Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋអាមេរិក គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រុមប្រឹក្សា​អាកទិក


កិច្ចប្រជុំ​ក្រុមប្រឹក្សាថ្នាក់​រដ្ឋមន្រ្តី​​តំបន់​អាកទិក​លើក​ទី១២
កិច្ចប្រជុំ​ក្រុមប្រឹក្សាថ្នាក់​រដ្ឋមន្រ្តី​​តំបន់​អាកទិក​លើក​ទី១២

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កំណើន​សីតុណ្ហភាព​ជា​កត្តាធំ​បំផុត​ដែល​នាំ​ឱ្យ​មានការ​ប្រែប្រួល​ក្នុង​តំបន់​អាកទិក។នេះ​មានន័យ​ថា​ តំបន់​នានា​ក្នុងមហាសមុទ្រ​អាកទិក ដែលកាល​ពី​ពេល​មុនៗ​មនុស្សមិន​ទៅ​ដល់ កំពុង​បើក​ចំហសម្រាប់​ចរាចរណ៍ច្រើន​ជាង​មុន។ ការណ៍​នេះនាំ​ឱ្យ​មានភាពអន្តរាយដល់ប្រព័ន្ធអេកូឡូស៊ីដី​និង​សមុទ្រ​ដែល​មិន​មាំទាំ ហើយ​ក៏​គំរាមកំហែង​ដល់​របៀប​រស់នៅ​របស់ជាតិសាសន៍​ភាគតិចនៅ​ទី​នោះ​ផង​ដែរ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ នៅ​ពេលទឹកកក​រលាយ​ ការ​យក​ចិត្ត​ទុកដាក់​លើឥន្ធនៈ​ផូស៊ីល និងរ៉ែ ក៏​បង្កើន​សម្ពាធ​លើ​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​អាកទិក ដែលគ្រប់គ្រងប្រភព​ធនធានធម្មជាតិទាំង​នោះដែរ។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា សមាជិក​នៃក្រុម​ប្រឹក្សា​អាកទិក​ដែល​ជា​វេទិកាកម្រិត​ខ្ពស់នៃ​ប្រទេស​ជាតិ​ចំនួន ៨ ដែលមាន​ព្រំដែន​ជាប់នឹងអាកទិក​ និង​ពួក​អ្នក​តំណាង​ជាតិសាសន៍​ភាគតិច​ដែល​រស់ក្នុង​តំបន់​នោះ​ បានប្រជុំ​គ្នាហើយ​បានយល់​ព្រម​លើសេចក្តី​ប្រកាស​រួមមួយ​ និងផែនការ​យុទ្ធសាស្ត្រជា​លើក​ដំបូង​បង្អស់​របស់​ក្រុមប្រឹក្សា​អាកទិក​សម្រាប់តំបន់​អាកទិក​នេះ។ ​ឯកសារ​ទាំង​នេះសង្កត់​ធ្ងន់​លើការថែរក្សា​សន្តិភាព ស្ថិរភាព​ និងកិច្ច​សហប្រតិបត្តិការប្រកប​ដោយ​ការ​ស្ថាបនានៅ​ក្នុង​តំបន់​អាកទិក​ដែល​សមស្រប​ជា​មួយអាទិភាព​របស់​ស.រ.អ.ក្នុង​តំបន់​អាកទិក​ដែរ។ នេះបើ​តាម​ប្រសាសន៍រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ. លោក Antony Blinken។

លោក Blinken បានមានប្រសាសន៍​ថា៖ «យើង​ប្តេជ្ញាជំរុញ​ឱ្យ​មាន​តំបន់​អាកទិក​មួយដែល​មាន​សន្តិភាព ដែល​នៅ​ទី​នោះ​ មាន​កិច្ច​សហប្រតិបត្តិការ​ខាងធាតុអាកាស ​បរិស្ថាន វិទ្យាសាស្ត្រ និង​សុវត្ថិភាព​ ហើយ​ការ​អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ​ចីរភាព​នៅ​ទី​នោះ​ផ្តល់​អត្ថប្រយោជន៍​ដល់តំបន់​នោះ​ខ្លួន​ឯង​ផង​ដែរ»។

