Accessibility links

Breaking News

បទវិចារណកថា៖ របាយការណ៍​ដ៏​គួរឲ្យ​បារម្ភ​ពី​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ឧស្សាហកម្ម​នេសាទ


រូបឯកសារ៖ អ្នកនេសាទ យក​ត្រី​ដែល​ពួកគេ​នេសាទ​បាន​ចេញពី​ទូក បន្ទាប់ពី​ការនេសាទ​នៅ​ឈូងសមុទ្រ​ថៃ​ក្នុង​ខេត្តសាមុត សាខន ​ភាគខាងលិច​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។
រូបឯកសារ៖ អ្នកនេសាទ យក​ត្រី​ដែល​ពួកគេ​នេសាទ​បាន​ចេញពី​ទូក បន្ទាប់ពី​ការនេសាទ​នៅ​ឈូងសមុទ្រ​ថៃ​ក្នុង​ខេត្តសាមុត សាខន ​ភាគខាងលិច​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។

តទៅ​នេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​នេះ ​សេចក្តី​ត្រូវការ​សាកល​នៃ​អាហារ​សមុទ្រមាន​លើស​ពី​កំណើនប្រជារាស្ត្រ។​ លទ្ធផល ​គឺការនេសាទ​ហួស​កម្រិត​ ជាពិសេសនៅ​ក្នុង​ដែន​សមុទ្រងាយ​ទៅ​ដល់។ ក៏​ប៉ុន្តែ ​នៅ​ពេល​ដែល​ត្រី​បាន​ថយ​ចំនួន​ ពួក​អ្នកនេសាទ​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយថែម​ទៀត​ដើម្បីចាប់​ត្រី។ ការធ្វើ​ដំណើរ​បែប​នេះ​ បង្កើន​ចំណាយដូច​ជា​ប្រេងឥន្ធនៈ​និង​ពលកម្ម ​ហើយពួក​ប្រតិបត្តិករ​ដែល​មាន​មនសិការ​តិច​ ​បាន​ប្រើ​វិធីខុស​ច្បាប់ដើម្បីបង្កើន​កម្រៃ។

វិធី​មួយ​ក្នុង​ការកាត់​បន្ថយ​ចំណាយ ​គឺ​ការពឹង​ពាក់លើ​ពលកម្មដោយ​បង្ខំ។

របាយការណ៍​ថ្មី​មួយ​អំពី​ការជួញដូរ​មនុស្ស​ក្នុង​សង្វាក់​ផ្តល់​អាហារ​សមុទ្រ​ដាក់​ស្នើ​រួម​គ្នាជូន​សភា​ស.រ.អ.​ដោយ​ក្រសួង​ការបរទេស​ស.រ.អ.​និង​រដ្ឋបាល​ជាតិ​ខាង​មហាសមុទ្រ​និងបរិយាកាសហៅ​កាត់​ថា ​NOAA ​ចែង​ថា «វិស័យនេសាទនាំ​ឱ្យ​មាន​ការប្រថុយ​ប្រថាន​ខ្ពស់ខាង​ការជួញ​ដូរមនុស្ស។​ ការងារ​នេះ ត្រូវចាត់ទុក​ថា​ មានគ្រោះ​ថ្នាក់ ហើយជា​ញឹកញយពឹងពាក់​ច្រើន​លើ​កម្លាំង​ពលកម្ម​មាន​ជំនាញ​តិចតួច​ ជា​ពួក​ជនចំណាក​ស្រុកងាយស្រួល​ត្រូវ​ជំនួស​ដែល​អាច​រងគ្រោះ​ដោយងាយ​ដោយសារការជួញដូរ​មនុស្ស»។

ការអនុវត្តបទឧក្រិដ្ឋ​នេះត្រូវ​លាក់​បាំង​ដោយងាយ ពីព្រោះ​ការនេសាទនៅ​ដាច់​ពី​គេ។ កង​នាវា​នេសាទជួនកាល​ចំណាយ​ពេលរាប់ខែ ឬ​ច្រើន​ឆ្នាំ​ក្នុង​សមុទ្រ។ ការណ៍​នេះ​ ធ្វើ​ឱ្យ​ក្រុម​អ្នក​នេសាទក្នុងស្ថានភាព​ពលកម្ម​បង្ខំ​សឹងតែ​មិន​អាច​រត់​គេច​ខ្លួន ឬ​រាយការណ៍អំពី​ការធ្វើបាបពួកគេ។ ជាញឹកញាប់ ​ពួកជន​រងគ្រោះដោយសារ​ការជួញដូរ​មនុស្ស​ បាន​រង​ការរំលោភខាង​ផ្លូវចិត្តនិង​លើ​រាងកាយ​ដែល​ជួន​កាល​ស្លាប់​បាត់បង់​ជីវិត ​ការធ្វើការ​ច្រើន​ម៉ោង ​ស្ថានភាព​រស់នៅមិន​ល្អ ​និងប្រាក់បៀវត្សរ៍ទាប​ ឬ​ការលួច​ប្រាក់​បៀវត្សរ៍​ថែម​ទៀត។

