Accessibility links

Breaking News

បទវិចារណកថា៖ ការជួញដូរ​មនុស្ស


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​អំពី​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ស្ដីពី​«ការជួញដូរ​មនុស្ស» នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​អំពី​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ស្ដីពី​«ការជួញដូរ​មនុស្ស» នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​មាន​ប្រសាសន៍​ថា ការ​ជួញដូរ​មនុស្ស «គឺជា​ការ​ប្រមាថ​ចំពោះ​សិទ្ធិ​មនុស្ស និង​ចំពោះ​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស។ ...យើង​ដឹង​ថា ការ​ជួញដូរ​មនុស្ស​ធ្វើ​ឲ្យ​សង្គម ​និង​សេដ្ឋកិច្ច​គ្មាន​ស្ថិរភាព។ ដូច្នេះ យើង​ត្រូវ​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ក្នុង​នាម​ជា​ប្រទេស​មួយ ប៉ុន្តែ​ក៏​ក្នុង​នាម​ជា​សហគមន៍​អន្តរជាតិ​ផងដែរ ដើម្បី​បញ្ឈប់​ការ​ជួញដូរ​មនុស្ស​នៅ​កន្លែង​ណា​ដែល​មាន​អំពើ​នេះ​កើតឡើង»។

អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ជិត ២៥ លាន​នាក់​នៅ​លើ​ពិភពលោក ​គឺជា​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស។

សហរដ្ឋ​អាមេរិក​ទទួលស្គាល់​នូវ​ទម្រង់​ពីរ​នៃ​ការ​ជួញដូរ​មនុស្ស ដែល​នោះ​ គឺ​ពលកម្ម​ដោយ​បង្ខំ និង​ការ​ជួញដូរ​ផ្លូវភេទ។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​ប្រកប​របរ​បម្រើ​ផ្លូវភេទ។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ក្នុង​រោងចក្រ កន្លែង​ជីក​រ៉ែ ឬ​វាលស្រែ​ចម្ការ ឬ​ក៏​ចូលរួម​នៅ​ក្នុង​ក្រុម​ជន​ប្រដាប់​អាវុធ​នានា។

កាលពី​ថ្ងៃ​ទី ១ ខែ​កក្កដា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​មនុស្ស។ របាយការណ៍​នេះ ​គឺជា​ធនធាន​ដ៏​ទូលំទូលាយ​បំផុត​មួយ​ដែល​វាយតម្លៃ​ដោយ​មិន​លំអៀង​លើ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នានា​នៅ​ជុំវិញ​ពិភពលោក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផងដែរ។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ថា ដោយ​ផ្ដោត​លើ​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ លើ​ការ​ជួញដូរ​មនុស្ស «ក្រុម​អ្នក​ជួញដូរ​មនុស្ស​បាន​សម្រប​យុទ្ធសាស្ត្រ​របស់​ខ្លួន​ទៅ​តាម​ស្ថានការណ៍​ជានិច្ច។ គ្រប់​ប្រទេស​ទាំង​អស់ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផងដែរ ត្រូវតែ​បន្ត​សម្រប​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​ចាត់​វិធានការ​ឲ្យ​បាន​មុន​ក្រុម​អ្នក​ជួញដូរ​មនុស្ស»។

លោក Blinken ថ្លែង​ដូច្នេះ​ថា៖ «ក្រុម​អ្នក​ជួញដូរ​មនុស្ស​ បាន​ក្ដាប់​យក​ឱកាស​ដើម្បី​បង្កើន​ប្រតិបត្តិការ​របស់​ខ្លួន។ អ្នក​ដែល​ត្រូវ​បាន​រុញ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​លំបាក​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ កាន់តែ​ងាយ​រងគ្រោះ​នៅ​ក្នុង​ការ​កេង​ប្រវ័ញ្ច។ ហើយ​ដោយសារតែ​មនុស្ស​ជា​ច្រើន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​រៀន​និង​ធ្វើការ​តាម​អនឡាញ ក្រុម​អ្នក​ជួញដូរ​មនុស្ស​បាន​ប្រើ​អ៊ីនធឺណិត​ដើម្បី​ប្រមាញ់​យក​អ្នក​ណា​ដែល​អាច​ជា​ជន​រងគ្រោះ»។

