Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ចូលរួម​ជាថ្មី​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិ​ប្រតិបត្តិ​មួយចំនួន នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិ​ប្រតិបត្តិ​មួយចំនួន នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុងវិធានការមួយក្នុង​បណ្តា​វិធានការ​ដំបូងៗរបស់​លោក​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បានចេញ​បទបញ្ជា​នីតិ​ប្រតិបត្តិ​មួយ​ដើម្បី​បញ្ចូល​សហរដ្ឋ​អាមេរិក​ជា​ថ្មី​ទៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពីការប្រែប្រួល​អាកាសធាតុ​វិញ។

សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​អាកាសធាតុក្នុង​ទីក្រុង​ប៉ារីស កាល​ពី​ខែធ្នូ ​ឆ្នាំ២០១៥ បាន​អនុម័ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ។ កិច្ច​ព្រមព្រៀងនេះ ​ត្រូវ​បាន​អនុវត្ត​កាល​ពី​ថ្ងៃទី​៤ ខែវិច្ឆិកា​ ​ឆ្នាំ​២០១៦​ ដោយ​អង្គការ​សហប្រជាជាតិ​បានចុះ​ឈ្មោះភាគី​ចំនួន១៩០​ក្នុង​កិច្ច​ព្រមព្រៀង​នេះ កាល​ពីថ្ងៃទី២៥​ ខែ​មករា​ ឆ្នាំ២០២១។ កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​បង្កើត​ឱ្យ​មាន​ក្របខណ្ឌ​មិន​ធា្លប់​មាន​ពីមុនមួយសម្រាប់​សកម្មភាព​សាកលដើម្បី​បញ្ចៀសមហន្តរាយផែន​ដី​ឡើង​កម្ដៅ​ជាង​មុន ខណៈ​កសាង​ភាព​រឹងមាំ​ជាសាកល​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ផលប៉ះពាល់​ខាង​អាកាសធាតុ​ដូចដែល​យើងបាន​ជួប​ប្រទះមក​ហើយ។

កិច្ច​ព្រមព្រៀងនេះ ស្វះស្វែង​ដាក់កម្រិត​កំណើនសីតុណ្ហភាពសាកលឲ្យ​តិច​ជាងពីរ​អង្សា​សេលើស​ពី​កម្រិត​មុនពេល​ពិភពលោក​មានឧស្សាហកម្ម ជាមួយ​គោលដៅត្រឹម១,៥​អង្សា​នៅ​ត្រឹម​ដំណាច់សតវត្សរ៍នេះ ដែល​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​នាក់ទស្សន៍ទាយ​ថា ផលវិបាក​នៃ​ការប្រែប្រួល​ធាតុអាកាសអាច​កើន​ខ្លាំង​ ដោយ​មានរួម​បញ្ចូល​មហន្តរាយនៃ​កំណើន​កម្រិត​ទឹក​សមុទ្រ ការ​មាន​ខ្យល់ព្យុះ​ខ្លាំង ភាពរាំង​ស្ងួត និង​ភ្លើង​ឆេះព្រៃ​ផង​ដែរ។

លោក​ប្រធានាធិបតី​ Biden បានមាន​ប្រសាសន៍​យ៉ាង​ច្បាស់លាស់​ថា ​លោក​ចង់​យកការប្រែប្រួល​អាកាសធាតុធ្វើ​ជាអាទិភាព​ធំ​មួយ​សម្រាប់​រដ្ឋបាល​លោក។ ការចូល​រួមជា​ថ្មី​ក្នុង​កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​នេះ ជាការ​សន្យា​សំខាន់​មួយ​នៅ​ពេល​លោក​ឃោសនា​បោះឆ្នោត។ នៅ​ក្នុង​សុន្ទរកថាពេល​ស្បថ​ចូល​កាន់​តំណែង លោក​ប្រធានាធិបតី​បាន​កត់សម្គាល់​ថា«ការ​ចង់​បាន​ការ​រស់​រាន​មានជីវិត​ គឺ​មាន​មក​ពី​ផែនដីតែ​ម្តង។​ នេះ​ជា​ការ​ចង់​បាន​មួយដែលមិន​អាច​ជា​ការ​អស់​សង្ឃឹម​ទៀត​ទេ​ ឬ​ដែល​គ្មាន​អ្វី​ច្បាស់​ជាង​នៅពេល​នេះ​ទៀត​ទេ»។

