បទវិចារណកថា៖ ការចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​អាស៊ែបៃហ្សង់

រូបឯកសារ៖ ​លោក​ Qubad Ibadoglu ជាមេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​អាស៊ែបៃហ្សង់។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ «កំពុង​តាមដាន​យ៉ាង​ដិតដល់»​នូវ​ការចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ Qubad Ibadoglu ​ក្នុង​ប្រទេស​អាស៊ែបៃហ្សង់។ ​នេះ​បើ​តាម​សម្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក Matthew Miller។

លោក Ibadoglu ជា​សេដ្ឋវិទូ​អន្តរជាតិ​ និង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ និង​វិបុលភាព​អាស៊ែបៃហ្សង់​។ លោក​បាន​ដឹកនាំ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ផ្តោត​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ​អភិបាលកិច្ច​ល្អ ​និង​តម្លាភាព អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ ក្នុង​ឆ្នាំ​២០១៤​ អាជ្ញាធរអាស៊ែបៃហ្សង់​ បាន​បិទ​អង្គការ​នោះ​ដោយ​បង្ខំ។

ប្រឈមមុខ​នឹង​អ្វី​ដែល​អ្នកសង្កេត​ការណ៍​និយាយ​ថា​ជា​ការចោទ​ប្រកាន់​ដោយ​ហេតុផល​នយោបាយ​ ក្នុង​ឆ្នាំ​២០១៥ ​លោក Ibadoglu ​បាន​ចាក​ចេញ​ពី​អាស៊ែបៃហ្សង់​ ហើយ​បាន​បង្រៀន​នៅ​ស្ថាប័ន​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប។ ថ្មីៗ​នេះ​ លោក​បាន​ត្រឡប់​ទៅ ​អាស៊ែបៃហ្សង់​វិញ​ បន្ទាប់ពី​បាន​ជួយ​បង្កើត​អង្គការ​មួយ​នៅ​ចក្រភព​អង់គ្លេស​ដើម្បី​គាំទ្រ​ការសិក្សា​នៅ​បរទេស​សម្រាប់​យុវជន​អាស៊ែបៃហ្សង់។ លោក​បាន​ប្រកាស​ថា ​មូលនិធិ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​នឹង​ត្រូវ​បាន​ទាមទារ​មក​វិញ​ពី«លុយ​ដែល​បាន​លួច​ពី​ប្រជាជន​អាស៊ែបៃហ្សង់​ និង​សេដ្ឋកិច្ច​ដោយ​រដ្ឋាភិបាល​អាស៊ែបៃហ្សង់»។

លោក Ibadoglu ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៣ ​ខែកក្កដា ​នៅ​ខាងក្រៅ​ទីក្រុង​ Baku​ ខណៈដែល​លោក​កំពុង​បើក​រថយន្តទៅជួប​ជាមួយ​សកម្មជន​វ័យក្មេង​មកពី​គណបក្ស​នយោបាយ​របស់​លោក​។ នៅថ្ងៃ​បន្ទាប់ ​លោកត្រូវ​បាន​កាត់ទោស​ឱ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រយៈពេល​៣​ខែ ​២៦​ថ្ងៃ ​ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផលិត​ ការទិញ ​ឬ​លក់​ប្រាក់​ក្លែងក្លាយ។ អាជ្ញាធរ​ក៏​បាន​ចោទ​ប្រកាន់​លោក​ថា​ ជា​អ្នកគាំទ្រ​លោក​ Fethullah Gulen​ ដែល​ជា​បព្វជិត​នីកាយ​ស៊ុននី​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ក្រុម​មួយ​ដែល​រដ្ឋាភិបាល​តួកគី​អះអាង​ថា​ជា​អង្គការ​ភេរវកម្ម។ ប្រសិនបើ​ត្រូវ​បាន​កាត់ទោស​ លោក Ibadoglu ​ប្រឈម​មុខ​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​ ១២​ ឆ្នាំ។ លោក​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​លោក។

នៅក្នុង​របាយការណ៍​ថ្មីៗ​បំផុត​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ស្តីពី​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​អាស៊ែបៃហ្សង់​ «បញ្ហា​សិទ្ធិ​មនុស្ស​សំខាន់ៗ» ​ត្រូវ​បាន​កត់​សម្គាល់​ រួមទាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ជា​ប្រព័ន្ធ។ ការឃុំខ្លួន​ដោយ​បំពាន​ ការសងសឹក​ដោយ​ចេតនា​នយោបាយ​ប្រឆាំង​នឹង​បុគ្គល​ និង​បញ្ហា​រីករាលដាលនៃ​ឯករាជ្យភាព​របស់​តុលាការ។

នៅក្នុង​ការអត្ថាធិប្បាយ​លើ​ការចាប់ខ្លួន​ និង​ការឃុំខ្លួន​របស់​លោក​ Ibadoglu ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Matthew Miller ​បាន​និយាយ​ថា​៖ ​«សហរដ្ឋ​អាមេរិក​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការជំរុញ​ការគោរព​សិទ្ធិ​មនុស្ស ​និង​សេរីភាព​ជា​មូលដ្ឋាន។ យើង​ជំរុញ​ឱ្យ​អាស៊ែបៃហ្សង់​ ការពារ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​របស់​ខ្លួន ​រួមទាំង​លោក​ Qubad Ibadoglu​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​ផ្ទាល់​ខ្លួន​របស់​អាស៊ែបៃហ្សង់​និង​កាតព្វកិច្ច ​និង​ការប្តេជ្ញា​ចិត្ត​អន្តរជាតិ»៕