តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
របបគ្រប់គ្រងយោធាភូមាបានប្រកែកមិនព្រមធ្វើឱ្យមានឡើងវិញនូវមាគ៌ារបស់ប្រទេសភូមាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យហើយនៅតែបន្តយកជាទីដៅវាយប្រហារនិងសម្លាប់ក្រុមបាតុករដោយសន្តិវិធីបន្ថែមពីលើការការវាយប្រហារដោយព្រាវៗទៅលើពួកអ្នកឈរមើលផងដែរ។ នេះមានរួមបញ្ចូលសកម្មភាពឃោរឃៅរបស់កងកម្លាំងសន្តិសុខកាលពីថ្ងៃទី២៧ ខែមីនាដែលបានបណ្តាលឱ្យមនុស្សជាង១០០នាក់ស្លាប់។ កងកម្លាំងសន្តិសុខបានសម្លាប់មនុស្សជាង៦០០ នាក់ដោយមានរួមបញ្ចូលទាំងកុមាររាប់សិបនាក់ផងដែរ។
ជាការឆ្លើយតបនឹងសកម្មភាពហិង្សាទាំងនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើសហគ្រាសត្បូងមីយ៉ាន់ម៉ាដែលជាសហគ្រាសរដ្ឋតាមរយៈបទបញ្ញត្តិអង្គនីតិប្រតិបត្តិលេខ១៤០១៤។ កងយោធាភូមាបានទាញយកអត្ថប្រយោជន៍ពីត្បូងនិងប្រភពធម្មជាតិឯទៀតៗដើម្បីបង្កើនធនធានពួកគេហើយសហគ្រាសត្បូងមីយ៉ាន់ម៉ាជាក្រុមហ៊ុននាំមុខសកម្មភាពត្បូងក្នុងប្រទេសភូមា។ ការដាក់ទណ្ឌកម្មទាំងនេះតម្រង់ទៅរករបបគ្រប់គ្រងហើយមិនមែនសំដៅលើប្រជារាស្ត្រភូមាទេ។
លោកស្រី Andrea Gacki ជានាយិកានៃការិយាល័យគ្រប់គ្រងធនធានបរទេស។ លោកស្រីមានប្រសាសន៍ថា៖ «សកម្មភាពនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកក្នុងការបដិសេធមិនឱ្យពួកយោធាមានប្រភពប្រាក់កាសដោយមានរួមបញ្ចូលទាំងសហគ្រាសសំខាន់ៗនៅទូទាំងប្រទេសភូមាផងដែរ។ សហរដ្ឋអាមេរិកនឹងបន្តធ្វើការគ្មាននឿយហត់ជាមួយពួកដៃគូនៅក្នុងតំបន់និងក្នុងពិភពលោកដើម្បីគាំទ្រដល់ការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋមានឡើងវិញនៅក្នុងប្រទេសភូមាហើយឱ្យពួកជនដែលស្វះស្វែងបំផ្លាញគុណតម្លៃទាំងនេះទទួលខុសដល់សកម្មភាពពួកគេ»។
សហរដ្ឋអាមេរិកចាត់វិធានការទាំងនេះពីព្រោះពួកមេដឹកនាំយោធាបានចូលរួមក្នុងមហាក្រុមហ៊ុនត្បូងក្នុងក្រុងណៃពីដោនៅក្រោមការឧបត្ថម្ភនៃសហគ្រាសត្បូងមីយ៉ាន់ម៉ា។ រដ្ឋន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ដោយដាក់ទណ្ឌកម្មលើអង្គភាពទាំងនេះ យើងបញ្ជូនសារច្បាស់លាស់មួយដល់កងយោធាថា សហរដ្ឋអាមេរិក នឹងបង្កើនសម្ពាធលើលំហូរប្រាក់ចំណូលរបស់របបគ្រប់គ្រងនេះរហូតដល់ពួកគេបញ្ឈប់អំពើហិង្សាដោះលែងជនទាំងអស់ដែលត្រូវបានចាប់ឃុំឃាំដោយអយុត្តិធម៌ លុបចោលច្បាប់អាជ្ញាសឹកនិងភាពមានអាសន្ននៅទូទាំងប្រទេស លុបចោលការរឹត្បិតលើទូរគមនាគមន៍និងដាក់ប្រទេសភូមាលើមាគ៌ានៃលទ្ធិប្រជាធិបតេយ្យវិញ»។
សហរដ្ឋអាមេរិកនៅក្នុងការសម្របសម្រួលជិតស្និទ្ធជាមួយពួកសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួនក្នុងតំបន់និងទូទាំងពិភពលោក នៅតែបន្តការប្តេជ្ញាគ្មានរេរបស់ខ្លួនក្នុងការគាបសង្កត់ពួកយោធានិងកងកម្លាំងសន្តិសុខភូមាឱ្យបញ្ឈប់អំពើហិង្សាទាំងអស់ប្រឆាំងក្រុមបាតុករដោយសន្តិវិធី ក្នុងការទ្រទ្រង់ឱ្យមានមាគ៌ានៃប្រទេសភូមាទៅកាន់លទ្ធិប្រជាធិបតេយ្យឡើងវិញនិងឧបត្ថម្ភផ្ចុងផ្តើមការទទួលខុសត្រូវដល់រដ្ឋប្រហារនិងអំពើឃោរឃៅដ៏សែនអាក្រក់អាក្រីប្រឆាំងនឹងប្រជាពលរដ្ឋភូមា៕