Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក និង​ម៉ិកស៊ិក​យល់ស្របគ្នា​លើ​គម្រោង​រយៈពេល ២០០ឆ្នាំ


រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken ថ្លែង​ក្នុង​ពេល​បរិភោគ​អាហារពេលព្រឹកក្នុងលក្ខណៈផ្លូវការជាមួយ​ប្រធានាធិបតី​ម៉ិកស៊ិក​លោក Andrès Manuel LÛpez Obrador និងរដ្ឋមន្ត្រីការបរទេស​ម៉ិកស៊ិក​លោក Marcelo Ebrard នៅ​វិមានជាតិក្នុងទីក្រុង Mexico City កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken ថ្លែង​ក្នុង​ពេល​បរិភោគ​អាហារពេលព្រឹកក្នុងលក្ខណៈផ្លូវការជាមួយ​ប្រធានាធិបតី​ម៉ិកស៊ិក​លោក Andrès Manuel LÛpez Obrador និងរដ្ឋមន្ត្រីការបរទេស​ម៉ិកស៊ិក​លោក Marcelo Ebrard នៅ​វិមានជាតិក្នុងទីក្រុង Mexico City កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ពួក​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋអាមេរិក និង​ម៉ិកស៊ិក ​បាន​ធ្វើការ​សន្ទនា​កម្រិត​ខ្ពស់ក្នុងទីក្រុង Mexico City កាលពី​ថ្ងៃទី៨ ខែតុលា​ ដើម្បី​ចាត់ចែង​គម្រោង​សន្តិសុខ​ថ្មីមួយ​ដែល​សង្កត់​ធ្ងន់លើអាទិភាព​ គុណតម្លៃ​ ​និង​ការ​ទទួល​ខុសត្រូវរួមគ្នា។

គម្រោងថ្មី​នេះ ​ធ្វើឱ្យ​ទំនើបលើ​ការផ្តើម​គំនិត​ក្នុង​ទីក្រុង Merida​ កាលពី​ឆ្នាំ​២០០៨ ​ដែល​មាន​ឈ្មោះថា​ «គម្រោង​រយៈពេល​ ២ សតវត្សរ៍រវាង​ស.រ.អ. ​និង​ម៉ិកស៊ិក​ស្តីពី​សន្តិសុខ ​សុខភាព​សាធារណៈ និ​ងសហគមន៍​មាន​សុវត្ថិភាព»។

បើ​តាម​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ. លោក ​Antony Blinken ថា​ ​គម្រោង​ដែលមាន​រយៈពេល​ ២០០ ​ឆ្នាំនេះ​ មានគោលដៅ​បី។ គោលដៅ​ទី​មួយ ​គឺ​ការពារសុខភាព​សាធារណៈ និង​សុវត្ថិភាពសម្រាប់​ប្រជារាស្ត្រស.រ.អ. និង​ម៉ិកស៊ិក។ លោក​រដ្ឋមន្ត្រី​ Blinken ​បានពន្យល់​ថា ទោះជាក្រុម​អ្នក​ពង្រឹង​ច្បាប់បំពេញមុខនាទីសំខាន់​មួយ​ក្នុងការ​កាត់​បន្ថយឃាតកម្ម​ និង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរឯ​ទៀតៗក៏ដោយ​ ក៏កាល​ពី​អតីតកាលមាន​ការពឹង​ពាក់ខ្លាំង​លើ​កង​កម្លាំងសន្តិសុខ។ លោក Blinken បាន​មាន​ប្រសាសន៍​ថា «កិច្ចខិតខំ​ប្រឹងប្រែង​របស់យើង​ក៏​ត្រូវតែរួម​បញ្ចូល​ការ​បញ្ចៀសកុំឲ្យ​មាន​ការប្រើ​គ្រឿង​ញៀន​ស្រវឹង​ ឲ្យមានការ​ព្យាបាល និងការគាំទ្រការរើប​ពី​ការ​ញៀនដើម្បី​ជួយ​ក្រុម​ជន​ដែលតស៊ូ​នឹងការ​ញៀន​ កាត់​បន្ថយ​ផលវិបាកធ្ងន់ធ្ង​រ​ដែ​ល​គ្រឿងញៀន​ស្រវឹងមាន​លើ​សហគមន៍​យើង​ ព្រម​ទាំង​ដើម្បី​កាត់​បន្ថយ​សេចក្តី​ត្រូវការ​ផង​ដែរ។ ហើយ​រដ្ឋាភិបាល​យើងបាន​យល់ស្រ​ប​គ្នា​ថា ​ការការពារប្រជារាស្ត្រ​យើងមាន​ន័យ​ថា ការពារសិទ្ធិមនុស្ស»។

បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី​ Blinken ​បាននិយាយយោងដល់សេចក្តី​ត្រូវការ​ឱ្យមាន​វិនិយោគក្នុង​ឱកាស​សេដ្ឋកិច្ច​ ជាពិសេស​សម្រាប់សហគមន៍ ​និង​តំបន់មានការខ្វះខាត​ ដែល​ជា​ការផ្តោត​ការយក​ចិត្ត​ទុក​ដាក់​សំខាន់​មួយ​នៃការ​សន្ទនា​សេដ្ឋកិច្ច​កម្រិត​ខ្ពស់ដែល​ស.រ.អ.​ បាន​ចាប់​ផ្តើមធ្វើ​ជា​ថ្មី​ជាមួយប្រទេស​ម៉ិក​ស៊ីក​កាលពី​ខែ​កញ្ញា។

គោលដៅ​ទី​ពីរនៃ​គម្រោង​មាន​រយៈពេល​២០០​ឆ្នាំ​ គឺ​ការ​បញ្ចៀស​កុំឱ្យ​មាន​ការជួញ​ដូរឆ្លង​កាត់ព្រំដែន។​ លោករដ្ឋមន្ត្រី Blinken បាន​និយាយថា «យើង​ដឹង​ថា​ ​ការកាត់​បន្ថយការជួញ​ដូរ​អាវុធ​ជាអាទិភាព​មួយរបស់​ប្រទេស​ម៉ិកស៊ិក ​ពី​ព្រោះអាវុធ​ខុស​ច្បាប់​ជា​ច្រើន​ក្នុង​ប្រទេស​ម៉ិកស៊ិក​ បានមក​ពី​ស.រ.អ.។ យើងប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការរបស់​យើងក្នុងការ​តាមដានអាវុធ​ ​ការ​ស៊ើប​អង្កេត និង​បន្ត​កាត់ទោស​ដើម្បី​បង្អាក់​ការ​ផ្គត់ផ្គង់​អាវុធ​»។

ជា​ទីបញ្ចប់ គោលដៅ​ទី​បីផ្តោត​ការយក​ចិត្ត​ទុក​ដាក់លើការបង្កើត​បណ្តាញ​ប្រឆាំងឧក្រិដ្ឋកម្មឆ្លង​ដែន។ លោក​រដ្ឋមន្ត្រី Blinken ​កត់​សម្គាល់​ថា ​ប្រទេស​ទាំង​ពីរ «នឹងធ្វើឱ្យ​ប្រព័ន្ធ​យុត្តិធម៌​របស់​យើងមាន​ប្រសិទ្ធភាពជា​ងមុនក្នុងការស៊ើប​អង្កេត និង​កាត់ទោសក្រុម​ឧក្រិដ្ឋជនមានការ​រៀប​ចំ ​ហើយនឹង​បង្កើន​កិច្ច​សហប្រតិបត្តិការចំពោះ​ការធ្វើ​បត្យាប័នផង​ដែរ»។

លោក​រដ្ឋមន្ត្រី Blinken បានគូស​បញ្ជាក់ថា «សម​ដូច​ដែល​គម្រោង​ថ្មី​នេះ​ ​មាន​សារៈសំខាន់ខ្លាំង ​យើង​ចង់ឱ្យភាពដៃគូរវាង​ស.រ.អ. និង​ម៉ិកស៊ិក ​ទទួល​បាន​ផល​ប្រយោជន៍​លើស​ពី​បញ្ហា​ចំណាក​ស្រុក ​និង​សន្តិសុខ។ គម្រោង​នេះ ត្រូវតែ​ឆ្លុះបញ្ចាំង​អំពី​បញ្ហាទាំង​អស់​ដែល​យើងមាន​ការ​យកចិត្តទុកដាក់ និងមាន​គុណ​តម្លៃ​ដូចគ្នា​ ដោយមាន​រួម​បញ្ចូល​បរិស្ថាន​ កសិកម្ម បច្ចេកវិទ្យា​ ថាមពល​ ពាណិជ្ជកម្ម​ និង​គំនិតច្នៃ​ប្រឌិត​ថ្មីៗ​ដែលយើង​សម្រេច​បាន​ នៅ​ក្នុ​ងការ​សន្ទនាផ្នែកសេដ្ឋកិច្ចកម្រិត​ខ្ពស់»។

លោក​រដ្ឋមន្ត្រី ​Blinken បាន​មាន​ប្រសាសន៍​ថា​ «ពេលប៉ុន្មានខែ ​និង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ អាចមាន​ការផ្លាស់ប្តូរដោយ​ដឹង​កាន់​តែ​ច្បាស់​អំពី​សក្តានុពល​ពេញលេញ​កើត​ចេញពី​ទំនាក់​ទំនង​រវាង​ស.រ.អ. និង​ម៉ិកស៊ិក ​និងផ្តល់​អត្ថប្រយោជន៍ជាក់​ច្បាស់ដល់​ប្រជារាស្ត្រ​យើង​ទាំងពីរ​ប្រទេស»៕

XS
SM
MD
LG