Accessibility links

Breaking News

បទ​វិចារណកថា៖ ភាព​ជា​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ហៃទី​នៅ​មាន​ជា​បន្ត


រូប​ឯកសារ៖ ពលរដ្ឋ​​លើក​បដា​​មាន​រូបថត​​​​និង​ប្រសាសន៍​របស់​អតីត​ប្រធានាធិបតី​ហៃ​ទី​លោក Jovenel Moise កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ពលរដ្ឋ​​លើក​បដា​​មាន​រូបថត​​​​និង​ប្រសាសន៍​របស់​អតីត​ប្រធានាធិបតី​ហៃ​ទី​លោក Jovenel Moise កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ថ្កោលទោស​ខ្លាំងក្លា​លើ​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​ហៃទី​លោក Jovenel Moise និង​លើ​ការ​វាយ​ប្រហារ​លើ​អ្នកស្រី Martine Moise ដែល​ជា​ភរិយា​របស់​លោក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ហៅ​ទង្វើ​នេះ​ថា​មាន​លក្ខណៈ «សាហាវ​យង់ឃ្នង»។ ទង្វី​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ជន​ប្រដាប់​អាវុធ​មួយ​ចំនួន ដែល​បាន​ឆ្មក់​សម្រុក​ចូល​គេហដ្ឋាន​របស់​លោក​ប្រធានាធបតី Moise នៅ​ពេល​ទាប​ភ្លឺ​ថ្ងៃ​ទី ៧ ខែ​កក្កដា​កន្លង​ទៅ​នេះ។

លោក Biden បាន​ប្ដេជ្ញា​ថា សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន «រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ជួយ [ប្រទេស​ហៃទី] នៅ​ពេល​ដែល​ខ្លួន​បន្ត​ធ្វើការ​ដើម្បី​ឲ្យ​ប្រទេស​នេះ​មាន​សុវត្ថិភាព​និង​សន្តិសុខ​ល្អ»។

ប្រទេស​ហៃទី​បាន​រង​ការ​ញាំញី​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ អំពើ​ហិង្សា អំពើ​ពុករលួយ និង​អស្ថិរភាព​នយោបាយ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។

បន្ទាប់ពី​មាន​ការ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី Moise អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​ថា៖ «ជន​ទាំង​ឡាយ​ណា​ដែល​ស្វះស្វែង​សម្រេច​គោល​បំណង​នយោបាយ​របស់​ខ្លួន​តាមរយៈ​អំពើ​ហិង្សា​និង​ការ​បំផ្លាញ​នីតិរដ្ឋ នឹង​មិន​ទទួល​ជោគជ័យ​នោះ​ឡើយ​នៅ​ក្នុង​ការ​រារាំង​ប្រជាពលរដ្ឋ​ហៃទី​និង​សេចក្ដី​ប្រាថ្នា​របស់​ពួកគេ​សម្រាប់​អនាគត​ដ៏​ប្រសើរ។ សហរដ្ឋ​អាមេរិក​ជំរុញ​អាជ្ញាធរ​ហៃទី​ឲ្យ​នាំ​ខ្លួន​ជន​ដែល​ប្រព្រឹត្ត​ទង្វើ​ទាំង​នេះ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»។

លោក Price បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំង​អស់ អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​នានា ឲ្យ​គាំទ្រ​ការ​អំពាវនាវ​របស់​អតីត​នាយករដ្ឋមន្ត្រី​ស្ដីទី​នៃ​ប្រទេស​ហៃទី​លោក Claude Joseph ដែល​ចង់​ឲ្យ​មាន​ភាព​ស្ងៀមស្ងាត់ និង​ឲ្យ​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្រោយ​សោកនាដកម្ម​នេះ ដើម្បី​ធានា​ឲ្យ​មាន​សន្តិភាព​និង​អភិបាល​កិច្ច​ប្រជាធិបតេយ្យ»។

លោក Price បាន​សង្កត់ធ្ងន់​ថា ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រជាពលរដ្ឋ​ហៃទី​និង​រដ្ឋាភិបាល​ដែល​ជ្រើសរើស​តាម​ការ​បោះឆ្នោត​របស់​ពួកគេ​នឹង​នៅ​បន្ត​ទៅ​មុខ​ជានិច្ច។

លោក​បាន​កត់សម្គាល់​ថា កាលពី​ខែ​មករា ឆ្នាំ ២០២១ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នូវ​ជំនួយ​ចំនួន​ជាង ៧៥ លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០២០ សម្រាប់​ប្រទេស​ហៃទី។ ជំនួយ​ផ្នែក​អភិវឌ្ឍន៍​និង​សុខភាព​ទូទៅ​នេះ​មាន​បំណង​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​សេដ្ឋកិច្ច ការ​បង្កើត​ការងារ​និង​ការ​អភិវឌ្ឍ​កសិកម្ម ផ្ដល់​នូវ​សេវា​ថែរក្សា​សុខភាព​ជា​មូលដ្ឋាន​និង​ការ​អប់រំ និង​លើក​កម្ពស់​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល។

លោក Price បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​ទទួល​នូវ​សំណើ​សុំ​ជំនួយ​បន្ថែម​ទៀត​ពី​អាជ្ញាធរ​ហៃទី នៅ​ក្រោយ​ការ​ស្លាប់​របស់​លោក​ប្រធានាធិបតី Moise។

នៅ​ពេល​សួរ​ថា​តើ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ហៃទី​ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ នឹង​បន្ត​ទៅ​មុខ​ឬ​ក៏​យ៉ាង​ណា​នោះ លោក Price បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «សហរដ្ឋ​អាមេរិក​នៅតែ​យល់​ថា ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​គួរតែ​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក។ យើង​ដឹង​ថា ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​គឺជា​វិថី​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​កាន់​ការ​បញ្ចប់​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​មិន​ស្រប​តាម​ច្បាប់​ជា​យូរ​មក​ហើយ​របស់​ប្រទេស​ហៃទី និង​ឆ្ពោះ​ទៅ​ការ​ស្ដារ​ឡើង​វិញ​នូវ​រដ្ឋសភា​របស់​ប្រទេស​ហៃទី ដែល​គិត​មក​ទល់​នឹង​ពេល​នេះ អស់​សុពលភាព​រួច​ទៅ​ហើយ។ ការ​បោះឆ្នោត​ប្រធានាធិបតី​ដោយ​សេរី​និង​យុត្តិធម៌​ក៏​នឹង​ជួយ​សម្រួល​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ទៅ​ឲ្យ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ផងដែរ»។

លោក Price បាន​បន្ថែម​ថា៖ «ការ​ថែរក្សា​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​ប្រទេស​ហៃទី​គឺជា​គន្លឹះ​នៅ​ក្នុង​ការ​ស្ដារ​សន្តិភាព​ឡើង​វិញ»៕

XS
SM
MD
LG