Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក បារម្ភ​អំពី​ការបង្ក្រាប​កាន់តែ​ខ្លាំង​នៅ​នីការ៉ាហ្គា


រូបឯកសារ៖ ប្រធានាធិបតី​នីការ៉ាហ្គា​លោក Daniel Ortega បាន​ថ្លែងសុន្ទរកថា​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​ឯករាជ្យ​លើក​ទី១៩៩ នៅ​ទីក្រុង Managua នៃ​ប្រទេស​នីការ៉ាហ្គានា កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតី​នីការ៉ាហ្គា​លោក Daniel Ortega បាន​ថ្លែងសុន្ទរកថា​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​ឯករាជ្យ​លើក​ទី១៩៩ នៅ​ទីក្រុង Managua នៃ​ប្រទេស​នីការ៉ាហ្គានា កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក មាន​ការ​បារម្ភ​កាន់​តែខ្លាំង​អំពីកំណើនការ​បង្ក្រាបដោយ​រដ្ឋាភិបាល​របស់លោកប្រធានាធិបតី​ Daniel Ortega ក្នុង​ប្រទេស​នីការ៉ាហ្គា។ សកម្មភាព​របស់​របប​គ្រប់គ្រង​នេះ​តាម​រយៈ​អ្វី​ដែល​ហៅ​ថា ​«ច្បាប់​ស្តី​ពីភ្នាក់ងារ​បរទេស»​ ​បានបង្ខំឱ្យ​មាន​ការ​បិទកាល​ពី​ពេលថ្មីៗ​នេះ​នូវ​មូលដ្ឋាន​គ្រឹះ​ពីរ​នៃ​ការបញ្ចេញ​មតិដោយ​សេរី​ ​គឺ ​សាខាក្នុង​ប្រទេស​នីការ៉ាហ្គា​នៃអង្គការ PEN International ដែលជា​អង្គការមួយ​របស់​អ្នកនិពន្ធ និង​មូល​និធិ​ Violeta Barrios de Chamorro ដែល​ជាអង្គការសង្គម​ស៊ីវិល​មួយ។

អ្នកស្រី Cristina Chamorro ទីប្រឹក្សាមូលនិធិ​នេះ​ បាន​ហៅច្បាប់​ថ្មី​នេះ​ថា ​«មិន​ត្រឹម​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ​និងអាក្រក់​ក្រៃលែង»។ នៅក្នុង​សន្និសីទ​កាសែត​មួយតាម​វីដេអូ អ្នកស្រី​បាន​និយាយ​ថា៖ «វា​ជា​ការពិបាក​ណាស់​ក្នុង​ការ​បន្តប្រតិបត្តិការ​នៅ​ក្រោម​ច្បាប់មួយ​ដូច​ច្បាប់​នេះ ​ដែល​មាន​គោលដៅធ្វើ​ឱ្យ​សង្គម​ស៊ីវិល​ និង​សំឡេង​ឯករាជ្យនិងសេរី​ដែលរបប​គ្រប់គ្រងនេះ​មិន​អាច​អន់​ឱន​ឱ្យ​បាន​ ​ថប់​ដង្ហើម​ស្លាប់»។

គណបក្ស​រណសិរ្ស​រំដោះជាតិ Sandinista ដែលគ្រប់គ្រង​ប្រទេសនីការ៉ាហ្គា​ បានអនុម័ត​«ច្បាប់​ស្តី​ពី​ភ្នាក់ងារ​បរទេស»​កាលពីខែតុលា​ ហើយបាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះថា ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ជា​ថ្ងៃ​ចុង​ក្រោយ​បង្អស់​សម្រាប់​ចុះ​ឈ្មោះ។ ច្បាប់​នេះតម្រូវដល់ក្រុម​ជន​និង​អង្គការដែលបាន​ទទួលមូលនិធិ​ពី​ក្រៅ​ប្រទេស​នីការ៉ាហ្គាឱ្យចុះ​ឈ្មោះ​ជា​«ភ្នាក់ងាររបស់​បរទេស»​ ជាមួយ​ក្រសួង​មហា​ផ្ទៃ​និង​ផ្តល់គណនេយ្យនៃប្រាក់​ចំណូល​និង​ប្រាក់​ចំណាយរបស់​ខ្លួន​ឱ្យ​ដល់​រដ្ឋាភិបាល បើមិនដូច្នេះទេ ត្រូវ​ប្រឈម​នឹង​ការ​បង់​ប្រាក់​ពិន័យ ការ​ជាប់ឃុំឃាំងក្នុងពន្ធនាគារ និង​ការ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពួកគេ។

