បទវិចារណកថា៖ ការពិភាក្សា​បែប​ស្ថាបនា​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

លោក Enrique Mora អ្នក​សម្របសម្រួល​របស់​សហភាព​អឺរ៉ុប និង​លោក Abbas Araghchi អនុ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ រង់ចាំ​ការចាប់ផ្តើម​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ JCPOA នៅ​ទីក្រុង​វីយែន​នៃ​ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កិច្ច​ចរចា​នៅ​ក្នុងក្រុង​វីយែន​ ប្រទេស​អូទ្រីស អំពី​ការ​វិលត្រឡប់ទៅ​គោរព​តាមកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ត្រូវបាន​គេ​ស្គាល់​ជា​ផ្លូវការ​ថា ផែនការ​សកម្មភាពរួមទូលំទូលាយ​ហៅ​កាត់​ថា​ JCPOA កំពុង​តែ​ធ្វើ​ឡើង។ នៅក្រោម​រដ្ឋបាល​លោក Trump សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​ក្នុង​ព្រមព្រៀង​នេះ​ កាល​ពី​ឆ្នាំ២០១៨ ដោយ​ដាក់​ទណ្ឌកម្មជាថ្មីប្រឆាំង​នឹង​អ៊ីរ៉ង់ ហើយ​បន្ថែម​ទណ្ឌកម្ម​ថ្មីៗ​ទៀត​ផង​ដែរ។ ចាប់​តាំង​ពីពេល​នោះ​មក អ៊ីរ៉ង់​មិន​បានធ្វើ​តាម​កិច្ច​ព្រមព្រៀង​នេះ​ទៀត​ទេ ដោយ​ធ្វើ​ឱ្យ​កិច្ច​ព្រមព្រៀង JCPOA នេះ​មានការ​ប្រែ​ប្រួល។

នៅ​ពេល​នេះអ៊ីរ៉ង់និង​ស.រ.អ.​ បាន​សម្តែងគោលបំណង​ដូច​គ្នាក្នុង​ការ​គោរព​តាម​កិច្ចព្រមព្រៀង​ JCPOA ជា​ថ្មី​វិញ។

ដោយ​មាន​សហភាព​អឺរ៉ុប​ជាប្រធាន ការពិភាក្សា​បច្ចុប្បន្នអំពី​ការ​ធ្វើ​បែប​ណា​ឱ្យ​បាន​សម្រេច​គោលដៅ​នេះ​មាន​រួម​បញ្ចូលប្រទេស​អ៊ីរ៉ង់​ ចក្រភពអង់គ្លេស ​ចិន បារាំង អាល្លឺម៉ង់​ និង​ប្រទេស​រុស្ស៊ី ហើយ​ក៏​មាន​ការ​ចូល​រួម​ដោយ​ប្រយោល​ តែ​មាន​សារៈសំខាន់​ពី​ស.រ.អ.​ផង​ដែរ។

នៅ​ក្នុង​សន្និសីទ​កាសែតមួយ​ លោក​ Ned Price អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ស.រ.អ. បាន​ហៅ​ការ​ពិភាក្សា​គ្នា​នេះ​ថា «​ប្រកប​ដោយរបៀប​របប​ជាក់លាក់»​ និង​«វិជ្ជមាន»។

លោក​បាន​និយាយ​ថា៖ «មានការ​ជឿនលឿន​ខ្លះ តែផ្លូវ​ទៅ​មុខ​នៅ​វែង​ឆ្ងាយទៀត។ ហើយ​ខ្ញុំ​យល់​ថា វា​ជា​ការ​ត្រឹមត្រូវ​ដែល​និយាយ​ថា មានផ្លូវ​នៅ​ខាងមុខយើង​វែង​ឆ្ងាយ​ទៀត»។

កាល​ពី​ពេល​ថ្មីៗ​នេះ គណៈកម្មការ​រួម​នៃកិច្ចព្រមព្រៀង JCPOA ​ដែល​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​ចរចា​គ្នា​នេះ​ បានប្រកាសអំពីក្រុម​ការងារ​របស់​ពួក​អ្នក​ជំនាញ​ទី​បី​«ដើម្បីចាប់​ផ្តើម​ពិនិត្យ​មើលវិធានការ​ជា​លំដាប់ៗ» ដែលត្រូវការឱ្យ​មាន«សម្រាប់ការ​វិលមក​វិញ​របស់​ស.រ.អ.​ក្នុង​កិច្ចព្រមព្រៀង JCPOA និងការ​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព»។ ក្រុម​ការងារ​ពីរ​ទៀតកំពុង​ដោះស្រាយការ​លុប​ចោលការ​ដាក់​ទណ្ឌកម្ម​និង​ការ​វិល​ត្រឡប់​របស់​អ៊ីរ៉ង់មកបំពេញតាមការ​សន្យា​របស់​ខ្លួន​វិញ។

លោក​ Price បាន​ទទួល​ស្វាគមន៍សេចក្តី​ប្រកាស​នោះ ដោយ​លោក​បាន​កត់​សម្គាល់ថា លោក Robert Malley ប្រេសិត​ពិសេស​របស់​ស.រ.អ.​កំពុង​ដឹកនាំ​គណៈប្រតិភូ​ស.រ.អ.«​ដើម្បី​ស្វែងរក​របៀប​ដោះស្រាយជាក់​ស្តែងស្តី​ពី​ជំហានដែលអ៊ីរ៉ង់​និងស.រ.អ.​ត្រូវ​ការសម្រាប់​វិល​ត្រឡប់​ទៅ​កាន់ការ​គោរព​កិច្ចព្រមព្រៀង​នេះ​វិញ»។

លោក Price ​បាននិយាយ​យ៉ាង​ច្បាស់​ថា​ ដូច​ដែល​លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អ.​ បាន​មានប្រសាសន៍កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ថា៖ «ស.រ.អ.នឹង​មិន​លុបចោល​ការ​ដាក់ទណ្ឌកម្មទេ លុះ​ត្រា​តែយើងដឹង​ច្បាស់​ និងមានការ​ទុក​ចិត្ត​ថា ​អ៊ីរ៉ង់នឹង​ធ្វើ​ពេញ​លេញ​តាម​កាតព្វកិច្ច​របស់​ខ្លួននៅ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ។ ​អ៊ីរ៉ង់​នឹងបញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​អ៊ីរ៉ង់នឹង​បន្ត​ផ្អាក​ការ​ផលិត​សារធាតុ​អ៊ុយរ៉ានីញ៉ូម។ អ៊ីរ៉ង់​នឹង​កាត់បន្ថយកម្រិត​នៃ​ការ​ផលិត​សារធាតុ​អ៊ុយរ៉ានីញ៉ូម និង​ទំហំនៃ​ការ​សម្រិតសម្រាំង​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ក្នុង​ប្រទេស​ខ្លួន»។

លោក Price បាន​ប្រកាស​ថា៖ «ការ​គោរព​កិច្ច​ព្រមព្រៀង​គឺ​ដើម្បីគោរព​តាម​កិច្ច​ព្រមព្រៀង។ នេះ​ជា​អ្វី​ដែលគណៈប្រតិភូ​ក្នុង​ទីក្រុង​វីយែន​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់នៅ​ពេល​នេះ»៕