តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ប្តេជ្ញាតាមស្វែងរកយុត្តិធម៌អន្តរជាតិយ៉ាងស្វិតស្វាញ។ លក្ខណៈពិសេសមួយដែលខុសពីក្រសួងការបរទេសនៃប្រទេសនានា គឺក្រសួងការបរទេសសហរដ្ឋអាមេរិក មានការិយាល័យមួយដែលផ្តោតជាពិសេសលើការដោះស្រាយឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ ដូចលោក Morse Tan ឯកអគ្គរដ្ឋទូតគោរចរប្រចាំក្រសួង និងជានាយកដឹកនាំការិយាល័យយុត្តិធម៌ព្រហ្មទណ្ឌពិភពលោក បានបញ្ជាក់ក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះដូច្នេះដែរ។
លោក Tan បានបញ្ជាក់ដូច្នេះថា៖ «យើងនិយាយពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអ្វីក៏ដោយដែលយើងអាចធ្វើបានដើម្បីទប់ស្កាត់ កាត់បន្ថយ ឬដោះស្រាយអំពើអយុត្តិធម៌ទាំងនេះ អំពើអយុត្តិធម៌ទ្រង់ទ្រាយធំទាំងនេះ អំពើអយុត្តិធម៌ដ៏គួរឲ្យខ្លាចទាំងនេះ។ នេះគឺជាអ្វីដែលយើងយកចិត្តទុកដាក់»។
លោកឯកអគ្គរដ្ឋទូត Tan បានបញ្ជាក់ថា ការិយាល័យរបស់លោកផ្តល់យោបល់ដល់រដ្ឋមន្ត្រីការបរទេស និងជួយដល់ការប្រើប្រាស់ធនធានដ៏ច្រើនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងមូលលើបញ្ហាដែលពាក់ព័ន្ធនឹងយុត្តិធម៌ព្រហ្មទណ្ឌពិភពលោក។
លោក Tan ថ្លែងដូច្នេះថា៖ «ទោះបីជាផ្នែកសេដ្ឋកិច្ច ការទូត ច្បាប់ ឬក៏យោធាក៏ដោយ គឺមានឧបករណ៍ផ្សេងៗជាច្រើនដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក មាននៅក្នុងដៃ។ អ្នកក៏អាចនិយាយបានផងដែរថា យើងគឺជាបណ្តុំគោលនយោបាយ»។
លោកឯកអគ្គរដ្ឋទូត Tan បានថ្លែងថា ការិយាល័យយុត្តិធម៌ព្រហ្មទណ្ឌពិភពលោកមានបេសកកម្មជាមូលដ្ឋានដូចគ្នានឹងតុលាការព្រហ្មទណ្ឌអន្តរជាតិដែរ គឺនាំយកអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទ្រង់ទ្រាយធំមកកាត់ទោស។
ប៉ុន្តែ ដោយសារមានបញ្ហាមួយចំនួនដូចជាបញ្ហាអធិបតេយ្យភាពជាដើម សហរដ្ឋអាមេរិកមិនដែលចូលជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលបានបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិនោះទេ។ ហើយជាអកុសល តុលាការព្រហ្មទណ្ឌអន្តរជាតិបានងាកចេញពីគោលបំណងរបស់ខ្លួនក្នុងនាមជាតុលាការសម្រាប់ជាជម្រើសចុងក្រោយ ដែលត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិដ៏អាក្រក់បំផុតនានា។ ជំនួសមកវិញ តុលាការនេះ បានក្លាយជា «ឧបករណ៍នយោបាយនិងពុករលួយ» ។ នេះ បើតាមការប្រកាសរបស់លោកឯកអគ្គរដ្ឋទូត Tan។
លោក Tan បានបន្ថែមថា គឺសហរដ្ឋអាមេរិកទេ ដែលនៅបន្តដឹកនាំពិភពលោកនៅក្នុងការតាមស្វែងរកអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ។
លោកបញ្ជាក់ដូច្នេះថា៖ «តុលាការព្រហ្មទណ្ឌអន្តរជាតិ គឺមិនមែនជាតួអង្គតែមួយទេក្នុងលោកនេះ ដែលបំពេញការងារជាតុលាការអន្តរជាតិ ឬក៏ជាតុលាការចម្រុះឬកូនកាត់ ដែលចូលរួមដោយភាគីក្នុងប្រទេសនិងអន្តរជាតិ ឬក៏តុលាការក្នុងប្រទេសនោះ។ ហើយចំណុចនេះ គឺពិតសម្រាប់តុលាការពិសេសសម្រាប់ប្រទេសលីបង់ អង្គជំនុំជម្រះពិសេសសម្រាប់កូសូវ៉ូ យន្តការដោះស្រាយទំនាស់ឯករាជ្យនិងមិនលម្អៀងអន្តរជាតិ (IIIM) ដែលកំពុងព្យាយាមប្រមូលព័ត៌មានទាក់ទិននឹងឧក្រិដ្ឋកម្មប្រព្រឹត្តឡើងនៅក្នុងប្រទេសស៊ីរី ឬយន្តការស៊ើបអង្កេតឯករាជ្យសម្រាប់ប្រទេសមីយ៉ាន់ម៉ា (IIMM) ដែលបានព្យាយាមប្រមូលភស្តុតាងទាក់ទិននឹងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យើងគាំទ្រការងារទាំងនេះ ហើយយើងក៏ជួយលើផ្នែកប្រមូលភស្តុតាងផងដែរ»។
លោកឯកអគ្គរដ្ឋទូត Tan បានបញ្ជាក់ថា សហរដ្ឋអាមេរិក «ប្តេជ្ញានិងតាំងចិត្តយ៉ាងមោះមុត» នៅក្នុងការស្វែងរកយុត្តិធម៌លើពិភពលោក។
លោកបន្ថែមថា៖ «នៅពេលយើងគិតដល់អ្នកដែលរងគ្រោះដោយសារអំពើឧក្រិដ្ឋកម្មទ្រង់ទ្រាយធំទាំងនេះ គឺជំរុញឲ្យយើងមានទឹកចិត្តកាន់តែខ្លាំង។ ហើយទោះបីជាយ៉ាងណាក៏ដោយ យើងនឹងពង្រីកនិងបង្កើនធនធានរបស់យើងដើម្បីបំពេញបេសកកម្មនេះ»៕