បទវិចារណកថា៖ ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស

រូបឯកសារ៖ ផ្ទាំង​ផ្សព្វផ្សាយ​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ដែល​មាន​ការព្រមាន​អំពី​ការជួញដូរ​មនុស្ស​នៅ​តាម​ព្រំដែន និង​នៅ​កន្លែង​ដែល​ជនភៀសខ្លួន​មក​ដល់។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា ការ​ជួញដូរ​មនុស្ស «រំលោភ​លើ​សិទ្ធិ​ជា​សាកល​របស់​មនុស្ស​គ្រប់រូប​នៅ​ក្នុង​ការ​មាន​ស្វ័យភាព​លើ​ជីវិត​និង​សកម្មភាព​របស់​ខ្លួន»។

លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែងថា៖ «សព្វថ្ងៃ​នេះ មនុស្ស​ជាង ២៧ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​មិន​ទទួល​បាន​សិទ្ធិ​នោះ​ទេ។ ការ​ជួញដូរ [មនុស្ស] បង្ក​ផល​អាក្រក់​ដល់​សង្គម​របស់​យើង ធ្វើ​ឱ្យ​នីតិរដ្ឋ​ចុះ​ខ្សោយ បង្អាក់​ដល់​សង្វាក់​ផ្គត់ផ្គង់ កេង​ប្រវញ្ច​លើ​កម្មករ និង​បង្ក​អំពើ​ហិង្សា។ ជាង​នេះ​ទៀត វា​ប៉ះពាល់​ដោយ​វិសមាមាត្រ​លើ​ក្រុម​ងាយ​រងគ្រោះ​ជា​យូរ​មក​ហើយ​នានា​ដូចជា​ស្ត្រី អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ជន​ពិការ ជាតិ​សាសន៍​ភាគ​តិច​ និង​ក្រុម​អ្នក​កាន់​សាសនា​ភាគ​តិច​ផ្សេងៗ»។

កាលពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដែល​ជា​របាយការណ៍​ពិនិត្យ​វាយ​តម្លៃ​យ៉ាង​ទូលំទូលាយ​បំផុត​នៅ​លើ​ពិភពលោក​លើ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នានា ដែល​ក្នុង​នោះ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​ហួសហេតុ​នេះ។

លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​ថា៖ «របាយការណ៍​នៅ​ក្នុង​ឆ្នាំ​នេះ​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ការ​វិវឌ្ឍ​មិន​ប្រែប្រួល​នៅ​ជុំវិញ​ពិភពលោក ដោយ​ប្រទេស​រាប់​សិប​បាន​បោះ​ជំហាន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​បង្ការ​ការ​ជួញដូរ [មនុស្ស] ការ​ការពារ​អ្នក​រួច​ផុត​ពី​ការ​ជួញដូរ និង​ការ​កាត់ទោស​អ្នក​ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​នេះ»។

លោក Blinken បាន​លើក​យក​ករណី​ប្រទេស​សីស្ហែល​មក​ធ្វើ​ជា​ឧទាហរណ៍ ដែល​នៅ​ប្រទេស​នោះ រដ្ឋាភិបាល​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដ៏​ល្អ​ដល់​មន្ត្រី​ប៉ូលិស​និង​មន្ត្រី​អាកាសយានដ្ឋាន​ដើម្បី​តាម​សម្គាល់​រក​ការ​ជួញដូរ [មនុស្ស]។

លោក Blinken ក៏​បាន​លើក​យក​ករណី​ទីក្រុង​ហុងកុង​មក​ធ្វើ​ជា​ឧទាហរណ៍​ផង​ដែរ ដែល​នៅ​ទីនោះ​អាជ្ញាធរ​បាន​ចាប់ផ្ដើម​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ខ្សែ​ទំនាក់ទំនង​អាសន្ន​ដើម្បី​ជួយ​ជន​រងគ្រោះ​ដោយសារ​ការ​ជួញដូរ​ឱ្យ​រាយការណ៍​អំពី​ការ​បោក​បញ្ឆោត​រឿង​ផ្ដល់​ការងារ​នៅ​បរទេស​និង​ដើម្បី​ទទួល​បាន​ជំនួយ ដែល​ការ​ធ្វើ​ដូច្នេះ​គឺ​តម្រូវ​ឱ្យ​មាន​ការ​ប្រើប្រាស់​ធនធាន​បន្ថែម​ដើម្បី​កំណត់​រក​ជន​រងគ្រោះ​ និង​កាត់ទោស​ជន​ជួញដូរ​មនុស្ស។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា របាយការណ៍​នេះ​ក៏​បាន​លើកឡើង​ផង​ដែរ​អំពី​ទំនោរ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​មួយ​ចំនួន។

