Accessibility links

Breaking News

បទវិចារណកថា៖ ជ័យជម្នះ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត


រូប​របស់​លោក Yevgeniy Polyanin ដែលទីភ្នាក់ងារស៊ើបអង្កេត​សហព័ន្ធស.រ.អ FBI ប្រកាសតាមចាប់ខ្លួន ត្រូវបានបង្ហាញនៅលើអេក្រង់ គ្រាដែល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ស.រ.អលោក Merrick Garland និងមន្រ្តី​ផ្សេងទៀត ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
រូប​របស់​លោក Yevgeniy Polyanin ដែលទីភ្នាក់ងារស៊ើបអង្កេត​សហព័ន្ធស.រ.អ FBI ប្រកាសតាមចាប់ខ្លួន ត្រូវបានបង្ហាញនៅលើអេក្រង់ គ្រាដែល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ស.រ.អលោក Merrick Garland និងមន្រ្តី​ផ្សេងទៀត ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

​ការធ្វើឱ្យប្រាកដប្រជាឱ្យ​មានបណ្តាញ​អ៊ីនធឺណិត​មួយ​ដែល​បើក​ចំហ ដែល​ភ្ជាប់​គ្នា​បាន មាន​សុវត្ថិភាព​ និង​សេវាកម្ម​ទៀងទាត់ នៅ​តែ​ជាអាទិភាពស្នូល​មួយសម្រាប់​រដ្ឋបាល​លោក Joe Biden និង​លោកស្រី Kamala Harris។ ​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​ឱ្យ​មាន​កិច្ច​ខិតខំប្រឹងប្រែង​ជាតិ ​និង​អន្តរជាតិសម្រាប់​ការពារប្រជាពលរដ្ឋ​អាមេរិកាំង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ​និងក្រុម​សម្ព័ន្ធមិត្ត​ពី​សកម្មភាព​អាក្រក់តាម​អ៊ីនធឺណិត។ កិច្ច​ខិតខំប្រឹងប្រែង​ទាំង​នេះ​ បានចាប់ផ្តើម​ទទួល​ផល​ហើយ។ កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​យុត្តិធម៌ ​បាន​ប្រកាស​អំពី​ការ​ចោទប្រកាន់ជន​បរទេសពីរ​នាក់​ដោយសារ​បានប្រើ​មេរោគ​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត ransomware ឈ្មោះ Sodinokibi/REvil ដើម្បី​ធ្វើ​ឱ្យគាំង​ដំណើរ និង​ជំរិត​យកប្រាក់​ពី​អាជីវកម្ម​នានា​ និង​អង្គភាព​រដ្ឋាភិបាល​ក្នុង​សហរដ្ឋ​អាមេរិក។

ឈ្មោះ Yaroslav Vasinskyi ជនជាតិ​អ៊ុយក្រែន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រើ មេរោគ​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត ransomware ប្រឆាំង​នឹង​ជន​រងគ្រោះ​ច្រើន​នាក់​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ឧប្បត្តិហេតុកាល​ពី​ខែ​កក្កដា ​ឆ្នាំ២០២១ ដែល​យក​អតិថិជន​ក្រុមហ៊ុន software ពហុជាតិខាង​បច្ចេកវិទ្យា​ព័ត៌មាន​ឈ្មោះ Kaseya ជា​ទីដៅ។

ក្រសួង​យុត្តិធម៌ ​ក៏បាន​ប្រកាសដែរ​អំពីការ​រឹបអូស​យក​ប្រាក់​៦លាន ​១សែន​ដុល្លារ​ ដែល​មាន​ប្រភព​ពី​ការបង់​ប្រាប់​ជំរិត​ដែល​ជនជាតិ​រុស្ស៊ី​ឈ្មោះ Yevgeniy Polyanin បាន​ទទួល។ ជន​នេះ ក៏​ត្រូវ​បាន​ចោទប្រកាន់​ដែរអំពី​ការ​ប្រើ​មេរោគ​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត ransomware ឈ្មោះ Sodinokibi/Revil ប្រឆាំងនឹង​ជន​រងគ្រោះ​ច្រើន​នាក់ ដោយ​មាន​រួម​បញ្ចូល​ក្រុមហ៊ុន​អាជីវកម្ម និងអង្គភាពរដ្ឋាភិបាលក្នុង​រដ្ឋ Texas កាលពី​ខែ​សីហា ឆ្នាំ​២០១៩។

