តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីថ្ងៃទី៨ ខែកុម្ភៈ លោករដ្ឋមន្ត្រីការបរទេសស.រ.អ. Anthony Blinken បានប្រកាសអំពីការទាក់ទងជាថ្មីជាបន្ទាន់របស់សហរដ្ឋអាមេរិកជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬហៅកាត់ថា UNHCR។
សហរដ្ឋអាមេរិក នៅតែប្តេជ្ញាជាមួយគោលនយោបាយការបរទេសមួយដែលផ្អែកលើលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងភាពស្មើគ្នា។ លោករដ្ឋមន្ត្រី Blinken បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការប្រើដោយមានប្រសិទ្ធិភាពនូវឧបករណ៍ជាច្រើនជាកត្តាសំខាន់មួយនៃទស្សនៈវិស័យនេះ ហើយព្រោះហេតុនេះហើយ បានជាលោកប្រធានាធិបតី Biden បានបញ្ជាដល់ក្រសួងការបរទេសឱ្យទាក់ទងជាថ្មីជាបន្ទាន់ និងដោយមាំទាំជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ»។
នៅពេលនោះដែរ លោករដ្ឋមន្ត្រី Blinken បានទទួលស្គាល់ថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ «គួរធ្វើកំណែទម្រង់ក្នុងរបៀបវារៈខ្លួន សមាជិកភាព និងការផ្តោតការយកចិត្តទុកដាក់ដោយមានរួមបញ្ចូលស្តង់ដារពីរដល់ប្រទេសអ៊ីស្រាអែលផងដែរ»។
តែយ៉ាងណាក៏ដោយក៏លោកបានកត់សម្គាល់ថា «ការដកថយរបស់យើងកាលពីខែមិថុនា ឆ្នាំ២០១៨ មិនបានធ្វើអ្វីដើម្បីលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរមានន័យទេ តែផ្ទុយទៅវិញ បានបង្កើតឱ្យមានភាពជាប្រហោងដែលប្រទេសឯទៀតៗមានរបៀបវារៈផ្តាច់ការបានប៉ុនប៉ងប្រើសម្រាប់ការមានប្រៀបរបស់ពួកគេ»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Price បាននិយាយថា សហរដ្ឋអាមេរិកមានជំនឿថា វិធីល្អបំផុតសម្រាប់កែលម្អការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ UNHCR គឺធ្វើការពីខាងក្នុង។ អ្នកនាំពាក្យរូបនេះ បាននិយាយថា៖ «នៅពេលក្រុមប្រឹក្សានេះធ្វើការតាមបែបបទ ក្រុមប្រឹក្សានេះ អាចជាឧបករណ៍ខ្លាំងមួយសម្រាប់ឧបត្ថម្ភផ្ចុងផ្តើមសេរីភាពជាមូលដ្ឋាន ការពារសិទ្ធិស្ត្រី ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និងសហគមន៍ត្រូវបានរំលោភបំពានឯទៀតៗ ដោយក្នុងពេលជាមួយគ្នា ធ្វើការជំរុញឲ្យមានការទទួលខុសត្រូវខ្ពស់ចំពោះការរំលោភសិទ្ធិមនុស្សនៅទូទាំងពិភពលោក»។
ដំណើរការនៃការទាកទងជាថ្មីនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កំពុងធ្វើឡើងនៅក្នុងទីក្រុងហ្សឺណែវ ដែលនៅទីនោះបេសកកម្មសហរដ្ឋអាមេរិកបានចូលរួមរួចជាស្រេចហើយក្នុងការប្រជុំធម្មតាមួយរបស់ក្រុមប្រឹក្សានេះ និងក្នុងសម័យប្រជុំពិសេសមួយអំពីស្ថានការណ៍ក្នុងប្រទេសភូមា។
លោក Price បានថ្លែងថា «សម្រាប់ពេលនេះ ការទាក់ទងនោះ មានឋានៈជាអ្នកសង្កេតការដែលអនុញ្ញាតឱ្យយើងនិយាយនៅក្នុងសម័យប្រជុំ ចូលរួមក្នុងកិច្ចចរចានិងធ្វើការជាមួយពួកដៃគូ»។
លោករដ្ឋមន្ត្រី Blinken បានគូសបញ្ជាក់ថា «យើងមានជំនឿខ្លាំងថា នៅពេលណាសហរដ្ឋអាមេរិកទាក់ទងប្រកបដោយការស្ថាបនាជាមួយក្រុមប្រឹក្សានេះ ដោយធ្វើការជាមួយពួកសម្ព័ន្ធមិត្តនិងមិត្តភ័ក្តិរបស់យើង អាចនឹងមានការផ្លាស់ប្តួរជាវិជ្ជមានជាមិនខាន»៕