ជាង​នេះ​ទៅ​ទៀត ស.រ.អ. មានអាទិភាព​ជាច្រើន​ក្នុង​តំបន់​អាកទិក។

លោករដ្ឋមន្ត្រី Blinken បាននិយាយ​ថា៖ «អាទិភាព​ទី​មួយ ​គឺ​អភិបាល​កិច្ចមានប្រសិទ្ធភាព​និង​នីតិរដ្ឋ​ដើម្បីធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា តំបន់​អាកទិក​នៅ​តែ​ជាតំបន់​មួយ​គ្មាន​សង្គ្រាម ដែល​នៅ​ទី​នោះ​ប្រទេស​នានាធ្វើសកម្មភាព​ដោយ​មានការ​ទទួល​ខុស​ត្រូវ។ អាទិភាព​មួយ​ទៀត​ គឺ​បញ្ឈប់​ជំងឺ​កូវីដ១៩ និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ យើង​មានការ​ប្រុងប្រៀប​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​គ្រា​មាន​អាសន្នខាង​សុខភាព​សាកល»។

លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​ថា៖ «ជា​ការ​ពិត​ណាស់ អាទិភាព​មួយ​ទៀត ​គឺ​វិបត្តិ​អាកាសធាតុ»។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ដូច​អ្នក​ឯទៀត​បានកត់​សម្គាល់​រួច​ហើយថា តំបន់​អាកទិក​មាន​សីតុណ្ហភាព​ក្ដៅ​ជាង​សីតុណ្ហភាព​ជា​មធ្យម​របស់​សាកលលោក​បី​ដង ដែលការណ៍​នេះ​ នាំ​ឱ្យ​មាន​ភាព​បន្ទាន់​ជាង​មុន​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង។ ការ​កាត់​បន្ថយ​ការ​សាយភាយឧស្ម័ន​កាបូន​ខ្មៅ​និង​មេតាន​ ពិត​ជា​មាន​សារៈសំខាន់​ណាស់»។

លោក​ Blinken បាន​និយាយ​ទៀត​ថា៖ «បន្ថែម​ពី​លើ​ធាតុអាកាស​ យើង​ក៏​ត្រូវ​ការពារបរិស្ថាន​ក្នុង​តំបន់​អាកទិក​ផងដែរ»។

លោក​ថ្លែង​ថា៖ «ស.រ.អ.មានបំណង​ផ្តល់​ថវិកា​រហូត​ដល់​មួយ​លានដុល្លារ​ដើម្បី​គាំទ្រការងារ​ការពារ​អាកាសធាតុ​របស់​ក្រុមប្រឹក្សា​នេះ ហើយ​យើង​នឹង​ធ្វើការ​ជាមួយ​សភា​និង​ជម្រាបដល់​សភា​អំពី​បំណង​របស់​យើង​ដែរ»។

លោក​រដ្ឋមន្ត្រី​ Blinken បានមានប្រសាសន៍​ថា៖ «ដោយ​ជា​កន្លែងមួយ​សម្រាប់​ការប្រជែង​ខាង​យុទ្ធសាស្ត្រ តំបន់​អាកទិក ​បាន​ទាក់ទាញ​ការ​យក​ចិត្ត​ទុកដាក់របស់​ពិភពលោក​ តែតំបន់​នេះ ​មាន​អ្វីលើស​ពីត្រឹម​តែ​ជាតំបន់ដែល​មាន​សារៈសំខាន់​ខាង​យុទ្ធសាស្ត្រ និង​ខាង​សេដ្ឋកិច្ច​ទៅ​ទៀត។ វា​ជា​កន្លែងរស់​នៅ​របស់ប្រជាជន​យើង។ សញ្ញា​សម្គាល់របស់​តំបន់​នោះ ត្រូវ​តែ​ជាកិច្ច​សហប្រតិបត្តិការដោយ​សន្តិវិធី​ត​ទៅ​ទៀត។ វា​ជា​ការទទួល​ខុស​ត្រូវ​របស់​យើងក្នុង​ការ​ការពារកិច្ច​សហការដោយ​សន្តិវិធី​នេះ​ ​ហើយ​កសាង​បន្តពីកិច្ច​សហប្រតិបត្តិការ​នេះ​ក្នុង​ឋានៈ​យើង​ជា​អ្នក​ជិតខាង​គ្នា​ ​និង​ជា​ដៃគូ​ផង​ដែរ»៕

XS
SM
MD
LG