បើ​តាមការចោទប្រកាន់​ក្នុង​តុលាការ​ ឈ្មោះ Vasinskyi និងឈ្មោះ Polyanin បានចូល​ក្នុងបណ្តាញ​កុំព្យូទ័រ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​រងគ្រោះ​មួយ​ចំនួន ​ហើយ​បាន​ប្រើ មេរោគ​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត ransomware ឈ្មោះ Sodinokibi/Revil ដើម្បី​ទាញ​យក​ទិន្នន័យ​ពី​កុំព្យូទ័រ​នៃក្រុមហ៊ុន​រងគ្រោះ។

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក​ Marrick Garland ​បាន​និយាយ​ថា៖ «ឧក្រិដ្ឋកម្មតាម​អ៊ីនធឺណិត​ ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មួយដល់​ប្រទេស​យើង ​គឺ​ដល់សុវត្ថិភាព​ផ្ទាល់ខ្លួន​យើង ដល់​សេដ្ឋកិច្ចយើង​ និង​ដល់សន្តិសុខ​ជាតិ​យើង។ សាររបស់​យើង​...ច្បាស់​លាស់​ថា​ សហរដ្ឋ​អាមេរិក ដោយ​ធ្វើការ​ជា​មួយ​ក្រុម​សម្ព័ន្ធមិត្ត​របស់​យើង នឹង​ធ្វើអ្វីៗទាំង​អស់​ក្នុង​អំណាច​របស់​យើង ​ដើម្បីរក​ឱ្យ​ឃើញ​ក្រុម​អ្នក​ប្រព្រឹត្ត​ល្មើស​ខាងការវាយ​ប្រហារ​ដោយ ransomware យកក្រុមនេះទៅ​កាត់​ទោស និងរឹប​អូស​យកប្រាក់ដែលត្រូវ​បាន​លួច​ពី​ក្រុម​ជន​រងគ្រោះ​មក​វិញ»។

អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អ្នកស្រី Lisa Monaco បាន​ថ្លែងថា៖ «សាររបស់យើង​ទៅ​កាន់ក្រុមឧក្រិដ្ឋជន ransomware ច្បាស់​លាស់​ថា បើ​ពួក​អ្នក​ឯង​យក​ក្រុម​ជន​រងគ្រោះក្នុង​សហរដ្ឋ​អាមេរិក​ជា​ទីដៅនៃ​ការ​វាយ​ប្រហារ យើង​នឹងយកក្រុមអ្នក​ឯងជា​ទីដៅ​ដែរ»។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍ប្រាប់ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថា​ សហរដ្ឋ​អាមេរិក ​នឹង​ធ្វើ​«រាល់​សកម្មភាព​ចាំ​បាច់ទាំង​ឡាយ​ណា​ដើម្បី​ការពារប្រជាពលរដ្ឋ ​និង​រចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ខ្លួន​ ទប់ទល់​នឹង​ការ​ប្រឈមដែល​កំពុង​មាន​ត​ទៅ​ទៀត​នេះ»។

លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍​ទៀត​ថា៖ «នេះ​ ជា​អ្វីដែល​យើង​បាន​ធ្វើ។ ​យើង​បាន​យក​កម្លាំងទាំង​អស់​របស់​រដ្ឋាភិបាល​សហព័ន្ធទៅ​បង្អាក់​សកម្មភាព​អាក្រក់តាម​បណ្តាញ​អ៊ីនធឺណិត​ និងក្រុម​តួអង្គ​អាក្រក់ បង្កើនភាព​រឹងមាំក្នុង​ប្រទេស ​ដោះស្រាយ​បញ្ហា​ការ​ប្រើរូបិយបណ្ណ​ឌីជីថល ដើម្បីលាង​លុយកខ្វក់ជំរិតតាមការប្រើ​មេរោគ ramsomnware និងបង្កើន​កិច្ច​សហប្រតិបត្តិការអន្តរជាតិសម្រាប់​បង្អាក់​ប្រព័ន្ធ ransomware និង​បំបាត់ជម្រក​សុវត្ថិភាព​តាម​ផ្លូវច្បាប់​របស់​ក្រុម​ឧក្រិដ្ឋជន ransomware»។

លោក​ប្រធានាធិបតី​ Biden បាន​គូស​បញ្ជាក់ថា លោក​នឹងបន្តប្រើ​មធ្យោបាយ​ទាំង​អស់​ដែល​មាន​ដើម្បី​ការពារ​ប្រជារាស្ត្រ ​និង​ផលប្រយោជន៍​អាមេរិកាំង​ប្រឆាំង​នឹង​ការ​វាយ​ប្រហារតាមអ៊ីនធឺណិត៕

XS
SM
MD
LG