តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍ថា ការជួញដូរមនុស្ស «គឺជាការប្រមាថចំពោះសិទ្ធិមនុស្ស និងចំពោះសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ ...យើងដឹងថា ការជួញដូរមនុស្សធ្វើឲ្យសង្គម និងសេដ្ឋកិច្ចគ្មានស្ថិរភាព។ ដូច្នេះ យើងត្រូវធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានក្នុងនាមជាប្រទេសមួយ ប៉ុន្តែក៏ក្នុងនាមជាសហគមន៍អន្តរជាតិផងដែរ ដើម្បីបញ្ឈប់ការជួញដូរមនុស្សនៅកន្លែងណាដែលមានអំពើនេះកើតឡើង»។
អង្គការពលកម្មអន្តរជាតិ (ILO) បានប៉ាន់ប្រមាណថា មនុស្សជិត ២៥ លាននាក់នៅលើពិភពលោក គឺជាជនរងគ្រោះនៃការជួញដូរមនុស្ស។
សហរដ្ឋអាមេរិកទទួលស្គាល់នូវទម្រង់ពីរនៃការជួញដូរមនុស្ស ដែលនោះ គឺពលកម្មដោយបង្ខំ និងការជួញដូរផ្លូវភេទ។ មនុស្សជាច្រើនត្រូវបានបង្ខំឲ្យប្រកបរបរបម្រើផ្លូវភេទ។ មនុស្សជាច្រើនត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងរោងចក្រ កន្លែងជីករ៉ែ ឬវាលស្រែចម្ការ ឬក៏ចូលរួមនៅក្នុងក្រុមជនប្រដាប់អាវុធនានា។
កាលពីថ្ងៃទី ១ ខែកក្កដា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្ដីពីការជួញដូរមនុស្ស។ របាយការណ៍នេះ គឺជាធនធានដ៏ទូលំទូលាយបំផុតមួយដែលវាយតម្លៃដោយមិនលំអៀងលើកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនានានៅជុំវិញពិភពលោកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់ថា ដោយផ្ដោតលើផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ លើការជួញដូរមនុស្ស «ក្រុមអ្នកជួញដូរមនុស្សបានសម្របយុទ្ធសាស្ត្ររបស់ខ្លួនទៅតាមស្ថានការណ៍ជានិច្ច។ គ្រប់ប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ ត្រូវតែបន្តសម្របយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីចាត់វិធានការឲ្យបានមុនក្រុមអ្នកជួញដូរមនុស្ស»។
លោក Blinken ថ្លែងដូច្នេះថា៖ «ក្រុមអ្នកជួញដូរមនុស្ស បានក្ដាប់យកឱកាសដើម្បីបង្កើនប្រតិបត្តិការរបស់ខ្លួន។ អ្នកដែលត្រូវបានរុញឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពសេដ្ឋកិច្ចលំបាកធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ១៩ កាន់តែងាយរងគ្រោះនៅក្នុងការកេងប្រវ័ញ្ច។ ហើយដោយសារតែមនុស្សជាច្រើនចំណាយពេលជាច្រើនម៉ោងរៀននិងធ្វើការតាមអនឡាញ ក្រុមអ្នកជួញដូរមនុស្សបានប្រើអ៊ីនធឺណិតដើម្បីប្រមាញ់យកអ្នកណាដែលអាចជាជនរងគ្រោះ»។
លោករដ្ឋមន្ត្រី Blinken បានលើកឡើងថា នៅឆ្នាំនេះ របាយការណ៍នេះក៏ផ្ដោតផងដែរលើការជួញដូរមនុស្សដែលគាំទ្រដោយរដ្ឋាភិបាល។
លោកមានប្រសាសន៍ដូច្នេះថា៖ «យើងបានកត់ត្រាប្រទេសចំនួន ១១ ដែលរដ្ឋាភិបាលនៃប្រទេសទាំងនោះផ្ទាល់គឺជាអ្នកជួញដូរមនុស្ស។ ជាឧទាហរណ៍ [ការជួញដូរមនុស្សដែលគាំទ្រដោយរដ្ឋាភិបាលនេះកើតឡើង] តាមរយៈពលកម្មដោយបង្ខំលើគម្រោងកិច្ចការសាធារណៈ ឬក៏នៅក្នុងវិស័យណាមួយនៃសេដ្ឋកិច្ច ដែលរដ្ឋាភិបាលយល់ថាមានសារៈសំខាន់ជាពិសេស»។
លោក Blinken បានបន្តថា ជាចុងក្រោយ «របាយការណ៍នេះទទួលស្គាល់យ៉ាងច្បាស់នូវទំនាក់ទំនងរវាងវិសមភាពជាប្រព័ន្ធនិងការជួញដូរមនុស្ស។ នេះគឺជាអ្វីដែលប្រទេសជាច្រើនចាំបាច់ត្រូវរកមធ្យោបាយដោះស្រាយ ដែលក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ»។
ចំណុចនេះ គឺដោយសារតែ ក្រុមអ្នកជួញដូរមនុស្សកេងប្រយោជន៍ពីសហគមន៍ដែលគេមិនសូវយកចិត្តទុកដាក់ បុគ្គលនានាហាក់ដូចជាមិនហ៊ានរាយការណ៍អំពីការរំលោភបំពាន ហើយអ្នកដែលរាយការណ៍ថាពួកគេរងការរំលោភបំពានទំនងជាមិនត្រូវបានគេជឿ។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់ថា៖ «ប្រសិនបើយើងមានភាពម៉ឺងម៉ាត់នៅក្នុងការបញ្ចប់ការជួញដូរមនុស្ស យើងក៏ត្រូវតែធ្វើការផងដែរដើម្បីកម្ចាត់ការរើសអើងជាប្រព័ន្ធ ការរើសអើងភេទ និងទម្រង់ផ្សេងទៀតនៃការរើសអើង និងដើម្បីកសាងសង្គមមួយដែលមានសមភាពជាងមុននៅគ្រប់ទិដ្ឋភាពទាំងអស់»។
លោក Blinken បានបន្ថែមថា៖ «បញ្ហាបន្ទាន់បំផុតដែលពិភពលោករបស់យើងកំពុងប្រឈមមិនអាចដោះស្រាយដោយប្រទេសណាមួយតែឯកឯងបានទេ។ ...យើងត្រូវតែធ្វើការជាមួយគ្នា ចែកចាយព័ត៌មាន និងធ្វើយ៉ាងណាឲ្យប្រទេសនីមួយៗមានការទទួលខុសត្រូវ។ នេះគឺជាវិធីដែលយើងនឹងបង្កើតនូវពិភពលោកមួយ ដែលគ្មាននរណាម្នាក់ត្រូវបានរងការកេងប្រវ័ញ្ចដោយសារការជួញដូរមនុស្ស ហើយមនុស្សគ្រប់រូបអាចរស់នៅប្រកបដោយសុវត្ថិភាពនិងសេចក្ដីថ្លៃថ្នូរ»៕