តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សាធារណរដ្ឋប្រជាមានិតចិន បានប្រឡូកនៅក្នុងល្បែងដ៏មានគ្រោះថ្នាក់និងនាំឲ្យមានអស្ថិរភាពមួយ នៅពេលដែលប្រទេសនេះ បានបង្កើនយ៉ាងតិចពីរដងនូវបរិមាណអាវុធនុយក្លេអ៊ែររបស់ខ្លួននៅក្នុងទសវត្សរ៍នេះ។
នៅក្នុងអត្ថបទបញ្ចេញមតិមួយកាលពីពេលថ្មីៗនេះ អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានសរសេរថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងបដិសេធមិនព្រមបង្ហាញឲ្យដឹងអំពីចំនួនអាវុធនុយក្លេអ៊ែរដែលខ្លួនមាន ចំនួនអាវុធនុយក្លេអ៊ែរដែលខ្លួនគ្រោងផលិត ឬក៏គម្រោងដែលខ្លួននឹងធ្វើជាមួយនឹងអាវុធនុយក្លេអ៊ែរទាំងនោះ។ ប្រទេសចិន គឺជាប្រទេសដែលមានតម្លាភាពតិចជាងគេបំផុតក្នុងចំណោមប្រទេសជាសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ទោះបីជាគណបក្សកុម្មុយនីស្តចិនមានភាពសម្ងាត់ក៏ដោយ ក៏ពិភពលោកដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងបន្តគម្រោងនុយក្លេអ៊ែរសម្ងាត់ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ហើយពិភពលោកដឹងថា ចិនកំពុងបង្កើនល្បឿនពង្រីកនិងធ្វើទំនើបកម្មសមត្ថភាពអាវុធទាំងនោះ ហើយនៅក្នុងពេលដំណាលគ្នានោះ ចិនបដិសេធមិនព្រមឲ្យសហរដ្ឋអាមេរិកចូលរួមនៅក្នុងការសន្ទនាដ៏មានប្រយោជន៍អំពីការអភិវឌ្ឍទាំងនោះទេ។
រូបភាពតាមផ្កាយរណបបានបង្ហាញឲ្យឃើញអំពីភាពជឿនលឿនរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅក្នុងការឆ្ពោះទៅកាន់ការកសាងកងយោធាលំដាប់ពិភពលោកមួយនៅត្រឹមឆ្នាំ ២០៤៩។
ព្យុះហយាត្រារបស់កងទ័ព PLA កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញនូវមីស៊ីលប្រភេទ Dongfeng-41 ដែលអាចបាញ់ដល់មាត់សមុទ្ររបស់សហរដ្ឋអាមេរិកបានក្នុងរយៈពេលតែ៣០នាទីប៉ុណ្ណោះ។
លោក Pompeo បាននិយាយថា៖ «កងទ័ព PLA នឹងដាក់ពង្រាយមីស៊ីលនេះក្នុងកន្លែងរក្សាទុកក្រោមដីនិងលើយានចល័តនៅពេលអនាគតដ៏ខ្លីខាងមុខ ហើយយើងរំពឹងថា ប្រសិនបើទំនោរបច្ចុប្បន្ននៅបន្តបែបនេះ ប្រទេសចិន នឹងអាចពង្រីកបរិមាណអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងតិចបានពីរដងនៅក្នុងទសវត្សរ៍ខាងមុខ»។
បន្ថែមពីលើការពង្រីកកងកម្លាំងនុយក្លេអ៊ែរបែបយុទ្ធសាស្ត្ររបស់ខ្លួន កងទ័ព PLA បានដាក់ពង្រាយគ្រាប់ផ្លោងមីស៊ីលជាង១ពាន់គ្រាប់ នៅជិតមាត់សមុទ្ររបស់ខ្លួន។ អាវុធទាំងនេះជាច្រើន អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនិងក្បាលគ្រាប់បែកធម្មតាបាន។
