Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក បញ្ជាក់​ជាថ្មីទៀត​អំពី​ការគាំទ្រ​ដល់​កោះតៃវ៉ាន់


រូបឯកសារ៖ កងនាវិក មើល​ផ្ទៃសមុទ្រ​ពី​លើ​នាវាចម្បាំង USS John S. McCain ដែល​ធ្វើ​ប្រតិបត្តិការ​ជាប្រចាំ​ក្នុង​ការគាំទ្រ​ដល់​ស្ថិរភាព និង​សន្តិសុខ​សម្រាប់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅ​ច្រកសមុទ្រ​តៃវ៉ាន់ កាលពី​ថ្ងៃពុធទី៣០ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ កងនាវិក មើល​ផ្ទៃសមុទ្រ​ពី​លើ​នាវាចម្បាំង USS John S. McCain ដែល​ធ្វើ​ប្រតិបត្តិការ​ជាប្រចាំ​ក្នុង​ការគាំទ្រ​ដល់​ស្ថិរភាព និង​សន្តិសុខ​សម្រាប់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅ​ច្រកសមុទ្រ​តៃវ៉ាន់ កាលពី​ថ្ងៃពុធទី៣០ ខែធ្នូ ឆ្នាំ២០២០។

ត​ទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​បានបញ្ជាក់​ជាថ្មីទៀតអំពី​ការ​គាំទ្រ​របស់​ខ្លួន​ដល់​កោះ​តៃវ៉ាន់​ក្នុងការ​ប្រឈម​នឹង​សកម្មភាព​គំរាម​កំហែង​ពី​យោធាចិន។

កាល​ពី​ថ្ងៃ​ទី​២៣​ និង​ទី​២៤​ ខែ​មករា ​សាធារណរដ្ឋ​ប្រជា​មានិត​ចិនបាន​បញ្ជូន​យន្តហោះ​ចម្បាំង​មួយ​ចំនួនទៅ​កាន់​តំបន់​ការពារ​ដែន​អាកាស​តៃវ៉ាន់​។

លោក Ned Price អ្នកនាំ​ពាក្យ​ក្រសួងការបរទេសសហរដ្ឋ​អាមេរិក​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «សហរដ្ឋ​អាមេរិក​កត់សម្គាល់ដោយ​ព្រួយបារម្ភ​អំពី​ការប៉ុនប៉ង​របស់​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ក្នុង​ការបំភិត​បំភ័យអ្នក​ជិត​ខាង​របស់​ខ្លួន​ដោយ​មាន​រួម​បញ្ចូល​ទាំង​កោះ​តៃវ៉ាន់​ផង​ដែរ។ យើងអំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ឱ្យបញ្ឈប់​សម្ពាធ​ខាង​យោធា​ ការទូត និងខាង​សេដ្ឋកិច្ចប្រឆាំងនឹង​កោះ​តៃវ៉ាន់ ហើយ​ងាក​មក​ធ្វើការ​សន្ទនា​ប្រកប​ដោយ​អត្ថន័យ​ជា​មួយពួក​អ្នក​តំណាងជាប់ឆ្នោតដោយ​លទ្ធិប្រជាធិបតេយ្យរបស់​កោះ​តៃវ៉ាន់​វិញ។

សាធារណរដ្ឋ​ប្រជា​មានិត​ចិន បាន​បង្កើន​ការហោះហើរនៅ​ជិតកោះ​តៃវ៉ាន់​កាល​ពី​ឆ្នាំ​ទៅ​មិញ តែ​មិន​សូវ​មានយន្តហោះ​ច្រើនបែប​នេះ ​ឬ​មានកម្លាំងប្រយុទ្ធ​ខ្លាំង​បែប​នេះ​ទេ។ បើ​តាមក្រសួង​ការពារ​ជាតិ​របស់​កោះ​តៃវ៉ាន់ កង​យន្តហោះ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​មាន​រួម​បញ្ចូលទាំងយន្តហោះ​ចម្បាំង​ និងយន្តហោះ​ទម្លាក់គ្រាប់បែក​ដែល​មាន​សមត្ថភាព​អាច​ផ្ទុកអាវុធនុយក្លេអ៊ែរ​បាន​ផង​ដែរ។