អ្នកស្រី Jen Psaki អ្នកនាំ​ពាក្យ​សេតវិមានបាននិយាយ​ថា​ ការ​ចូលរួម​ជាថ្មី​ក្នុង​កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស គឺ​ជា​ផ្នែក​មួយនៃ​អាទិភាព​ទូលំទូលាយរបស់​លោក​ប្រធានាធិបតី Biden ក្នុង«​ការ​កសាង​ជា​ថ្មីនូវ​ភាព​ជា​ដៃគូ​និង​សម្ព័ន្ធភាព​របស់​យើងនៅ​ទូទាំង​ពិភពលោក​ និងយក​មក​វិញ​នូវ​អាសន:​សហរដ្ឋ​អាមេរិក​នៅ​ឯ​វេទិកា​សាកលលោក។ ហើយ​លោក​អ្នក​អាច​ឃើញភស្តុតាង​ក្នុង​ការចូល​រួម​របស់​លោក​ជា​ថ្មី​ក្នុង​កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស និងក្នុង​អង្គការសុខភាពពិភពលោក ផែនការ​របស់​លោកក្នុង​ការ​ទាក់ទងជាមួយ​ពួក​ដៃគូ​និង​សម្ព័ន្ធមិត្ត ហើយ​ធ្វើការ​ជា​មួយ​គ្នាដើម្បីដោះស្រាយការ​គំរាម​កំហែង ​និង​បញ្ហាដែល​យើង​ប្រឈម​នៅ​ទូទាំង​ពិភពលោក»។

បន្ថែម​លើ​នេះ​ លោកប្រធានាធិបតី​ Biden បានតែងតាំងលោក​អតីត​រដ្ឋមន្ត្រី​ការបរទេស John Kerry ជាប្រេសិតពិសេសរបស់​ប្រធានាធិបតី​ទទួល​បន្ទុក​កិច្ចការអាកាសធាតុ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដប្រជា​ថា កង្វល់​អំពី​អាកាស​ធាតុ​ត្រូវ​បាន​តំណាង​នៅ​ឯ​តុ​ពិភាក្សា​គ្នា​ទាំងអស់ដោយ​មាន​រួម​បញ្ចូល​ទាំង​នៅ​ក្នុង​បន្ទប់​ស្ថានការណ៍​ផង​ដែរ។ លោក​ John Kerry នឹងដឹកនាំកិច្ចខិតខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ឱ្យមានជា​ថ្មី​នូវ​ភាព​ជា​មេដឹកនាំរបស់​សហរដ្ឋ​អាមេរិក​ខាង​អាកាសធាតុ ​និងបង្កើន​មហិច្ឆតា​សាកលសម្រាប់​ទប់​ទល់នឹងឧបសគ្គ​ខាង​អាកាសធាតុ។

សហគមន៍​អន្តរជាតិស្វាគមន៍ការ​វិល​មក​វិញ​របស់សហរដ្ឋ​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយ​មាន​រួម​បញ្ចូល​ទាំង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ផង​ដែរ។​ លោក​ Macron បាន tweet ថា៖ «យើងនៅ​ជា​មួយ​គ្នា​ហើយ។ យើង​នឹង​ខ្លាំង​ជាង​មុនដើម្បី​ប្រឈម​នឹង​ឧបសគ្គ​នៃពេល​វេលា​របស់​យើង។ យើងខ្លាំង​ជាង​មុន​ក្នុង​ការកសាង​អនាគត​របស់​យើង។ យើងខ្លាំង​ជាង​មុន​ក្នុង​ការ​ការពារ​ផែន​ដីរបស់​យើង។ ស្វាគមន៍ការ​វិល​មក​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​ថ្មី​វិញ!»៕

XS
SM
MD
LG