បទ​វិចារណកថា៖ ការ​ស្វះស្វែង​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន

(រូបឯកសារ) រូបថត​នេះ​បង្ហាញ​មន្ទីរពេទ្យ​មួយ​នៅ​តំបន់ Odesa ប្រទេស​អ៊ុយក្រែន ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ការ​វាយប្រហារ​ដ្រោន​របស់​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥។

(រូបឯកសារ) រូបថត​នេះ​បង្ហាញ​មន្ទីរពេទ្យ​មួយ​នៅ​តំបន់ Odesa ប្រទេស​អ៊ុយក្រែន ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ការ​វាយប្រហារ​ដ្រោន​របស់​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥។

ខែ​កុម្ភៈ​នេះ​គឺ​ជា​ខួប ១០ ឆ្នាំ​នៃ​កញ្ចប់​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្កិ៍​ទី​ពីរ (Second Minsk Agreements) ដែល​ជា​កិច្ច​ព្រមព្រៀង​ជាច្រើន​ដែល​រុស្ស៊ី​បាន​បង្ខំ​លើ​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​មាន​ការ​បរាជ័យ​ខាង​យោធា​ជា​បន្ត​បន្ទាប់​មក។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ខែ​កុម្ភៈ​នេះ​គឺ​ជា​ខួប ១០ ឆ្នាំ​នៃ​កញ្ចប់​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្កិ៍​ទី​ពីរ (Second Minsk Agreements) ដែល​ជា​កិច្ច​ព្រមព្រៀង​ជាច្រើន​ដែល​រុស្ស៊ី​បាន​បង្ខំ​លើ​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​មាន​ការ​បរាជ័យ​ខាង​យោធា​ជា​បន្ត​បន្ទាប់​មក។ កិច្ច​ព្រមព្រៀង​ទាំងនេះ​គឺជា​ការ​ប៉ុនប៉ង​មិន​ជោគជ័យ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ដែល​បាន​កើតឡើង​បន្ទាប់ពី​រុស្ស៊ី​បាន​ភ្ជាប់​យក​ជាក់ស្ដែង​នូវ​ដែនដី​តំបន់ Donbas របស់​អ៊ុយក្រែន​មក។

កញ្ចប់​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្កិ៍​នេះ​ក៏​មាន​បំណង​រារាំង​រុស្ស៊ី​មិន​ឱ្យ​ឈ្លានពាន​អ៊ុយក្រែន​ផងដែរ។ ភាគី​ទាំងពីរ​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នេះ​ម្តង​ហើយ​ម្តង​ទៀត ដោយ​រុស្ស៊ី​រំលោភ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង។

បន្ទាប់​មក នៅ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០២២ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រកាស​ជា​ឯកតោ​ភាគី​ថា​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្កិ៍​នេះ​បាន​រលាយ​បាត់​ហើយ ហើយ​ពីរ​ថ្ងៃ​ក្រោយ​មក​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

លោក John Kelly តំណាង​ជំនួស​ស្តីទី​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា៖ «រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទាំងនេះ ក៏ប៉ុន្តែ​មិន​ដែល​បាន​អនុវត្ត​តាម​ការ​តាំងចិត្ត​ណា​មួយ​ដែល​ខ្លួន​បាន​យល់ព្រម​នោះទេ មិន​ថា​ជា​ពិធីការ​ក្រុង​មីនស្កិ៍ (Minsk Protocol) កញ្ចប់​វិធានការ​ក្រុង​មីនស្កិ៍ (Minsk Package of Measures) ឬ​អន្តរាគមន៍​ជាច្រើន​ដែល​ក្រុម​ទំនាក់ទំនង​ត្រីភាគី (Trilateral Contact Group) បាន​ចរចា​នោះឡើយ»។