ការប្រើ​ពលកម្ម​ដោយបង្ខំ​នៅ​ក្នុង​ឧស្សាហកម្ម​នេសាទ​ ​ក៏​មានទំនង​ច្រើនថា ​កើត​មាននៅ​ក្នុង​ពួក​ប្រទេស​គ្មាន​ស្ថិរភាព​នយោបាយដែលមាន​ការការពារខាងផ្លូវច្បាប់ខ្សោយ​សម្រាប់សេរីភាពពលរដ្ឋ ​និ​ង​សិទ្ធិ​ក្រុម​ពលករ ​អំពើ​ពុក​រលួយកម្រិត​ខ្ពស់ ឧក្រិដ្ឋកម្ម​នៃអំពើ​ហិង្សា និង​ភាពក្រីក្រ។ ដូច្នេះ​ សេចក្តី​រាយការណ៍​នេះ​ ផ្តល់​អនុសាសន៍ដល់​ស.រ.អ.​ឱ្យអនុវត្តវិធានការ​បួនឆ្ពោះ​ទៅ​លុបបំបាត់ការនាំ​ឱ្យ​មាន​ទុក្ខទោស​នេះ។ វិធានការ​ទី​មួយ​គឺ ស.រ.អ.​ត្រូវ​អភិវឌ្ឍ​ការឆ្លើយតបទាំងស្រុង​របស់រដ្ឋាភិបាល​ដល់​ការប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ​មនុស្ស​នៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​អាហារ​សមុទ្រ​ទាំង​ក្នុង​ប្រទេស​និង​ជា​អន្តរជាតិ។

វិធានការ​ទីពីរ​គឺ ស.រ.អ.​គួរឧបត្ថម្ភ​ផ្ចុងផ្តើមកិច្ចខិតខំ​ប្រឹងប្រែងប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញ​ដូរមនុស្ស​ក្នុង​បណ្តា​ប្រទេសដែល​គេដឹង​ថាមាន​បញ្ហា​ជាមួយពលកម្ម​ដោយ​បង្ខំ​ក្នុង​ឧស្សាហកម្ម​នេសាទ។

វិធានការ​ទី​បី​គឺ ស.រ.អ.​គួរ​ឧបត្ថម្ភ​ផ្ចុងផ្តើម​និង​គាំទ្រ​កិច្ចខិតខំប្រឹង​ប្រែងតាមដាន​សាកល​ ​និង​ទាក់ទង​ជាមួយឧស្សាហកម្ម​នេសាទ​និង​អង្គការក្រៅ​រដ្ឋាភិបាលក្នុង​ចំណោមអង្គការ​ពាក់ព័ន្ធ​ឯ​ទៀតៗ។

ហើយជា​ទីបញ្ចប់​ វិធានការ​ទាំង​នេះ គួរធ្វើ​បន្តនិងពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែងមាន​មក​ហើយ​របស់ក្រសួង​ការបរទេស​ស.រ.អ.​និង​ NOAA ​ដើម្បី​ដោះស្រាយបញ្ហា​ជួញដូរ​មនុស្សក្នុង​សង្វាក់ផ្គត់ផ្គង់​អាហារ​សមុទ្រ។

ការប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្សក្នុង​វិស័យ​ម្ហូប​សមុទ្រ​ជាសិទ្ធិ​មនុស្សសំខាន់​មួយ ​និង​ជា​បញ្ហា​ឧក្រិដ្ឋកម្ម​ព្រម​ទាំង​ជា​អាទិភាព​របស់​គោល​នយោបាយ​ការបរទេស​ស.រ.អ.​មួយ​ផង​ដែរ។​ របាយការណ៍​ថ្មី​នេះ ​ជា​វិធានការ​សំខាន់​មួយក្នុង​ការពង្រឹងនិង​ការសម្រប​សម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ស.រ.អ.​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ​មនុស្ស​ក្នុង​វិស័យ​អាហារ​សមុទ្រ៕

XS
SM
MD
LG