តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកប្រធានាធិបតី Ibrahim Boubacar Keita នៃប្រទេសម៉ាលី ត្រូវបានចាប់ខ្លួន នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ នៅក្នុងពេលមានការបះបោរដោយយោធា។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំង...ចំពោះការបះបោរនៅក្នុងប្រទេសម៉ាលី ដូចដែលសហរដ្ឋអាមេរិកនឹងថ្កោលទោសចំពោះការដណ្ដើមអំណាចណាមួយ ដោយបង្ខំដូច្នោះដែរ»។
ខណៈពេលដែលមានសេចក្តីរាយការណ៍ថា លោកប្រធានាធិបតី Keita ត្រូវបានដោះលែងឲ្យវិល ត្រឡប់ទៅកាន់គេហដ្ឋានរបស់លោកវិញនោះ មានការព្រួយបារម្ភថា អស្ថិរភាពនៅក្នុងប្រទេសម៉ាលីអាចជួយដល់ពួកជ្រុលនិយម ដែលចង់សម្រេចឲ្យបាននូវគោលបំណងឥស្លាមរបស់ពួកគេក្នុងប្រទេសម៉ាលី និងនៅប្រទេសជិតខាង និងអាចបណ្ដាលឲ្យជនស៊ីវិលរាប់លាននាក់ផ្លាស់ទីលំនៅ។
ជាក់ស្តែង បន្ទាប់ពីមានរដ្ឋប្រហារយោធានៅក្នុងប្រទេសម៉ាលី កាលពីឆ្នាំ ២០១២ ពួកឧទ្ទាមឥស្លាម ដែលអ្នកខ្លះមានទំនាក់ទំនងជាមួយក្រុមភេរវជនអាល់កៃដា បានដណ្តើមកាន់កាប់តំបន់ធំៗ នៅភាគខាងជើងប្រទេសម៉ាលី រួមទាំងទីក្រុងបុរាណ Timbuktu ផងដែរ។
នៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមជ្រុលនិយមឥស្លាម ពលរដ្ឋម៉ាលីត្រូវបានបង្ខំឲ្យគោរពតាមច្បាប់សាសនាដ៏តឹងរឹង ដែលក្នុងនោះមានដូចជា ការរៀបការដោយបង្ខំសម្រាប់ស្ត្រីជាដើម ហើយអំពើទាំងនោះត្រូវបានបញ្ឈប់ នៅពេលដែលកងកម្លាំងបារាំងបានជួយកងទ័ពម៉ាលី បណ្តេញក្រុមជីហាដចេញ។ ក៏ប៉ុន្តែ ក្រុមប្រដាប់អាវុធនៅតែបន្តគំរាមកំហែងដល់ជនស៊ីវិលនៅតាមតំបន់ជនបទ ហើយអំពើហិង្សាបានរាលដាលដល់ប្រទេសបួគីណាហ្វាសូ និងប្រទេសនីហ្សេដែលនៅជិតខាង។
បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាននានា ពលរដ្ឋអាហ្វ្រិកខាងលិចជាង ១ ម៉ឺននាក់ បានស្លាប់ និងជាង ១ លាននាក់ បានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ចាប់តាំងពីឆ្នាំ ២០១២ មក។
ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់ Sahel លោក Peter Pham បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសារមួយនៅលើ Twitter ថា នៅពេលនេះ សហរដ្ឋអាមេរិកមិនបានផ្តល់ការបណ្តុះបណ្តាលណាមួយដល់យោធាប្រទេសម៉ាលីនោះទេ។ លោក Pham ក៏បានបញ្ជាក់នៅលើ Twitter ទៀតថា៖ «សហរដ្ឋអាមេរិកប្រឆាំងនឹងការផ្លាស់ប្តូររដ្ឋាភិបាលណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ មិនថាដោយអ្នកតវ៉ានៅតាមដងផ្លូវ ឬ ដោយកងកម្លាំងការពារនិងកងសន្តិសុខនោះទេ»។
សហរដ្ឋអាមេរិកចូលរួមជាមួយសហគមន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច និងសហភាពអាហ្វ្រិក ក៏ដូចជាដៃគូអន្តរជាតិដទៃទៀត ក្នុងការមិនទទួលស្គាល់អំពើបះបោរនៅក្នុងប្រទេសម៉ាលី។ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានសង្កត់ធ្ងន់ថា៖ «សេរីភាពនិងសុវត្ថិភាពរបស់មន្រ្តីរដ្ឋាភិបាលដែលត្រូវបានឃុំខ្លួន និងក្រុមគ្រួសាររបស់ពួកគេត្រូវតែធានាឲ្យបាន»។
សហរដ្ឋអាមេរិកអំពាវនាវឲ្យភាគីនយោបាយ និងយោធាទាំងអស់ ធ្វើការខិតខំឆ្ពោះទៅរកការស្តាររដ្ឋាភិបាលដែលស្របតាមរដ្ឋធម្មនុញ្ញឡើងវិញ។ លោក Pompeo ថ្លែងដូច្នេះថា៖ «យើងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសម៉ាលីចូលរួមនៅក្នុងការសន្ទនាដោយសន្តិវិធី គោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធីរបស់ប្រជាពលរដ្ឋម៉ាលី និងច្រានចោលអំពើហិង្សា»៕