លោក​រដ្ឋមន្ត្រី Blinken បាន​លើកឡើង​ថា នៅ​ឆ្នាំ​នេះ របាយការណ៍​នេះ​ក៏​ផ្ដោត​ផងដែរ​លើ​ការ​ជួញដូរ​មនុស្ស​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល។

លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «យើង​បាន​កត់ត្រា​ប្រទេស​ចំនួន ១១ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នោះ​ផ្ទាល់​គឺជា​អ្នក​ជួញដូរ​មនុស្ស។ ជា​ឧទាហរណ៍ [ការ​ជួញដូរ​មនុស្ស​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​នេះ​កើតឡើង] តាមរយៈ​ពលកម្ម​ដោយ​បង្ខំ​លើ​គម្រោង​កិច្ចការ​សាធារណៈ ឬ​ក៏​នៅ​ក្នុង​វិស័យ​ណា​មួយ​នៃ​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​យល់​ថា​មាន​សារៈសំខាន់​ជាពិសេស»។

លោក Blinken បាន​បន្ត​ថា ជា​ចុងក្រោយ «របាយការណ៍​នេះ​ទទួលស្គាល់​យ៉ាង​ច្បាស់​នូវ​ទំនាក់ទំនង​រវាង​វិសមភាព​ជា​ប្រព័ន្ធ​និង​ការ​ជួញដូរ​មនុស្ស។ នេះ​គឺជា​អ្វី​ដែល​ប្រទេស​ជា​ច្រើន​ចាំបាច់​ត្រូវ​រក​មធ្យោបាយ​ដោះស្រាយ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផងដែរ»។

ចំណុច​នេះ ​គឺ​ដោយសារតែ ក្រុម​អ្នក​ជួញដូរ​មនុស្ស​កេង​ប្រយោជន៍​ពី​សហគមន៍​ដែល​គេ​មិន​សូវ​យក​ចិត្តទុកដាក់ បុគ្គល​នានា​ហាក់​ដូចជា​មិន​ហ៊ាន​រាយការណ៍​អំពី​ការ​រំលោភ​បំពាន ហើយ​អ្នក​ដែល​រាយការណ៍​ថា​ពួកគេ​រង​ការ​រំលោភ​បំពាន​ទំនងជា​មិន​ត្រូវ​បាន​គេ​ជឿ។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ថា៖ «ប្រសិនបើ​យើង​មាន​ភាព​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​បញ្ចប់​ការ​ជួញដូរ​មនុស្ស យើង​ក៏​ត្រូវតែ​ធ្វើការ​ផងដែរ​ដើម្បី​កម្ចាត់​ការ​រើសអើង​ជា​ប្រព័ន្ធ ការ​រើសអើង​ភេទ និង​ទម្រង់​ផ្សេង​ទៀត​នៃ​ការ​រើសអើង និង​ដើម្បី​កសាង​សង្គម​មួយ​ដែល​មាន​សមភាព​ជាង​មុន​នៅ​គ្រប់​ទិដ្ឋភាព​ទាំង​អស់»។

លោក Blinken បាន​បន្ថែម​ថា៖ «បញ្ហា​បន្ទាន់​បំផុត​ដែល​ពិភពលោក​របស់​យើង​កំពុង​ប្រឈម​មិន​អាច​ដោះស្រាយ​ដោយ​ប្រទេស​ណា​មួយ​តែ​ឯកឯង​បាន​ទេ។ ...យើង​ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា ចែកចាយ​ព័ត៌មាន និង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​នីមួយៗ​មាន​ការ​ទទួល​ខុសត្រូវ។ នេះ​គឺជា​វិធី​ដែល​យើង​នឹង​បង្កើត​នូវ​ពិភពលោក​មួយ ដែល​គ្មាន​នរណា​ម្នាក់​ត្រូវបាន​រង​ការ​កេង​ប្រវ័ញ្ច​ដោយសារ​ការ​ជួញដូរ​មនុស្ស ហើយ​មនុស្ស​គ្រប់​រូប​អាច​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព​និង​សេចក្ដី​ថ្លៃថ្នូរ»៕

XS
SM
MD
LG