តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ប្តេជ្ញាធ្វើឱ្យពួកជនដែលប្រើមេរោគជំរិតទារប្រាក់តាមអ៊ីនធឺណិត ransomware ប្រឆាំងនឹងផលប្រយោជន៍អាមេរិកាំងនិងផលប្រយោជន៍របស់ក្រុមសម្ព័ន្ធមិត្តរបស់អាមេរិក ត្រូវទទួលខុសត្រូវ។
ដើម្បីគាំទ្រការប្តេជ្ញារបស់ខ្លួនក្នុងការទប់ទល់នឹងមេរោគ ransomware និងឧប្បត្តិហេតុតាមអនឡាញ ក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្តល់រង្វាន់រហូតដល់ ១០ លានដុល្លារដល់ពួកជនដែលផ្តល់ព័ត៌មានដែលនាំទៅដល់ការដឹងអត្តសញ្ញាណ ឬកន្លែងរស់នៅរបស់បុគ្គលណាមួយ ដែលមានឋានៈក្នុងថ្នាក់ដឹកនាំរបស់ក្រុមជនឧក្រិដ្ឋមានការចាត់ចែងឆ្លងប្រទេស ខាង ransomware ឈ្មោះ Sodinokibi។ បន្ថែមលើនេះ ក្រសួងការបរទេសអាមេរិក ផ្តល់រង្វាន់រហូតដល់ ៥ លានដុល្លារដល់ជនណាដែលមានព័ត៌មាននាំឱ្យមានការចាប់ខ្លួន និងការកាត់ទោសនៅក្នុងប្រទេសណាមួយនៃបុគ្គលទាំងឡាយដែលចូលរួម ឬប៉ុនប៉ងចូលរួមក្នុងឧប្បត្តិហេតុដែលប្រើមេរោគ Sodinokibi ramsomware។
ក្រុមមេរោគ ransomware Sodinokibi ដែលគេស្គាល់ឈ្មោះថា REvil ដែរនោះ ជាអ្នកទទួលខុសត្រូវចំពោះឧប្បត្តិហេតុ ransomware ដែលមានផលប៉ះពាល់ដល់ក្រុមហ៊ុន JBS Foods ដែលជាអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មជាចម្បងដល់ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានការបង្អាក់ខ្លាំងដល់ដំណើរការកែច្នៃ និងការដឹកជញ្ជូនស្បៀង។ Sodinokibi ក៏បានធ្វើឱ្យមានបញ្ហាដល់ក្រុមគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ឈ្មោះ Kaseya ដែលផ្តល់សេវាកម្មបណ្តាញ ការបង្កើត app និងសេវាហេដ្ឋារចនាសម្ព័ន្ធ ដល់អាជីវកម្មខ្នាតតូច និងក្រុមអ្នកផ្តល់សវាខាងចាត់ចែងកិច្ចការ។ ឧប្បត្តិហេតុនេះ មិនមែនគ្រាន់តែប៉ះពាល់ដល់កិច្ចប្រតិបត្តិការរបស់ Kaseya ប៉ុណ្ណោះទេ តែក៏ដល់កិច្ចប្រតិបត្តិការរបស់ក្រុមអតិថិជនរបស់ក្រុមហ៊ុននេះ នៅទូទាំងពិភពលោកផងដែរ។
រង្វាន់នេះ ត្រូវផ្តល់ឱ្យតាមរយៈកម្មវិធីផ្តល់រង្វាន់ប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្មឆ្លងដែន (Transnational Organized Crime Rewards Program) របស់ក្រសួងការបរទេសអាមេរិក។ ក្រសួងនេះ ចាត់ចែងកម្មវិធីនេះ ដោយសហការជិតស្និទ្ធជាមួយពួកដៃគូខាងការពង្រឹងច្បាប់សហព័ន្ធរបស់ខ្លួន ដើម្បីបង្អាក់ និងកម្ចាត់ឧក្រិដ្ឋកម្មមានការចាត់ចែងជាសាកល ដោយមានរួមបញ្ចូលទាំងឧក្រិដ្ឋកម្មតាមអនឡាញផងដែរ។
ក្រុមឧក្រិដ្ឋជនឆ្លងប្រទេស និងពួកអ្នកជួញដូរគ្រឿងញៀនធំៗ ត្រូវបាននាំខ្លួនទៅកាត់ទោសតាមរយៈកម្មវិធីផ្តល់រង្វាន់ប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្មឆ្លងដែន និងកម្មវិធីផ្តល់រង្វាន់ប្រឆាំងគ្រឿងញៀន (Narcotics Rewards Program) ចាប់តាំងពីឆ្នាំ១៩៨៦ មក។ ក្រសួងការបរទេស បានផ្តល់រង្វាន់ជាង ១៣៥ លានដុល្លាររហូតមកដល់ពេលនេះ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា៖ «សហរដ្ឋអាមេរិក នៅតែប្តេជ្ញាការពារក្រុមជនរងគ្រោះទាំងអស់នៅទូទាំងពិភពលោកពីការទាញយកប្រយោជន៍ដោយក្រុមឧក្រិដ្ឋជនតាមអនឡាញ ហើយយើងសុំឱ្យប្រទេសជាតិនានាដែលផ្តល់ជម្រកឱ្យក្រុមឧក្រិដ្ឋជនតាមអនឡាញរស់នៅ ឱ្យរកយុត្តិធម៌ឱ្យក្រុមអាជីវកម្ម និងស្ថាប័នអង្គការដែលជាជនរងគ្រោះដោយសារឧប្បត្តិហេតុមេរោគ ransomware»៕