លោក​រដ្ឋមន្ត្រី Blinken មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «[ទំនោរ] ទី​មួយ​គឺ​ការ​រីក​ជា​បន្ត​នូវ​ពលកម្ម​ដោយ​បង្ខំ។ ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​បង្អាក់​ដល់​សង្វាក់​ផ្គត់ផ្គង់​នៅ​ជុំវិញ​ពិភពលោក... និយោជក​ដែល​មាន​គំនិត​កេង​ប្រវញ្ច​បាន​ប្រើ​កល​ល្បិច​ជា​ច្រើន​ដើម្បី​កេង​ប្រយោជន៍​ពី​ពលករ​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ទាប​និង​ងាយ​រងគ្រោះ​ខ្លាំង»។

លោក​រដ្ឋមន្ត្រី Blinken បាន​បន្ត​ថា៖ «[ទំនោរ] ទី​ពីរ​គឺ​ការ​កើនឡើង​នូវ​ការ​ជួញដូរ​ពលកម្ម​តាម​រយៈ​ការ​បោក​បញ្ឆោត​តាម​អនឡាញ។ ...អ្នក​ជួញដូរ​មនុស្ស​ទាញ​ប្រយោជន៍​ពី​ភាព​អត់​ការងារ​ជា​ទូទៅ​ដើម្បី​ជ្រើសរើស​ជន​រងគ្រោះ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ការងារ​បោកប្រាស់ ហើយ​បន្ទាប់​មក​បាន​បង្ខំ​ជន​រងគ្រោះ​ឱ្យ​ធ្វើ​ការ​បោក​ប្រាស់​លក្ខណៈ​អន្តរជាតិ»។

លោក​រដ្ឋមន្ត្រី Blinken បាន​បន្ថែម​ថា៖ «[ទំនោរ] ទី​បី​គឺ​ថា ​របាយការណ៍​នេះ​បាន​បង្ហាញ​អំពី​ហានិភ័យ​ដែល​ជន​រងគ្រោះ​ដោយសារ​ការ​ជួញដូរ​ជា​កុមារា​និង​បុរស​វ័យ​ក្មេង​ប្រឈម។ ជា​រឿយៗ ផ្នែក​នៃ​ការ​ជួញដូរ​នេះ​ត្រូវ​បាន​គេ​មើល​រំលង»។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ទៀត​ថា ការពិត​គឺ​ថា​នរណា​ក៏ដោយ​មិន​ថា​មាន​ភេទ ​ឬ​ក៏​ទស្សនៈ​យេនឌ័រ​អ្វី​នោះ​ទេ​គឺ​សុទ្ធតែ​អាច​ក្លាយជា​គោលដៅ​របស់​អ្នក​ជួញដូរ​មនុស្ស។ «ហេតុ​ដូច្នេះ​ហើយ រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ត្រូវតែ​បង្កើត​ធនធាន​សម្រាប់​មនុស្ស​គ្រប់​រូប​ទាំង​អស់»។

លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​ត្រូវការ​ការ​អនុវត្ត​ច្បាប់​ដើម្បី​កាត់ទោស​ជន​ជួញដូរ​មនុស្ស។ យើង​ត្រូវការ​អ្នក​ធ្វើការ​ខាង​កិច្ចការ​សង្គម​ដើម្បី​ផ្ដល់​សេវា​ថែទាំ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ដល់​ជន​រងគ្រោះ។ យើង​ត្រូវការ​អ្នក​តស៊ូ​មតិ​ដើម្បី​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ។ យើង​ត្រូវការ​សហគមន៍​ចូលរួម​ជាមួយ​គ្នា​ដើម្បី​គាំទ្រ​ដល់​អ្នក​រួច​ផុត​ពី​ការ​ជួញដូរ​មនុស្ស»។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅតែ​តាំងចិត្ត​ចំពោះ​កិច្ចការ​ដ៏​សំខាន់ «តែ​ម្ដង​គត់​សម្រាប់​មនុស្ស​គ្រប់​គ្នា ដែល​នោះ​គឺ​ការ​បញ្ចប់​ការ​ជួញដូរ​មនុស្ស»៕