Accessibility links

Breaking News

បទ​វិចារណកថា៖ លោក​រដ្ឋមន្ត្រី Blinken ធ្វើ​ទស្សនកិច្ច​ទៅ​ចិន


(រូបឯកសារ) រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken និង​រដ្ឋមន្ត្រី​ការបរទេស​ចិនលោក Wang Yi កាល​ពី​ជួប​ប្រជុំ​គ្នា​នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី។
(រូបឯកសារ) រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken និង​រដ្ឋមន្ត្រី​ការបរទេស​ចិនលោក Wang Yi កាល​ពី​ជួប​ប្រជុំ​គ្នា​នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ដោយ​ចាត់​វិធានការ​ផ្អែក​លើ​ជំនឿ​ដែល​ថា​ ការ​ប្រកួត​ប្រជែង​ខ្លាំងក្លា​តម្រូវ​ឱ្យ​មាន​ការទូត​ខ្លាំងក្លា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា​ដើម្បី​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

កាលពី​ខែ​កុម្ភៈ លោក​រដ្ឋមន្ត្រី Blinken បាន​លុប​ចោល​ទស្សនកិច្ច​គ្រោង​ទុក​ទៅ​កាន់​ទីក្រុង​ប៉េកាំង បន្ទាប់ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បង្ហោះ​បាឡុង​ចារកម្ម​កាត់​ពី​លើ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សន្និសីទ​កាសែត​តាម​ទូរស័ព្ទ​ជាមួយ​នឹង​អ្នក​យក​ព័ត៌មាន ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​លោក Daniel Kritenbrink បាន​និយាយ​ថា៖ «មិន​មាន​ការ​ជំនួស​ណា​មួយ​សម្រាប់​ការ​ប្រជុំ​ដោយ​ផ្ទាល់​នោះ​ទេ ហើយ​សហរដ្ឋ​អាមេរិក...មាន​បទ​ពិសោធន៍​ជ្រាលជ្រៅ​នៅ​ក្នុង​ការ​ចរចា​និង​សូម្បីតែ​ការ​ធ្វើការ​ជាមួយ​នឹង​គូ​ប្រជែង​របស់​ខ្លួន​នៅ​ពេល​មាន​ការ​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់​ខ្លួន»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mathew Miller បាន​និយាយ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី Blinken ទៅ​កាន់​ប្រទេស​ចិន​នេះ​ថា ទស្សនកិច្ច​នេះ​មាន​គោល​បំណង ៣។

លោក​ថ្លែង​ដូច្នេះ​ថា៖ «សម្រាប់​គោល​បំណង​ទី​មួយ លោក​រដ្ឋមន្ត្រី [Blinken] ចង់​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ដែល​បើក​ចំហ​និង​ផ្ដល់​សិទ្ធិ​អំណាច​ក្នុង​ការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​សំខាន់ៗ ដោះស្រាយ​ការ​ភាន់​ច្រឡំ និង​បង្ការ​ការ​ប៉ាន់ស្មាន​ខុស​ដើម្បី​គ្រប់គ្រង​ការ​ប្រកួត​ប្រជែង​រវាង​ប្រទេស​យើង​ទាំង​ពីរ»។

លោក​បាន​បន្ត​ថា៖ «គោល​បំណង​ទី​ពីរ​គឺ​ដូច​ដែល​យើង​តែងតែ​ធ្វើ​ដូច្នេះ​ដែរ លោក​រដ្ឋមន្ត្រី [Blinken] នឹង​ងើប​ឈរ​និយាយ​ការពារ​គុណតម្លៃ​និង​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។ លោក​នឹង​លើកឡើង​យ៉ាង​ច្បាស់​និង​ដោយ​ស្មោះត្រង់​អំពី​ក្ដី​បារម្ភ​របស់​យើង​លើ​បញ្ហា​ជា​ច្រើន ហើយ​លោក​នឹង​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ​ទាំង​ក្នុង​តំបន់​និង​លើ​ពិភពលោក»។

លោក Miller បាន​បន្ថែម​ថា៖ «សម្រាប់​គោល​បំណង​ទី​បី លោក​រដ្ឋមន្ត្រី [Blinken] តាំងចិត្ត​នៅ​ក្នុង​ការ​ស្វះស្វែង​រក​កិច្ច​សហប្រតិបត្តិការ​ដែល​អាច​ទៅ​រួច​ណា​មួយ​លើ​បញ្ហា​ប្រឈម​ឆ្លង​ព្រំដែន នៅ​ពេល​ដែល​វា​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​លើ​ផ្នែក​នានា​ដូចជា​អាកាសធាតុ​និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​សាកលលោក​ជាដើម»។

លោក Miller បាន​ថ្លែង​ទៀត​ថា លោក​រដ្ឋមន្ត្រី Blinken «មើល​ឃើញ​ច្បាស់លាស់» អំពី​ដំណើរ​ទស្សនកិច្ច​នេះ​និង​ភាព​ខុស​គ្នា​ដែល​សហរដ្ឋ​អាមេរិក​មាន​ជាមួយ​នឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើ​បញ្ហា​ជា​ច្រើន។

លោក Miller បាន​រំឭក​មិន​ឱ្យ​មាន​ការ​រំពឹងទុក​ណា​មួយ​ថា​នឹង​មាន​ការ​ទម្លាយ​ភាព​ទាល់ច្រក​ទាក់ទិន​នឹង​បញ្ហា​ទាំង​នេះ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី Blinken នេះ។

ប៉ុន្តែ លោក Miller បាន​ប្រកាស​ថា ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​ពីរ​នៅ​លើ​ពិភពលោក វា​សំខាន់​ដែល​សហរដ្ឋ​អាមេរិក​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន «ធ្វើ​ឱ្យ​ប្រាកដ​ថា​មិន​មាន​ការ​ប៉ាន់ស្មាន​ខុស​ណា​មួយ​លើ​ភាគី​ម្ខាង​ទៀត​អំពី​គោល​បំណង​របស់​ភាគី​នោះ នៅ​ពេល​ដែល​យើង​កំពុង​តាមដាន​មើល​គ្នា​ទៅ​វិញ​ទៅ​មក​និង​តាមដាន​មើល​វិធានការ​ដែល​យើង​អនុវត្ត និង​ថា​នៅ​ពេល​ដែល​យើង​មាន​បញ្ហា យើង​អាច​លើកឡើង​អំពី​បញ្ហា​ទាំង​នោះ​ដោយ​ផ្ទាល់​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ការ​យល់​ច្រឡំ​នឹង​មិន​អាច​ឈាន​ទៅ​ដល់​ការ​ប៉ាន់ស្មាន​ខុស​ប្រកប​ដោយ​គ្រោះថ្នាក់​បាន​ទេ»៕

XS
SM
MD
LG