តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រឹះថ្មីមួយខាងកិច្ចការពារប្រទេសនៅក្នុងអំឡុងទស្សនកិច្ចកាលពីពេលថ្មីៗនេះ ដោយរដ្ឋមន្ត្រីការបរទេសស.រ.អ. លោក Mike Pompeo និងលោក Mark Esper រដ្ឋមន្ត្រីការពារជាតិស.រ.អា។
កិច្ចព្រមព្រៀងដែលហៅថា កិច្ចព្រមព្រៀងស្តីពី«ការផ្លាស់ប្តូរគ្នានិងកិច្ចសហប្រតិបត្តិការ ជាមូលដ្ឋាន» ឬ BECA (Basic Exchange and Cooperation Agreement) នេះ នឹងអនុញ្ញាតឱ្យអាជ្ញាធរស.រ.អា និងឥណ្ឌាពង្រឹងការសម្របសម្រួលរវាងពួកបុគ្គលិក និងប្រព័ន្ធការពារប្រទេសរបស់យើង។
លោករដ្ឋមន្ត្រី Pompeo បានមានប្រសាសន៍ថា ស.រ.អា និងប្រទេសឥណ្ឌា កំពុងបង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងគ្រប់វិស័យនៅចំពោះមុខការគំរាមកំហែងដោយគណបក្សកុម្មុយនីស្តចិន ហៅកាត់ថា CCP។
លោក Pompeo បាននិយាយថា៖ «ពួកមេដឹកនាំរបស់យើងនិងពួកពលរដ្ឋរបស់យើងឃើញច្បាស់ឡើងៗថា គណបក្សកុម្មុយនីស្តចិន មិនមែនជាមិត្តភក្តិជាមួយលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ តម្លាភាព និងសេរីភាពនាវាចរណ៍ដែលជាគ្រឹះនៃតំបន់ Indo-Pacific សេរី បើកចំហ និងមានភាពសម្បូររុងរឿងទេ»។
លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា Esper បានប្រកាសថា នៅពេលពិភពលោកប្រឈមនឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ និងឧបសគ្គខាងសន្តិសុខ ភាពជាដៃគូរវាងស.រ.អា និងប្រទេសឥណ្ឌា មានសារៈសំខាន់ជាងពេលណាៗទាំងអស់ដើម្បីធ្វើឱ្យប្រាកដប្រជាថា មានសន្តិសុខ ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់នោះនិងក្នុងពិភពលោក។
លោករដ្ឋមន្ត្រី Esper បានមានប្រសាសន៍ថា៖ «ក្នុងពេល១៥ឆ្នាំក្រោយមានក្របខណ្ឌការពារប្រទេសទីមួយរវាងស.រ.អា និងប្រទេសឥណ្ឌា ចំណងទាក់ទងគ្នាខាងការពារប្រទេសរវាងប្រទេសជាតិទាំងពីរជាសរសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងទ្វេភាគីទាំងមូលរបស់យើង។ ផ្អែកលើគុណតម្លៃដូចគ្នា និងផលប្រយោជន៍រួម យើងឈរកៀកស្មាគ្នាក្នុងការគាំទ្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific) ដែលសេរី និងបើកចំហមួយសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសនៅពេលមានកំណើនសកម្មភាពឈ្លានពាន និងអស្ថិរភាពដោយប្រទេសចិន»។
លោករដ្ឋមន្ត្រី Esper បានមានប្រសាសន៍ថា ស.រ.អា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញារបស់ខ្លួនដល់ភាពជាដៃគូទូលំទូលាយខាងកិច្ចការពារប្រទេសជាមួយប្រទេសឥណ្ឌានិងពិភាក្សាឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ ការទាក់ទងរវាងស្ថាប័នយោធាទាំងពីរ និងទំនាក់ទំនងពាណិជ្ជកម្មខាងការពារប្រទេស។ ទាំងនេះមានរួមបញ្ចូលការបង្កើនកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីនៅក្នុងមហាសមុទ្រឥណ្ឌា អាស៊ីអាគ្នេយ៍ និងតំបន់ Indo-Pacific។
កិច្ចសហប្រតិបត្តិការយោធារវាងស.រ.អា និងប្រទេសឥណ្ឌា បានត្រូវបង្ហាញឱ្យឃើញដោយសមយុទ្ធរួមគ្នាកាលពីពេលថ្មីៗនេះ រវាងកងទ័ពជើងទឹកឥណ្ឌានិងកងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង USS Nimitz។ បន្ថែមពីលើនេះ ស.រ.អា មានការប្តូរសម្ព័ន្ធយោធាជាមួយប្រទេសឥណ្ឌា ហើយកំពុងធ្វើការដើម្បីបង្កើតការសន្ទនាគ្នាថ្មីខាងប្រព័ន្ធអ៊ីនធឺណិតនិងខាងអវកាស ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដែលនៅទីនោះប្រទេសទាំងពីរប្រឈមនឹងការគំរាមកំហែងដែលលេចឡើង។
ភាពជាដៃគូរវាងស.រ.អា និងប្រទេសឥណ្ឌា ដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យធំជាងគេក្នុងពិភពលោក នៅតែរឹងប៉ឹង ខ្លាំងក្លានិងលូតលាស់ថែមទៀត៕