តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រទេសស្លូវេនីបានចាត់ទុកក្រុម Hezbollah ទាំងមូលថាជាក្រុមភេរវជន ដោយច្រានចោលការបែងចែកមិនពិតរវាងសាខានយោបាយ និងសាខាយោធារបស់ក្រុមនេះ។ ក្រសួងការបរទេសនៃប្រទេសស្លូវេនីបានឲ្យដឹងថា Hezbollah ជាក្រុមភេរវជនឧក្រិដ្ឋ ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខសាកលលោក។
សហរដ្ឋអាមេរិកសរសើរប្រទេសស្លូវេនីដែលបានចាត់វិធានការនេះដើម្បីរារាំងក្រុម Hezbollah មិនឱ្យធ្វើកិច្ចប្រតិបត្តិការក្នុងទ្វីបអឺរ៉ុបបាន។
ប្រទេសស្លូវេនីបានដើរតាមរដ្ឋាភិបាលអឺរ៉ុបជាច្រើនទៀតដែលមានរួមបញ្ចូលចក្រភពអង់គ្លេស ប្រទេសលីទុយអានី ឡេតូនី កូសូវ៉ូ និងអេស្តូនី ដែលបានចាត់វិធានការច្រើនក្រាស់ក្រែលក្នុងការចាត់ទុកក្រុម Hezbollah ថាជាក្រុមភេរវជន និងបានហាមប្រាម ឬរឹតត្បិតក្រុមនេះ កាលពីប៉ុន្មានឆ្នាំមុននេះ។
ដោយត្រូវបានបង្កើតដោយរបបគ្រប់គ្រងអ៊ីរ៉ង់កាលពីឆ្នាំ១៩៨២ ក្រុម Hezbollah បានអភិវឌ្ឍទៅជាបណ្តាញអាក្រក់មួយ ដែលមានរួមបញ្ចូលផ្នែកនយោបាយ យោធា ភេរវកម្ម និងឧក្រិដ្ឋកម្ម។ ក្រុម Hezbollah បានបង្កើតកម្លាំងភេរវជនដ៏មានឥទ្ធិពលមួយ ដែលមានយុទ្ធជនរាប់ម៉ឺននាក់ប្រដាប់ដោយរ៉ុកកែត និងគ្រាប់មីស៊ីលចំនួន១ សែន ៣ ម៉ឺន។ បន្ថែមលើនេះទៀត ក្រុមនេះបានបង្កើតប្រព័ន្ធភេរវកម្ម និងឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានចាប់ពីអាមេរិកឡាទីន ដល់អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីថែមទៀតផង។
ក្រុម Hezbollah មានប្រវត្តិយូរយារណាស់មកហើយនៃការវាយប្រហារភេរវកម្ម និងការវាយប្រហារទាក់ទិននឹងភេរវកម្មប្រឆាំងនឹងផលប្រយោជន៍អឺរ៉ុប។ ចាប់តាំងពីទសវត្សរ៍ ១៩៨០ មក ក្រុមនេះបានធ្វើការវាយប្រហារភេរវកម្មមួយចំនួនប្រឆាំងនឹងទីដៅអឺរ៉ុបក្នុងប្រទេសលីបង់ និងទ្វីបអឺរ៉ុប ដោយមានរួមបញ្ចូលប្រទេសបារាំង អេស្ប៉ាញ អាល្លឺម៉ង់ ប៊ុលហ្គារី និងប្រទេសស៊ីបផងដែរ។
ក្រុម Hezbollah បានបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធ្វើសកម្មភាពភេរវកម្មនៅលើទឹកដីអឺរ៉ុប ហើយបានធ្វើកិច្ចប្រតិបត្តិការបណ្តាញឧក្រិដ្ឋខាងហិរញ្ញវត្ថុនៅទូទាំងទ្វីបអឺរ៉ុប ដោយមានរួមបញ្ចូលការជួញដូរគ្រឿងញៀន ការលាងលុយ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រផងដែរ។ ក្រុម Hezbollah បានបញ្ជូនយុទ្ធជនរបស់ខ្លួនឱ្យទៅប្រយុទ្ធក្នុងសង្គ្រាមបុស្ន៊ី កាលពីដើមទសវត្សរ៍ ១៩៩០។
រដ្ឋបាលលោក Trump បានធ្វើការទាក់ទងខាងការទូតដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឱ្យសង្កេតមើលសកម្មភាពអាក្រក់របស់ក្រុម Hezbollah និងចាត់វិធានការរារាំងក្រុម ដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ មិនឲ្យធ្វើកិច្ចប្រតិបត្តិការក្នុងដែនដីពួកគេនោះឡើយ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានឱ្យទម្ងន់ ជាពិសេសដល់អឺរ៉ុប»។ ហើយយុទ្ធនាការការទូតដឹកនាំដោយក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្ដល់ជាលទ្ធផលផ្លែផ្កា ដោយប្រទេសអឺរ៉ុបចំនួន ៦ បានដាក់កំហិតលើក្រុម Hezbollah កាលពីឆ្នាំទៅមិញ ហើយរដ្ឋាភិបាលឯទៀតៗក្នុងទ្វីបអឺរ៉ុបកំពុងពិចារណាអំពីវិធានការថ្មីៗដែរ។
សហរដ្ឋអាមេរិកស្វាគមន៍វិធានការទាំងនេះដោយប្រទេសស្លូវេនី និងប្រទេសអឺរ៉ុបឯទៀតៗថា ជាការជឿនលឿនឆ្ពោះទៅកាន់ការបំបាត់វត្តមានក្រុម Hezbollah នៅក្នុងទ្វីបអឺរ៉ុប៕