លោក​ Ned Price អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ព្រឹត្តិការណ៍​ទាំង​នេះ​ ធ្វើ​ឱ្យសង្គម​ស៊ីវិល​នីការ៉ាហ្គា ថប់​ដង្ហើម​ថែម​ទៀត​និង​អូសទាញប្រទេស​នេះ​ឱ្យឃ្លាតកាន់​តែ​ឆ្ងាយ​ពី​ការ​បោះឆ្នោតដោយ​សេរី​និង​យុត្តិធម៌​នៅខែ​វិច្ឆិកា។ លោក Ortega កំពុង​នាំ​ប្រទេស​នីការ៉ាហ្គាទៅ​កាន់របបផ្តាច់ការ។ ​ការណ៍​នេះ នឹង​ធ្វើឱ្យរបប​គ្រប់គ្រង​នេះ ​នៅ​ឯកោថែម​ទៀត​ក្នុង​សហគមន៍អន្តរជាតិ»។

លោកស្រី​ Jennifer Clement ប្រធាន​នៃអង្គការ PEN International បាន​ព្រមាន​ប្រឆាំង​នឹង​សេចក្តីព្រាង​ច្បាប់​នេះ​នៅពេលវាត្រូវ​ពិចារណា​ដំបូង។ អ្នកស្រី​បាននិយាយ​ថា៖ «ការ​កាត់​ក្តី ការ​ធ្វើទុក្ខបុក​ម្នេញនិង​ការ​វាយ​ប្រហារ​ប្រឆាំង​អ្នក​កាសែត​និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែល​រិះគន់រដ្ឋាភិបាល​នីការ៉ាហ្គា បង្ហាញ​ថាអជ្ញាធរ​របស់​ប្រទេស​នេះធ្វើ​សកម្មភាព​ជា​ប្រព័ន្ធដើម្បី​រឹតត្បិតសិទ្ធិនៃ​ការ​បញ្ចេញមតិដោយ​សេរី»។

លោកស្រី​ Jennifer Clement ​បានថ្លែងថា៖ «ការគោរពសិទ្ធិត្រូវ​តែ​ជាអាទិភាព​មួយ​របស់​រដ្ឋ។​ យើង​ទទូច​ឱ្យ​រដ្ឋាភិបាល​នីការ៉ាហ្គា​ឈប់​ចាត់ទុកសំឡេង​ឯករាជ្យ​ជាការ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ»។

សហរដ្ឋ​អាមេរិក​ ប្តេជ្ញា​គាំទ្រ​ប្រជាជននីការ៉ាហ្គា​និង​ការទាមទាររបស់​ពួក​គេ​ឱ្យមាន​លទ្ធិ​ប្រជាធិបតេយ្យ។ លោក​ Price អ្នកនាំ​ពាក្យ​នៃ​ក្រសួងការ​បរទេស​អាមេរិក បាន​ថ្លែង​ថា៖ «យើង​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើការ​ផ្តល់​អំណាចឱ្យ​សង្គម​ស៊ីវិលនិង​កែ​លម្អ​ការ​គោរព​សិទ្ធិមនុស្ស។ យើង​ទទូច​ឱ្យ​លោកប្រធានាធិបតី​ Ortega ផ្លាស់ប្តូរ​ទិសដៅនៅ​ពេល​នេះ»៕

XS
SM
MD
LG