា៖ «យើងបានគាំទ្រភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចជាមួយទឹកប្រាក់ជាង ១ ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសសមាជិកអាស៊ាន តាមរយៈសាជីវកម្មអភិវឌ្ឍន៍ហិរញ្ញវត្ថុអន្តរជាតិសហរដ្ឋអាមេរិកដែលហៅកាត់ថា DFC និងមានគម្រោងវិនិយោគទុនរាប់ពាន់លានដុល្លារថែមទៀត នៅពេលខាងមុខ»។
ទោះជាយ៉ាងណាលោក Pompeo បានព្រមានពីភាពចាំបាច់ក្នុងការតតំាងជាមួយនឹងបញ្ហាប្រឈមដែលក្នុងនោះក៏រួមមានទាំងអ្នកទាំងឡាយក្នុងជួរគណបក្សកុម្មុយនីស្តចិន ដែលកាន់តែគំរាមកំហែងដល់បរិស្ថានធម្មជាតិ និងស្វ័យភាពសេដ្ឋកិច្ចរបស់ប្រទេសនៅតាមដងទន្លេមេគង្គផងដែរ។
ការសម្រេចចិត្តជាឯកតោភាគីរបស់គណបក្សកុម្មុយនីស្តចិន ក្នុងការទប់ទឹកទុកនៅខ្សែទឹកទន្លេមេគង្គខាងលើនោះ បានបង្កើតឲ្យមានភាពរាំងស្ងួតនៅតាមតំបន់ខ្សែទឹកខាងក្រោម ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកន្លងមក។ សហរដ្ឋអាមេរិកឈរជាមួយប្រទេសក្នុងតំបន់ទន្លេមេគង្គ និងគណៈកម្មការទន្លេមេគង្គក្នុងការអំពាវនាវឲ្យមានការចែករំលែកទិន្នន័យទន្លេមេគង្គដោយតម្លាភាព។
«យើងសូមលើកទឹកចិត្តដល់ប្រទេសក្នុងតំបន់ទន្លេមេគង្គ ដើម្បីដាក់គណបក្សកុម្មុយនីស្តចិនឲ្យទទួលខុសត្រូវទៅលើការសន្យារបស់ខ្លួន ក្នុងការចែករំលែកទិន្នន័យទឹកទន្លេមេគង្គនេះ។ ទិន្នន័យនេះគួរត្រូវបានផ្សព្វផ្សាយជាសាធារណៈពេញមួយឆ្នាំ»។ នេះបើតាមការប្រកាសរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកPompeo។
លោកបន្ថែមថា៖ «ទិន្នន័យនេះក៏គួរត្រូវបានចែករំលែកដល់គណៈកម្មការទន្លេមេគង្គផងដែរ ដែលជាអង្គការមួយបម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ទន្លេមេគង្គ មិនមែនអ្នកដែលនៅក្នុងទីក្រុងប៉េកាំងនោះទេ»។
សហរដ្ឋអាមេរិកក៏មានការបារម្ភផងដែរ ពីបំណុលដែលកើតចេញពីការពាក់ព័ន្ធក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការអនុវត្តគោលការណ៍ជំនួញដែលពោរពេញទៅដោយការកេងប្រវ័ញ្ច និងគ្មានតម្លាភាព ដោយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដូចជាក្រុមហ៊ុនសាងសង់សារគមនាគមន៍ជាដើម។ ការព្រួយបារម្ភមួយទៀត គឺថា មានការកើនឡើងការជួញដូរមនុស្ស ថ្នាំញៀន និងសត្វព្រៃ ដែលភាគច្រើនផ្ដើមចេញពីស្ថាប័ន ក្រុមហ៊ុននិងតំបន់សេដ្ឋកិច្ចពិសេសដែលពាក់ព័ន្ធនឹងគណបក្សកុម្មុយនីស្តចិន។
តាមរយៈភាពជាដៃគូររវាងសហរដ្ឋអាមេរិកនិងប្រទេសដែលស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គនោះ សហរដ្ឋអាមេរិកទន្ទឹងរង់ចាំការពារផលប្រយោជន៍របស់ប្រទេសដៃគូរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីធានាថា តំបន់ទន្លេមេគង្គមានសន្តិភាពសន្តិសុខ និងភាពសម្បូររុងរឿង៕