តទៅនេះគឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានប្រកាសនៅក្នុងរដ្ឋធានីវ៉ាសូវីនៃប្រទេសប៉ូឡូញថា៖ «យើងមើលឃើញប៉ូឡូញជាសម្ពន្ធមិត្តគំរូមួយនៅទ្វីប [អឺរ៉ុប] ដែលមានឆន្ទៈវិនិយោគមិនត្រឹមតែលើការការពារជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការការពាររួមរបស់យើងនិងការការពារទ្វីបអឺរ៉ុបផងដែរ»។
លោករដ្ឋមន្ត្រី Hegseth បាននិយាយថា ប៉ូឡូញគឺជាដៃគូជួរមុខយុទ្ធសាស្ត្រប្រចាំផ្នែកខាងកើតនៃទ្វីបអឺរ៉ុបក្នុងចំណោមសមាជិកអង្គការអូតង់ (NATO) ទាំងអស់និងជា «សម្ពន្ធមិត្តគំរូមួយមិនគ្រាន់តែជាពាក្យសម្តីប៉ុណ្ណោះទេ»។
លោកបានបញ្ជាក់ថា៖ «ប៉ូឡូញនាំមុខដោយការធ្វើជាគំរូលើអ្វីៗជាច្រើនដូចជាការចំណាយលើវិស័យការពារជាតិ [និង] ការកសាងសមត្ថភាពត្រៀមខ្លួនរួចជាស្រេចខាងយោធាជាដើម»។
លោករដ្ឋមន្ត្រី Hegseth បានបន្ថែមថា ទោះបីជាវិស័យការទូតមានសារៈសំខាន់ក៏ដោយ ក៏ «នៅទីបំផុត គ្រឿងផ្គត់ផ្គង់ចាំបាច់សម្រាប់យោធានិងអំណាចយោធាគឺនៅតែសំខាន់។ ប៉ូឡូញយល់អំពីរឿងនេះហើយយើងក៏យល់ដូច្នេះដែរ»។
ប៉ូឡូញជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចដែលរួមចំណែកថវិកាផ្នែកការពារលើសពីចំណែកទទួលបន្ទុករបស់ខ្លួនដល់អង្គការអូតង់។ លោករដ្ឋមន្ត្រី Hegseth បានថ្លែងថា៖ «យើងកំពុងស្វែងរកវិធីបន្ថែមទៀតដើម្បីធ្វើជាដៃគូ»។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «យើងបើកចំហនិងទន្ទឹងរង់ចាំដើម្បីពង្រឹងបន្ថែមទៀតនូវវិធីដែលយើងអាចធ្វើការជាមួយគ្នាពាក់ព័ន្ធនឹងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់យើង។ យើងចង់សម្រេចឲ្យបានសន្តិភាពជាមួយគ្នាតាមរយៈកម្លាំង។ វិធីកម្លារារាំងមានដូចជាមូលដ្ឋានឧស្សាហកម្មការពារជាតិ ឧទ្ធម្ភាគចក្រ Apache យន្តហោះចម្បាំង F35 និងប្រព័ន្ធមីស៊ីល Patriot ជាដើម។ បើយើងមានរបស់ទាំងអស់នេះកាន់តែច្រើន នោះយើងនឹងកាន់តែខ្លាំង»។
លោករដ្ឋមន្ត្រី Hegseth បានអរគុណប្រជាពលរដ្ឋប៉ូឡូញចំពោះការជួយឧបត្ថម្ភរបស់ពួកគេដល់កងទ័ពអាមេរិកាំងចំនួន ៨.០០០ នាក់ដែលឈរជើងនៅក្នុងប្រទេសប៉ូឡូញ។ លោកក៏បានថ្លែងអំណរគុណផងដែរដល់យោធាប៉ូឡូញចំពោះការជួយជ្រោមជ្រែងរបស់ពួកគេចំពោះកងកម្លាំងសហរដ្ឋអាមេរិក។
