តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ១៩៧៩ មក របបអ៊ីរ៉ង់ជាប់ទាក់ទងនឹងការធ្វើឃាត គម្រោងភេរវកម្ម និងការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសជាង ៤០។ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថា៖ «ភាពសាហាវឃោរឃៅ និងភាពគ្មានមេត្តាធម៌របស់របបនេះ គ្មានព្រំដែនទេ»។
នៅថ្ងៃទី២១ ខែសីហា ដែលជាថ្ងៃចងចាំ និងឧទ្ទិសប្រចាំឆ្នាំដល់ជនរងគ្រោះដោយសារអំពើភេរវកម្ម ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើជនល្មើសសិទ្ធិមនុស្សសញ្ជាតិអ៊ីរ៉ង់ចំនួន ១៤ នាក់ ដែលក្នុងនោះមាន ១៣ នាក់ ជាមន្ត្រីនៃរបបដឹកនាំរបស់អ៊ីរ៉ង់ ដែលពាក់ព័ន្ធនឹងការវាយប្រហារយ៉ាងសាហាវឃោរឃៅ ដែលបានគ្រោងទុកជាមុន នៅប្រទេសស្វីស ក្នុងឆ្នាំ ១៩៩០។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះ គឺដើម្បីផ្តល់កិត្តិយស និងចងចាំដល់ជនរងគ្រោះទាំងនោះ។ ឃាតករទាំង ១៣ នាក់នោះ មានតួនាទីជាមន្រ្តីការទូតរបស់អ៊ីរ៉ង់ ដែលបានធ្វើតាមបទបញ្ជាខ្ពស់បំផុតរបស់រដ្ឋាភិបាលពួកគេ។ ដូចនៅក្នុងការវាយប្រហារដែលគ្រោងទុកជាមុនជាច្រើន ដែលបានធ្វើឡើងនៅក្រៅប្រទេសដោយរបបនេះ ភ្នាក់ងារភេរវកម្មទាំងនេះ បានតាមរក និងសម្លាប់ដើម្បីបំបិទមាត់អ្នកប្រឆាំងជនជាតិអ៊ីរ៉ង់។
តែជាទោះជាយ៉ាងនេះក្តី ដូចដែលរដ្ឋមន្រ្តីក្រសួងការបរទេសលោក Pompeo បាននិយាយនៅក្នុងសេចក្តីប្រកាសមួយ អំពីការកំណត់ដាក់ទណ្ឌកម្មថា៖ «គឺមិនត្រឹមតែនៅបរទេសទេ ដែលរបបអ៊ីរ៉ង់ប្រើការបំភិតបំភ័យ និងអំពើហិង្សាដើម្បីគ្រប់គ្រងពលរដ្ឋអ៊ីរ៉ង់នោះ»។
សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជាសាធារណៈទៅលើលោក Hojatollah Khodaei Souri ប្រធានពន្ធនាគារ Evin នៅប្រទេសអ៊ីរ៉ង់ ដែលជាកន្លែងដែលអ្នកទោសនយោបាយទទួលរងការធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងរយៈពេលយូរ។ ការធ្វើទារុណ្ឌកម្មនោះ មានដូចជាការរំលោភសេពសន្ថវៈ ការវាយដំ និងការខ្វះការថែទាំសុខភាពជាដើម។ ពន្ធនាគារ Evin នេះ ក៏ជាកន្លែងដែលពួកគេទុកជនបរទេស ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយរបបនេះ ដើម្បីស្វែងរកសម្បទានពីរដ្ឋាភិបាលក្នុងប្រទេសរបស់ជនជាចំណាប់ខ្មាំងទាំងនោះផងដែរ។
ការកំណត់ដាក់ទណ្ឌកម្មទៅលើមន្រ្តីអ៊ីរ៉ង់ទាំង ១៤ នាក់ ដោយសារការចូលរួមរបស់ពួកគេនៅក្នុងការរំលោភសិទ្ធិមនុស្សនេះ មានន័យថា ពួកគេនិងសមាជិកគ្រួសារផ្ទាល់របស់ពួកគេ ត្រូវបានហាមឃាត់មិនឲ្យចូលសហរដ្ឋអាមេរិកឡើយ។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Pompeo បានថ្លែងថា៖ «វិធានការទាំងនេះ គឺជាការផ្ញើសារគាំទ្រដល់ជនរងគ្រោះជាច្រើនរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅទូទាំងពិភពលោកថា សហរដ្ឋអាមេរិក នឹងទាមទារឲ្យអ្នកដែលបានសាយភាយអំពើភេរវកម្មនិងអំពើហិង្សា ទទួលខុសត្រូវចំពោះទង្វើររបស់ពួកគេ។ សហរដ្ឋអាមេរិក នឹងបន្តដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យប្រព្រឹត្ដទៅលើប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរព»។
សហរដ្ឋអាមេរិក ទន្ទឹងរង់ចាំថ្ងៃដែលជនល្មើសដែលរំលោភបំពានសិទ្ធិមនុស្សរាប់ពាន់នាក់របស់អ៊ីរ៉ង់ នឹងប្រឈមមុខនឹងយុត្តិធម៌ពិតប្រាកដ ហើយសង្ឃឹមថា វិធានការទាំងនេះ ផ្តល់នូវភាពធូរស្បើយ និងការធានាខ្លះៗ ដល់ក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នកដែលបានរងទុក្ខដោយអំពើហិង្សា និងការគៀបសង្កត់របស់របបអ៊ីរ៉ង់ទាំងនៅក្នុង និងក្រៅប្រទេសអ៊ីរ៉ង់៕