លោកJohn Kelly បាន​ថ្លែង​ថា៖ «ការ​តាំងចិត្ត​ទាំងនេះ​មាន​ដូចជា​កិច្ច​ព្រមព្រៀង​លើ​បទឈប់បាញ់ ការ​ដក «កង​កម្លាំង​យោធា​បរទេស» ចេញពី​បូរណភាព​ទឹកដី​អ៊ុយក្រែន ការ​រំលាយ​ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​នៅ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​រុស្ស៊ី និង​ការ​ប្រគល់​ការ​គ្រប់គ្រង​ដល់​អ៊ុយក្រែន​វិញ​នូវ​ផ្នែក​របស់​អ៊ុយក្រែន​នៃ​ព្រំដែន​អន្តរជាតិ។ រុស្ស៊ី​មិន​បាន​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «ផ្ទុយ​ទៅវិញ រុស្ស៊ី​បាន​ធ្វើការ​ឥត​ឈប់ឈរ​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើ​ឱ្យ​អន្តរាយ​ដល់​គោលបំណង​ជា​សារវន្ត​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្កិ៍ ពង្រីក​សង្គ្រាម និង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កិច្ច​ប្រឹងប្រែង​អន្តរជាតិ​ក្នុង​ការ​តាម​ឃ្លាំមើល»។

លោក​ឯកអគ្គរដ្ឋទូត Kelley បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន «មាន​អធិបតេយ្យភាព​និង​វិបុលភាព។ ប៉ុន្តែ យើង​ត្រូវតែ​ចាប់ផ្តើម​ដោយ​ការ​ទទួលស្គាល់​ថា​ការ​វិល​ត្រឡប់​ទៅកាន់​ព្រំដែន​មុន​ឆ្នាំ ២០១៤ របស់​អ៊ុយក្រែន​គឺជា​គោលដៅ​ដែល​មិន​អាច​សម្រេច​បាន»។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​ដេញ​តាម​គោលដៅ​បែប​ស្រមើស្រមៃ​នេះ​មាន​តែ​ធ្វើឲ្យ​សង្គ្រាម​នេះ​កាន់តែ​អូស​បន្លាញ​ទៅមុខ​និង​បណ្តាល​ឱ្យ​មាន​ការ​ឈឺចាប់​បន្ថែមទៀត​តែ​ប៉ុណ្ណោះ។ សន្តិភាព​ឋិតឋេរ​មួយ​សម្រាប់​អ៊ុយក្រែន​ត្រូវតែ​រួម​បញ្ចូល​ការ​ធានា​សន្តិសុខ​ដ៏​ខ្លាំងក្លា​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​សង្គ្រាម​នេះ​នឹង​មិន​ចាប់ផ្តើម​ម្តង​ទៀត​ឡើយ»។

លោក​ឯកអគ្គរដ្ឋទូត Kelley បាន​បន្ថែម​ថា ទោះជា​យ៉ាងណា​ក៏ដោយ ការពិត​ជា​សារវន្ត​ដែល​មិន​អាច​ប្រកែក​បាន​គឺ​ថា «អ៊ុយក្រែន​ជា​ប្រទេស​អធិបតេយ្យ​និង​ឯករាជ្យ ហើយ​សង្គ្រាម​ដណ្ដើម​កាន់កាប់​ខុស​ច្បាប់​របស់​រុស្ស៊ី​បាន​រំលោភ​លើ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ»។

លោក​បាន​ថ្លែង​ថា៖ «រុស្ស៊ី​ត្រូវតែ​បញ្ចប់​ជា​បន្ទាន់​នូវ​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​អ៊ុយក្រែន ដោយសារតែ​សង្គ្រាម​នេះ​មិន​ត្រឹមតែ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​កំហុស​យុទ្ធសាស្ត្រ​សម្រាប់​រុស្ស៊ី​ផងដែរ។ មធ្យោបាយ​ដ៏​ងាយស្រួល​គឺ​តាមរយៈ​ការ​ចរចា​នៅ​ពេល​ឥឡូវ​នេះ។ ផ្ទុយ​ទៅវិញ ប្រសិនបើ​រុស្ស៊ី​ជ្រើសរើស​យក​ផ្លូវ​លំបាក វា​នឹង​នាំមក​នូវ​ការ​ខាតបង់​ដ៏​ធំ​និង​រាលដាល​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​និង​ការ​បរាជ័យ​នៅ​លើ​សមរភូមិ»។

លោក​ឯកអគ្គរដ្ឋទូត Kelleyបាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក ...តាំងចិត្ត​បញ្ចប់​ការ​សម្លាប់​រង្គាល​នេះ​និង​ស្ដារ​ស្ថិរភាព​ឲ្យ​ទ្វីប​អឺរ៉ុប។ អ៊ុយក្រែន រុស្ស៊ី និង​ដៃគូ​អឺរ៉ុប​នានា​ត្រូវតែ​ជា​ផ្នែក​មួយ​នៃ​ការ​សន្ទនា​នេះ»៕