នៅ​ក្នុងចំណាត់​ការ​បង្ករឿង​មួយ​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ​សាធារណរដ្ឋ​ប្រជា​មានិត​ចិនបានអនុម័តច្បាប់​មួយ​ ដែល​បើក​ដៃ​ឱ្យកង​ឆ្មាំ​ឆ្នេរ​សមុទ្រ​ខ្លួន​បាញ់​លើនាវា​បរទេស​នៅ​ក្នុង​ដែន​ទឹក​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេសចិនបានអះអាង​ថា​ភាគ​ច្រើន​នៃសមុទ្រ​ចិន​ខាង​ត្បូង​ស្ថិត​នៅ​ក្រោមយុត្តាធិការរបស់​ខ្លួន។ ​កាលពី​ថ្ងៃទី២៧​ខែ​មករា រដ្ឋាភិបាល​ហ្វីលីពីន​បាន​ដាក់ពាក្យ​តវ៉ា​ខាង​ការ​ទូតប្រឆាំង​នឹង​ច្បាប់​នេះ។

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មករា កង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដឹក​នាំ​ដោយ​នាវា​ឈ្មោះ​ USS Theodore Roosevelt បានបើក​ចូល​ទៅ​ក្នុងសមុទ្រចិនខាង​ត្បូងដើម្បី​ធ្វើ​ប្រតិបត្តិការ​ជា​ធម្មតា​សម្រាប់​ឧបត្ថម្ភ​លើក​កម្ពស់​សេរីភាព​នាវាចរណ៍​សមុទ្រ។ លោក​ឧត្តម​នាវី Doug Verissimo មេ​បញ្ជាការនៃកង​នាវាប្រយុទ្ធ​ដឹក​មុខ​ដោយ​នាវា​ផ្ទុកយន្តហោះ​ចម្បាំង​ទី​៩​បាននិយាយ​ថា៖ ​«ជា​មួយ​ការ​ដឹកជញ្ជូនទំនិញពាណិជ្ជកម្ម​ពីរ​ភាគ​បីនៃពិភពលោក​ឆ្លង​កាត់​តំបន់​សំខាន់​នេះ វា​ជា​ការ​មាន​សារៈសំខាន់​ណាស់​ដែលយើងរក្សា​វត្តមានរបស់​យើង​និង​បន្ត​ឧបត្ថម្ភ​ផ្ចុង​ផ្តើមរបៀប​រៀបរយ​ផ្អែក​លើ​បទបញ្ញត្តិ​ដែល​អនុញ្ញាត​ឱ្យ​យើង​ទាំង​អស់​គ្នារុង​រឿង»។

លោក​ Ned Price អ្នកនាំ​ពាក្យ​នៃក្រសួងការបរទេសសហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍របស់​លោក​ថា៖ «យើង​នឹងឈរជា​មួយ​ពួក​មិត្ត​និង​សម្ព័ន្ធមិត្ត​របស់យើង​ដើម្បីជំរុញទៅ​មុខ​នូវ​វិបុលភាព​ សន្តិសុខនិងតម្លៃរួមគ្នារបស់​យើង​នៅ​ក្នុង​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​នោះ​មាន​រួម​បញ្ចូលទាំង​ការពង្រឹងចំណងទាក់ទង​របស់យើងជា​មួយកោះ​តៃវ៉ាន់ ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។ សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​ដល់​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​បញ្ហា​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដោយ​ទៀងទាត់ជា​មួយ​ការ​ប្រាថ្នា​និង​ផលប្រយោជន៍​ល្អ​បំផុត​របស់​ប្រជាជន​តៃវ៉ាន់»។

លោក​ Ned Price បាន​ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​រក្សា​ការ​ប្តេជ្ញា​របស់​ខ្លួន​ជាយូរយារមកហើយ​ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​បីច្បាប់​ស្តីពី​ទំនាក់​ទំនង​ជា​មួយ​តៃវ៉ាន់​និង​ការ​ធានារ៉ាប់រង​៦។ យើង​នឹង​បន្តជួយ​តៃវ៉ាន់ក្នុង​ការ​ធ្វើ​ឱ្យ​មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់ការពារ​ខ្លួន​ឯង។ ការប្តេជ្ញា​របស់​យើង​ដល់​កោះតៃវ៉ាន់រឹងមាំ​ ហើយ​ចូលរួម​ក្នុងការ​រក្សា​ឱ្យ​មាន​សន្តិភាព​ និង​ស្ថិរភាព​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់និង​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ»៕

XS
SM
MD
LG