លោក Pompeo បានថ្លែងថា អាវុធទាំងនេះ មានបំណងសំដៅវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកនៅតំបន់អាស៊ីបូព៌ា គំរាមកំហែងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងគាំទ្រដល់គោលនយោបាយការបរទេសបែបបង្ខិតបង្ខំរបស់សាធារណរដ្ឋប្រជាមានិតចិន។
គោលជំហរនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងប៉េកាំង គឺកាន់តែគឃ្លើនជាងមុន គំរាមកំហែងដល់ប្រទេសជិតខាងដែលគ្មានអាវុធនុយក្លេអ៊ែរ និងបណ្ដាលឲ្យមានចម្ងល់អំពីគោលនយោបាយពោរពេញដោយមហិច្ឆតារបស់រដ្ឋាភិបាលនេះ ទាក់ទិននឹង«ការមិនប្រើអាវុធនុយក្លេអ៊ែរមុនគេ»។
ផ្ទុយទៅវិញ សហរដ្ឋអាមេរិកនិងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យផ្សេងទៀត ប្រកាន់ខ្ជាប់តម្លាភាពនិងគោរពបទដ្ឋានអាវុធនុយក្លេអ៊ែរអន្តរជាតិ ក៏ដូចជាធ្វើការដើម្បីអភិវឌ្ឍនិងជំរុញសំណើត្រួតត្រាអាវុធដែលអាចជឿទុកចិត្តបាន ដើម្បីបញ្ចៀសកុំឲ្យមានសង្គ្រាមនុយក្លេអ៊ែរកើតឡើង។
លោក Pompeo បាននិយាយថា៖ «យើងចូលរួមក្នុងបណ្តាញទំនាក់ទំនងគ្រាមានវិបត្តិដ៏ក្លៀវក្លា និងគួរឲ្យជឿទុកចិត្តបានជាមួយមហាអំណាចនុយក្លេអ៊ែរដទៃទៀត ហើយយើងបានលើកទឹកចិត្តរដ្ឋាភិបាលក្រុងប៉េកាំងឲ្យធ្វើដូច្នេះដែរ»។
លោក Pompeo បានជំរុញថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាមានិតចិនឲ្យចូលរួមជាមួយសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី នៅក្នុងការរៀបចំកិច្ចព្រមព្រៀងត្រួតត្រាអាវុធថ្មីមួយ ដែលគ្របដណ្តប់លើអាវុធនុយក្លេអ៊ែរគ្រប់ប្រភេទទាំងអស់។
លោក Pompeo បានជំរុញបណ្ដាប្រទេសជាមិត្តភ័ក្តិរបស់សហរដ្ឋអាមេរិកឲ្យហ៊ាននិយាយគាំទ្រសំណើនេះ។ លោកបាននិយាយដូច្នេះថា៖ «ប្រទេសជាច្រើន ដែលក្នុងនោះមានទាំងប្រទេសដែលគាំទ្រខ្លាំងក្លាដល់ការត្រួតត្រាអាវុធ ដែលពឹងពាក់លើសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការទប់ទល់នុយក្លេអ៊ែរផងដែរ នៅតែមិនហ៊ាននិយាយជាផ្លូវការអំពីការបង្កើនកម្លាំងនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងប៉េកាំង»។
ប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសមហាអំណាចនានា ដែលរួមមានទាំងសាធារណរដ្ឋប្រជាមានិតចិនផងដែរ ត្រូវតែមានការទទួលខុសត្រូវលើអាវុធនុយក្លេអ៊ែរ ដែលជាអាវុធដ៏មានគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ ប្រទេសណាដែលបំពេញចិត្តរដ្ឋាភិបាលណាដែលគ្មានការទទួលខុសត្រូវ ឬក៏ស្រុះស្រួលតាមសកម្មភាពរបស់រដ្ឋាភិបាលទាំងនោះ នឹងរងផលវិបាកដោយជៀសមិនរួច៕