តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោក Daniel Ortega និងអ្នកស្រី Rosario Murillo ដែលជាភរិយារបស់លោក បានប្ដេជ្ញាធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធ្វើយ៉ាងណាឲ្យខ្លួនលោកអាចជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសនីការ៉ាហ្គានៅអាណត្តិទី ៤ ជាបន្តទៀត។
ដើម្បីសម្រេចឲ្យបានគោលបំណងនេះ ពួកគេបានអនុវត្តយុទ្ធនាការដ៏ធំមួយដើម្បីសម្លុត យាយី និងគាបសង្កត់សង្គមស៊ីវិល អ្នកកាសែត អ្នករិះគន់ និងគូប្រជែងនយោបាយ។
ពួកគេបានរៀបចំឲ្យមានការអនុម័តច្បាប់តឹងតែងនានា ក្នុងគោលបំណងបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងការរិះគន់តាមអនឡាញ។
មួយវិញទៀត ពួកគេបានតម្រូវឲ្យអាជីវកម្មនិងអង្គការណាដែលទទួលបានថវិកាឧបត្ថម្ភពីបរទេសឲ្យចុះឈ្មោះជាភ្នាក់ងារបរទេស ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលតាមដានហិរញ្ញវត្ថុរបស់អង្គភាពទាំងនោះ។
បន្ថែមពីលើនេះទៀត ពួកគេបានជំរុញធ្វើយ៉ាងណាឲ្យមានកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់ប្រទេសនីការ៉ាហ្គា ដែលអនុញ្ញាតឲ្យមានទោសប្រហារជីវិតសម្រាប់បទឧក្រិដ្ឋដែលកំណត់មិនច្បាស់លាស់ ដែលនោះគឺ «ឧក្រិដ្ឋកម្មណាដែលជំរុលឡើងដោយការស្អប់គំុកួនរដ្ឋាភិបាល»។
ក្រុមប្រឹក្សាកំពូលនៃការបោះឆ្នោត (Supreme Electoral Council) ដែលគ្រប់គ្រងដោយលោក Ortega និងអ្នកស្រី Murillo បានដកហូតសិទ្ធិរបស់គណបក្សប្រឆាំងចម្បងបំផុតមិនឲ្យចូលរួមប្រកួតនៅក្នុងការបោះឆ្នោតដែលជិតចូលមកដល់ តាមរយៈការផ្អាកឋានៈស្របច្បាប់របស់គណបក្សនេះ។
បេក្ខជនគណបក្សប្រឆាំងត្រូវបានឃុំខ្លួន យាយី ដកសិទ្ធិឈរឈ្មោះជាបេក្ខជន និងចោទប្រកាន់ពីបទឧក្រិដ្ឋនានាដូចជាការលាងលុយកខ្វក់និង «ការវាយប្រហារលើសង្គមនិងសិទ្ធិប្រជាពលរដ្ឋនីការ៉ាហ្គា» ជាដើម ឬក៏ពេលខ្លះពួកគេត្រូវបានចាប់ខ្លួនដោយមិនមានមូលហេតុអ្វីឲ្យបានច្បាស់លាស់ផងដែរ។
ការវាយប្រហារដ៏អាក្រក់បំផុតរបស់លោក Ortega និងអ្នកស្រី Murillo លើអ្វីដែលនៅបន្តជាលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនីការ៉ាហ្គាគឺអាចធ្វើទៅបានអាស្រ័យដោយមានអ្នកជួយជំរុញបន្ថែមនៅក្នុងអង្គនីតិប្រតិបត្តិ អង្គនីតិបញ្ញត្តិ អង្គតុលាការ និងស្ថាប័នបោះឆ្នោតរបស់រដ្ឋាភិបាល។
សម្រាប់អ្នកណាដែលជួយជ្រោមជ្រែងដល់ការវាយប្រហាររបស់លោក Ortega នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចាត់វិធានការដាក់កំហិតទិដ្ឋាការលើបុគ្គល ១៩ នាក់នៃប្រទេសនីការ៉ាហ្គា ដែលជាមន្ត្រីរៀបចំការបោះឆ្នោតនិងមន្ត្រីគណបក្សនយោបាយ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា៖ «សម្រាប់រយៈពេល ៣ ខែកន្លងមកនេះ លោកប្រធានាធិបតី Daniel Ortega និងអ្នកស្រី Rosario Murillo ដែលជាភរិយារបស់លោកនិងជាអនុប្រធានាធិបតី បានបំភិតបំភ័យអ្នកណាដែលប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់ពួកគេនៅក្នុងការពង្រឹងអំណាចនៅក្នុងប្រទេសនីការ៉ាហ្គា។ ការបំភិតបំភ័យនោះបានធ្វើឡើងតាមរយៈការចាប់ខ្លួនមនុស្សរាប់សិបនាក់ដែលជាអ្នកនយោបាយ អ្នកកាសែត និស្សិត មេដឹកនាំអាជីវកម្ម បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស ក៏ដូចជាតាមរយៈការដកសិទ្ធិរបស់បេក្ខជនណាដែលចង់ឈរឈ្មោះប្រជែងនឹងខ្លួននៅក្នុងការបោះឆ្នោតថ្ងៃទី ៧ ខែវិច្ឆិកាខាងមុខផងដែរ»។
វិធានការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនេះបានធ្វើឡើង បន្ទាប់ពីមានវិធានការកាលពីលើកមុនដែលដាក់កំហិតទិដ្ឋាការលើបុគ្គល ១៥០ នាក់ នៅក្នុងប្រទេសនីការ៉ាហ្គា ដូចជាចៅក្រម រដ្ឋអាជ្ញា និងសមាជិកក្រុមគ្រួសារនៃមន្ត្រីទាំងនោះ។
គោលនយោបាយដាក់កំហិតទិដ្ឋាការនេះសំដៅលើជនជាតិនីការ៉ាហ្គាណាដែលពាក់ព័ន្ធនៅក្នុងការធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ ឬក៏បានប្រព្រឹត្តិការរំលោភសិទ្ធិមនុស្សដូចជាការគាបសង្កត់លើការតវ៉ាដោយសន្តិវិធីជាដើម។ គោលនយោបាយនេះក៏សំដៅលើសមាជិកផ្ទាល់នៃក្រុមគ្រួសាររបស់មន្ត្រីទាំងនោះផងដែរ។
លោក Price បានបញ្ជាក់ដូច្នេះថា៖ «ជាមួយនឹងវិធានការនៅថ្ងៃនេះ យើងគូសបញ្ជាក់អំពីការតាំងចិត្តរបស់យើងនៅក្នុងការលើកកម្ពស់ការទទួលខុសត្រូវសម្រាប់អ្នកទាំងឡាយណាដែលចូលដៃនៅក្នុងការវាយប្រហាររបស់រដ្ឋាភិបាលលោក Ortega និងអ្នកស្រី Murillo លើលទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិកមិនស្វាគមន៍អ្នកទាំងនោះទេនៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិក»៕