លោកបានថ្លែងថា៖ «ការវិនិយោគរបស់ប៉ូឡូញក៏ធ្វើឱ្យមានភាពងាយស្រួលជាងមុនសម្រាប់យើងក្នុងការមានវត្តមាននៅទីនេះផងដែរ»។ ការរួមវិភាគទានដ៏សប្បុរសរបស់ក្រសួងហិរញ្ញវត្ថុប៉ូឡូញលើហេដ្ឋារចនាសម្ព័ន្ធនិងការគាំទ្រផ្នែកភស្តុភារដើម្បីឲ្យកងទ័ពរបស់យើងស្ថិតនៅទីនេះបានជួយកាត់បន្ថយបន្ទុកអ្នកបង់ពន្ធអាមេរិកាំង»។
លោករដ្ឋមន្ត្រី Hegseth បានសង្កត់ធ្ងន់ថា នោះជាអ្វីដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpបានធ្វើការជាមួយប៉ូឡូញក្នុងរយៈពេល ៤ ឆ្នាំដំបូងនៃការកាន់តំណែងរបស់លោកនៅអាណត្តិទីមួយ ហើយ «យើងនឹងបន្តធ្វើដូច្នេះជាមួយគ្នាផងដែរ»។
លោករដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងដូច្នេះថា៖ «[ខ្ញុំចង់គូសបញ្ជាក់ថា] កម្រិតនៃភាពជាដៃគូនេះគឺមិនអាចប្រៀបបានទេនៅទ្វីបអឺរ៉ុប។ ចំណងទាក់ទងរួមរវាងកងទ័ពរបស់យើងមិនដូចប្រទេសផ្សេងទៀតក្នុងទ្វីបអឺរ៉ុបឡើយ។ យើងមានស្មារតីអ្នកចម្បាំងរួមដែលយើងបានពិភាក្សាគ្នា ដែលជាអ្វីដែលខ្ញុំកំពុងសង្កត់ធ្ងន់។ យើងសង្កត់ធ្ងន់ [លើរឿងនេះ] នៅក្រសួងការពារជាតិ [ក្រោមអាណត្តិ] របស់លោក [ប្រធានាធិបតី] Donald Trump»។
លោករដ្ឋមន្ត្រី Hegseth បានប្រកាសថា៖ «យើងត្រៀមខ្លួនរួចជាស្រេច យើងខ្លាំងក្លា យើងមានសមត្ថភាព ហើយយើងចង់វិនិយោគឡើងវិញលើស្មារតីអ្នកចម្បាំង។ យើងចង់កសាងយោធារបស់យើងឡើងវិញនិងបង្កើតឡើងវិញនូវវិធីកម្លារារាំងរបស់យើង។ ខ្ញុំបានឮរឿងដូចគ្នានេះពីថ្នាក់ដឹកនាំ [យោធាប៉ូឡូញ] នៅក្នុងជំនួបទ្វេភាគីរបស់យើងដែលមានលក្ខណៈគួរឲ្យលើកទឹកចិត្តយ៉ាងខ្លាំង»៕
បទវិចារណកថា៖ ការកសាងទំនាក់ទំនងយោធាខ្លាំងក្លារវាងសហរដ្ឋអាមេរិកនិងប៉ូឡូញ

(រូបឯកសារ) រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth និងរដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក Wladyslaw Kosiniak-Kamysz ជួបទាហានអាមេរិកខណៈពួកគេទស្សនាមូលដ្ឋានមួយកន្លែងនៅទីក្រុង Powidz ប្រទេសប៉ូឡូញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី Hegseth បាននិយាយថា ប៉ូឡូញគឺជាដៃគូជួរមុខយុទ្ធសាស្ត្រប្រចាំផ្នែកខាងកើតនៃទ្វីបអឺរ៉ុបក្នុងចំណោមសមាជិកអង្គការអូតង់ (NATO) ទាំងអស់និងជា «សម្ពន្ធមិត្តគំរូមួយមិនគ្រាន់តែជាពាក្យសម្តីប៉ុណ្ណោះទេ»។