តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អ្នកស្រី Samantha Power អភិបាលទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅ USAID បាននិយាយថា៖ «នៅក្នុងការប្រឈមនឹងការប្រព្រឹត្តអាក្រក់ឡើងវិញយ៉ាងធ្ងន់ធ្ងរនិងការលេចឡើងនៃរបបផ្តាច់ការនិយម យើងត្រូវតែបង្ហាញច្បាស់លាស់និងជាក់លាក់ថាបណ្តាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យអាចគ្រប់គ្រងដោយមានប្រសិទ្ធភាពនិងផ្តល់លទ្ធផលពិតប្រាកដជូនប្រជារាស្ត្រ»។
ក្រុមប្រទេសផ្តាច់ការបានផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីជំរុញការអះអាងមួយថាពួកគេបានធ្វើកិច្ចការក្នុងវិធីមួយដែលពួកប្រទេសប្រជាធិបតេយ្យមិនអាចធ្វើបាន។ អ្នកស្រីអ្នកអភិបាល Power បានមានប្រសាសន៍ថា«តែការនិយាយដូច្នេះមិនត្រឹមត្រូវទេ។ ជាការពិត វិទ្យាស្ថានV-Dem បាននិយាយយោងដល់ពួកអ្នកស្រាវជ្រាវខាងលទ្ធិប្រជាធិបតេយ្យមួយចំនួនដែលបានបង្ហាញថាក្នុងពេល២៥ឆ្នាំក្រោយការធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យបណ្តាប្រទេសប្រជាធិបតេយ្យបង្កើនផលិតសរុបក្នុងប្រទេសចំនួន២០ភាគរយច្រើនជាងក្រុមប្រទេសផ្តាច់ការ។
អំពើពុករលួយជាឧបសគ្គមួយក្នុងបណ្តាឧបសគ្គនានាដែលប្រឈមនឹងសេដ្ឋកិច្ចនៃរបបគ្រប់គ្រងទាំងនេះ។ ពួកវរជនសេដ្ឋកិច្ចនិងពួកអ្នកនយោបាយពុករលួយអាចធ្វើឱ្យប្រជាធិបតេយ្យខ្សោយពីខាងក្នុងដោយប្រើបណ្តាញពហុជាតិដើម្បីជំរុញផលប្រយោជន៍ពួកគេ។
ទីភ្នាក់ងារ USAID បានបង្កើតក្រុមការងារចំពោះកិច្ចប្រឆាំងនឹងអំពើពុករលួយហៅ ACTF ដើម្បីបង្កើន ពង្រឹងនិងរួមបញ្ចូលកិច្ចការប្រឆាំងនឹងអំពើពុករលួយនៅទូទាំងទីភ្នាក់ងារនេះនិងដៃគូជាមួយកិច្ចខិតខំប្រឹងប្រែងមាំទាំដោយក្រសួងការបរទេស ក្រសួងយុត្តិធម៌និងក្រសួងហិរញ្ញវត្ថុ។ ក្រុមការងារចំពោះកិច្ចនេះនឹងបង្កើតកម្មវិធីទូលំទូលាយមួយទាក់ទិននឹងផ្នែកទាំងអស់ដើម្បីក្តាប់យកឱកាសសម្រាប់ធ្វើកំណែទម្រង់ប្រជាធិបតេយ្យនិងការប្រឆាំងនឹងអំពើពុករលួយ។ ទីភ្នាក់ងារ USAID នឹងបង្គ្រប់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការបរទេស។ ថវិកាថ្មីរបស់លោកប្រធានាធិបតី Joe Bidenសន្យាផ្តល់ប្រាក់៥០លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបរហ័សនេះ។ ទីភ្នាក់ងារ USAIDនឹងបន្តបង្វែរប្រាក់ពីស្ថាប័នរដ្ឋាភិបាលទៅកាន់អង្គការសង្គមស៊ីវិលនៅពេលណាប្រាក់នេះត្រូវចំណាយមិនត្រឹមត្រូវឬធ្វើឱ្យមានផលអាក្រក់ដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមួយ។
អ្នកស្រីអភិបាល Power បានថ្លែងថាហួសពីការប្រឆាំងនឹងអំពើពុករលួយ «យើងជួយប្រទេសទាំងឡាយឱ្យពង្រឹងសន្តិសុខតាមអ៊ឺនធឺណិត (cyber) និងទប់ទល់នឹងការផ្សាយព័ត៌មានមិនពិត នៅពេលគាំទ្រក្រុមអ្នកប្រជាធិបតេយ្យឱ្យការពារខ្លួនឯងប្រឆាំងនឹងការឃ្លាំមើលបែបតាមឌីជីថល ការត្រួតពិនិត្យនិងការសង្កត់សង្កិន»។
ទីភ្នាក់ងារ USAID ជាមួយដៃគូខ្លួនក្នុងក្រសួងការបរទេសនិងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលបានយកប្រទេសនានាជាដៃគូដើម្បីឧបត្ថម្ភផ្ចុងផ្តើមអ៊ឺនធឺណិតសេរីនិងចំហនិងដើម្បីបញ្ចូលគុណតម្លៃប្រជាធិបតេយ្យនិងគោលការណ៍សិទ្ធិមនុស្សទៅក្នុងការប្រើបច្ចេកវិជ្ជាថ្មីៗ។ នៅពេលជាមួយគ្នានេះសហរដ្ឋអាមេរិកផ្តោតការយកចិត្តទុកដាក់លើការគាំទ្របណ្តាញព័ត៌មានឯករាជ្យនៅទូទាំងពិភពលោកនៅពេលក្រុមអ្នកកាសែតប្រឈមនឹងឧបសគ្គធំៗពីរដ្ឋាភិបាលសង្កត់សង្កិននិងការប្រែប្រួលនៃភាពជាក់ស្តែងខាងសេដ្ឋកិច្ច។
អ្នកស្រីអភិបាល Power បានមានប្រសាសន៍ថាទោះជាមានការកើនឡើងនៃរបបផ្តាច់ការកាលពីប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ក៏ទិន្នន័យនៅតែបង្ហាញថាលទ្ធិប្រជាធិបតេយ្យនៅតែមានប្រជាប្រិយភាពបំផុតនិងជាទម្រង់រដ្ឋាភិបាលដែលប្រជារាស្ត្រចង់ឱ្យមានជាសាកល។ សហរដ្ឋអាមេរិកប្តេជ្ញាជួយប្រជារាស្ត្រនៅគ្រប់តំបន់ដែលប្រាថ្នាគ្រប់គ្រងខ្លួនឯងនិងប្រើសេរីភាពជាមូលដ្ឋាន៕