តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋបាលលោក Biden និងលោកស្រី Harris ជឿថា ការទប់ទល់នឹងអំពើពុករលួយជាផលប្រយោជន៍សន្តិសុខជាតិសំខាន់មួយ។ ហេតុដូច្នេះ ទើបសហរដ្ឋអាមេរិកចាត់វិធានការប្រឆាំងនឹងជនប្រព្រឹត្តអំពើពុករលួយនៅជុំវិញពិភពលោក។
ដើម្បីធ្វើឲ្យជនប្រព្រឹត្តអំពើពុករលួយមានការទទួលខុសត្រូវ និងដើម្បីការពារប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកកុំឲ្យមានការរំលោភបំពាន ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុ ហៅកាត់ថា OFAC បានដាក់ទណ្ឌកម្មលើជនជាតិប៉ារ៉ាហ្កាយបីនាក់៖ Kassem Mohamad Hijazi Khalil Ahmad Hijazi និង Liz Paola Doldan Gonzalez ចំពោះតួនាទីរបស់ពួកគេក្នុងការប្រព្រឹត្តិអំពើពុករលួយនៅក្នុងប្រទេសប៉ារ៉ាហ្កាយ។ OFAC ថែមទាំងបានបញ្ចូលឈ្មោះស្ថាប័ន៥ ដែលបានជាប់ពាក់ព័ន្ធជាមួយបុគ្គលទាំង៣ផងដែរ។ «សហរដ្ឋអាមេរិកប្តេជ្ញាគាំទ្រកិច្ចប្រឹងប្រែងរបស់ប្រទេសប៉ារ៉ាហ្កាយ ដើម្បីកម្ចាត់អំពើពុករលួយនិងដើម្បីលើកស្ទួយការទទួលខុសត្រូវសម្រាប់ជនណាដែលបង្ខូចស្ថាប័នរដ្ឋាភិបាល» នេះជាប្រសាសន៍របស់លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken។
លោក Kassem Mohamad Hijazi ក្តោបក្តាប់អង្គការលាងលុយពិភពលោកមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុង Ciudad Del Este ប្រទេសប៉ារ៉ាហ្កាយ។ បណ្តាញរបស់ Kassem ដែលមានការគាំទ្រដោយការសូកប៉ាន់បណ្តាមន្ត្រីរដ្ឋាភិបាលនោះ យកក្រុមហ៊ុនដែលមានទំនាក់ទំនងជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងមកពាក់មុខ។
លោក Khalil Ahmad Hijazi ដែលត្រូវជាដៃគូ ទទួលបន្ទុកខាងការផ្តល់ជំនួយជាធនធាននិងសេវាឲ្យ Kassem ក្នុងការប្រព្រឹត្តិអំពើពុករលួយរបស់ Kassem។
OFAC ចាត់ទុកក្រុមហ៊ុន Espana Informatica, Emprendimientos Inmobiliarios Misiones S.A., Apolo Informatica S.A., and Mundo Informatico ជាក្រុមហ៊ុនដែល Khalil ជាម្ចាស់ ឬជាអ្នកគ្រប់គ្រង និងក្រុមហ៊ុន Espana Informatica S.A.ជាក្រុមហ៊ុនដែល Kasem ជាម្ចាស់ ឬជាអ្នកគ្រប់គ្រង។
Liz Paola Doldan Gonzalez ជាសហការីរបស់ Kassem។ ក្នុងតួនាទីជាឈ្មួញកណ្តាល គាត់សូកប៉ាន់ពួកអ្នកធ្វើការនៅកំពង់ផែ និងក្រុមមន្ត្រីពន្ធគយនៃប្រទេសប៉ារ៉ាហ្កាយ ដើម្បីនាំទំនិញចេញចូលឆ្លងកាត់តាមប្រទេសប៉ារ៉ាហ្កាយ។ ក្រុមហ៊ុន Mobile Zone International Import-Export របស់គាត់ ត្រូវបាន OFAC ចាត់ទុកថាជាកម្មសិទ្ធរបស់ Doldan ឬគ្រប់គ្រងដោយ Doldan។
លោក Kassem លោក Khalil និង លោក Doldan ត្រូវបានដាក់ទណ្ឌកម្មក្រោមច្បាប់ម៉ានិតស្គីដែលទទួលខុសត្រូវខាងសិទ្ធិមនុស្ស the Global Magnitsky Human Rights Accountability Act ដែលសំដៅទៅលើជនណាដែលប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សនិងអំពើពុករលួយធ្ងន់ធ្ងរ នៅជុំវិញពិភពលោក។
ដោយសារការដាក់ទណ្ឌកម្មទាំងនេះ ទ្រព្យសម្បត្តិទាំងអស់របស់បុគ្គលនិងក្រុមហ៊ុនទាំងអស់នេះដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក ឬស្ថិតនៅក្នុងដៃ ឬការគ្រប់គ្រងរបស់រូបវន្តនិងនីតិបុគ្គលសហរដ្ឋអាមេរិកត្រូវបានផ្អិបទុក ហើយរូបវន្ត និងនីតិបុគ្គលសហរដ្ឋអាមេរិកទាំងនោះ ត្រូវបានហាមឃាត់មិនឲ្យធ្វើជំនួញជាមួយបុគ្គលដែលមានចែងឈ្មោះទាំងនោះ។
«ចំណាត់ការក្រោមកម្មវិធីដាក់ទណ្ឌកម្មច្បាប់ម៉ានិតស្គីទាំងនេះ បង្ហាញថា យើងបេ្តជ្ញាដើម្បីកម្ចាត់អំពើពុករលួយ និងដាក់ឲ្យទទួលខុសត្រូវសម្រាប់មន្ត្រីណាដែលបំផ្លាញស្ថាប័នរដ្ឋាភិបាល» នេះជាសម្តីរបស់នាយក OFAC លោកស្រី Andrea M. Gacki។ លោកស្រីបន្តថា៖ «ក្រសួងហិរញ្ញវត្ថុនឹងប្រើប្រាស់អំណាចរបស់ខ្លួនជាបន្តដើម្បីរារាំងជនទុច្ចរិតនិងក្រុមហ៊ុនពាក់មុខរបស់ពួកគេកុំឲ្យរំលោភបំពានលើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ក្នុងគោលបំណងធ្វើឲ្យមនុស្សជុំវិញពិភពលោកដែលគោរពច្បាប់ទទួលការរងគ្រោះ៕