តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីថ្ងៃទី ២៨ ខែកក្កដា កន្លងទៅនេះ ប្រទេសប៉េរូ បានប្រារព្ធឯករាជ្យរយៈពេល ២ សតវត្សរ៍របស់ខ្លួន។ នៅចំពេលប្រារព្ធពិធីនោះ ស្ថាប័នសារមន្ទីរ Smithsonian របស់សហរដ្ឋអាមេរិក បានប្រគល់ជូនប្រទេសប៉េរូវិញនូវវត្ថុបុរាណដែលមានឈ្មោះពីមុនថា Echenique Disc។
វត្ថុបុរាណនេះ មានអង្កត់ផ្ចិតប្រវែងប្រហែល ១៣,៥ សង់ទីម៉ែត្រ និងធ្វើពីមាស ប្រាក់ និងទង់ដែង។ វត្ថុនេះ មានអាយុកាលមុនចក្រភព Incan ទៅទៀត ហើយគេជឿថា វាត្រូវបានរចនាឡើងនៅរវាងឆ្នាំ ៨០០ មុនគ្រិស្ដសករាជ និងឆ្នាំ ១ នៃគ្រិស្តសករាជ។
វត្ថុបុរាណនេះ ត្រូវបានផ្ដល់ជាអំណោយជាមួយនឹងវត្ថុមានតម្លៃផ្សេងទៀតឱ្យលោក Jose Rufino Echenique ដែលជាប្រធានាធិបតីប៉េរូនៅពេលនោះ នៅពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Cuzco ប្រទេសប៉េរូ នៅក្នុងឆ្នាំ ១៨៥៣។
បន្ទាប់ពីពេលនោះមក កន្លែងរក្សាទុកវត្ថុមានតម្លៃទាំងអស់នេះ ត្រូវបានភ្លើងឆេះខ្ទេចខ្ទី ប៉ុន្តែក្នុងរយៈពេលយូរក្រោយមកទៀត វត្ថុបុរាណនេះ បានលេចឡើងនៅក្នុងបណ្ដុំវត្ថុបុរាណដែលប្រមូលរក្សាទុករបស់ជនជាតិអាល្លឺម៉ង់ម្នាក់ ដែលបានលក់វត្ថុនេះទៅឱ្យអ្នកប្រមូលរក្សាទុកវត្ថុបុរាណម្នាក់ទៀតឈ្មោះ George G. Heye នៅក្នុងឆ្នាំ ១៩១២។
លោក Heye បានបរិច្ចាគវត្ថុបុរាណនេះទៅឱ្យសារមន្ទីរមួយនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ វត្ថុបុរាណនេះ នៅទីបំផុតត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរជាតិជនជាតិដើមអាមេរិក (National Museum of the American Indian) ដែលជាផ្នែកមួយនៃស្ថាប័នសារមន្ទីរ Smithsonian។
ស្ថាប័នសារមន្ទីរ Smithsonian នេះ គឺជាក្រុមសារមន្ទីរនិងមជ្ឈមណ្ឌលស្រាវជ្រាវអប់រំដែលបង្កើតឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកធ្វើការជាមួយប្រទេសនានានៅជុំវិញពិភពលោក ដែលក្នុងនោះមានទាំងប្រទេសប៉េរូផងដែរ ដើម្បីជួយការពារ និងអភិរក្សបូជនីយដ្ឋាននិងវត្ថុបុរាណជាប្រវត្តិសាស្ត្រ ក៏ដូចជាទីតាំងបុរាណវិទ្យានានារបស់ប្រទេសទាំងនោះ។
នៅក្នុងឆ្នាំ ១៩៧៧ នៅក្នុងផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបង្ការនិងប្រឆាំងនឹងការជួញដូរវត្ថុបុរាណមានតម្លៃនានា សហរដ្ឋអាមេរិកនិងប្រទេសប៉េរូ បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាមួយដើម្បីការពារសម្បត្តិវប្បធម៌។
នៅក្នុងខែមិថុនា ឆ្នាំ ២០២១ អនុសារណៈយោគយល់គ្នាមួយទៀត ត្រូវបានចុះហត្ថលេខាក្នុងគោលបំណងប្រគល់វត្ថុបុរាណ Echenique Disc ទៅឱ្យប្រទេសប៉េរូវិញ គឺស្របពេលនឹងការប្រាព្ធឯករាជ្យរយៈពេល ២ សតវត្សរ៍របស់ប្រទេសនេះ។
បន្ទាប់ពីត្រូវបានបញ្ជូនទៅដល់រដ្ឋធានីលីម៉ា ប្រទេសប៉េរូ វត្ថុបុរាណនេះ ត្រូវបានដាក់ឈ្មោះជាថ្មីថា Sun Disc ហើយវាត្រូវបានប្រកាសថា ជា«បេតិកភណ្ឌវប្បធម៌ជាតិ» និងផ្ទេរទៅកាន់សារមន្ទីរប្រវត្តិសាស្ត្រតំបន់ (Museum of Regional History) នៅក្នុងទីក្រុង Cuzco។
ទីក្រុង Cuzco ដែលបានយករូបវត្ថុបុរាណនេះជានិមិត្តសញ្ញាផ្លូវការរបស់ខ្លួននៅក្នុងឆ្នាំ ១៩៨៦ បានស្វាគមន៍ទទួលយកវត្ថុបុរាណដ៏មានតម្លៃនេះត្រឡប់មកវិញនៅក្នុងរយៈពេល ១៦៨ ឆ្នាំក្រោយមក។
វត្ថុបុរាណដែលជាកេរដំណែលប្រវត្តិសាស្ត្រនានា គឺជាការឆ្លុះបញ្ចាំងដែលមិនអាចកាត់ថ្លៃបានឱ្យឃើញអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌។ សហរដ្ឋអាមេរិកធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសនានានៅជុំវិញពិភពលោកដើម្បីលើកកម្ពស់ការការពារ និងការអភិរក្សកេរដំណែលវប្បធម៌៕