តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិ និងស្ថាប័នអាមេរិកាំង
ជារៀងរាល់ឆ្នាំ នៅថ្ងៃចន្ទ សប្តាហ៍ទី៣ នៃខែមករា សហរដ្ឋអាមេរិក រំឭកដល់វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត Martin Luther King Jr. ដ៏ជាទីគោរព។ លោកបណ្ឌិត King ជាអ្នកផ្សព្វផ្សាយគ្រិស្តសាសនានិកាយ Baptist ក្នុងរដ្ឋ Alabama នាប៉ែកខាងត្បូងសហរដ្ឋអាមេរិក និងជាអ្នកដឹកនាំក្នុងការប្រយុទ្ធប្រឆាំងនឹងវិសមភាពខាងពូជសាសន៍នៅសហរដ្ឋអាមេរិក។ បើសិនជា លោកនៅមានជីវិតនោះ លោកបានឈានចូលវ័យ៩៣ឆ្នាំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
នៅអំឡុងពេលមួយដែលមានអំពើហិង្សាយ៉ាងខ្លាំងក្លាកើតឡើងប្រឆាំងនឹងពលរដ្ឋអាមេរិកដើមកំណើតអាហ្រ្វិកដែលព្យាយាមផ្លាស់ប្តូរប្រព័ន្ធនៃការរើសអើងពូជសាសន៍ពណ៌សម្បុរនៅក្នុងតំបន់មួយចំនួននៃសហរដ្ឋអាមេរិកនោះ លោកបណ្ឌិត King បានដឹកនាំចលនាសិទ្ធិពលរដ្ឋដែលផ្តោតលើការតវ៉ាដោយអហិង្សា។ ដោយទទួលឥទ្ធិពលយ៉ាងខ្លាំងពីលោក មហាត្មៈ គន្ធី លោកបណ្ឌិត King បានបង្កើតនូវគោលការណ៍ចំនួនប្រាំមួយ ក្នុងការដឹកនាំសកម្មភាពរបស់អ្នកតវ៉ាទាមទារសិទ្ធិពលរដ្ឋ នៅពេលដែលពួកគេធ្វើពហិការទ្រង់ទ្រាយធំ ធ្វើបាតុកម្មអង្គុយនៅមួយកន្លែង ការដើរហែក្បួនដោយសន្តិវិធី និងការតវ៉ាអហិង្សាដោយមិនគោរពតាមសណ្តាប់ធ្នាប់ក្នុងសង្គមផ្សេងៗទៀត។ លោក បានរៀបរាប់លម្អិតនៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា «ការបោះជំហានឆ្ពោះទៅរកសេរីភាព»។
គោលការណ៍ទី១ គឺអហិង្សាជារបៀបរស់នៅមួយ សម្រាប់មនុស្សក្លាហាន និងតស៊ូនឹងអំពើអាក្រក់។
គោលការណ៍ទី២ អហិង្សានាំទៅរកមិត្តភាព និងការយោគយល់ ហើយបង្កើតការប្រោសប្រណី និងការផ្សះផ្សា។
គោលការណ៍ទី៣ អហិង្សានាំទៅការកម្ចាត់ភាពអយុត្តិធម៌ មិនមែនកម្ចាត់មនុស្សទេ ពីព្រោះវាគឺជាការទទួលស្គាល់ថា អ្នកប្រព្រឹត្តអាក្រក់ មិនមែនអ្នកជាមនុស្សអាក្រក់ទេ ហើយអ្នកក៏ជាជនរងគ្រោះផងដែរ។
គោលការណ៍ទី៤ គឺទុក្ខសោក អាចអប់រំ និងកែប្រែ និងការទទួលយកទុក្ខដោយមិនសងសឹក។ នៅពេល ដែលអ្នកលែងទទួលរងទុក្ខសោក ការរងទុក្ខសោក[ពីមុន]នោះ អាចនាំឲ្យមានការអប់រំ និងការផ្លាស់ប្តូរ។
គោលការណ៍ទី៥ អហិង្សាជ្រើសរើសយកសេចក្តីស្រឡាញ់ ជាជាងការស្អប់។
គោលការណ៍ទី៦ គឺអហិង្សា ចែងថា សកលលោកស្ថិតនៅខាងយុត្តិធម៌។ តិចជាងមួយសប្តាហ៍ មុនពេលមរណភាពរបស់លោក លោក King បានប្រកាសថា «យើង នឹងយកឈ្នះបាន ពីព្រោះមាគ៌ានៃសីលធម៌សាកលលោកមានប្រវែងវែងឆ្ងាយ ប៉ុន្តែវាងាកទៅរកភាពយុត្តិធម៌»។
សមិទ្ធផលដ៏អស្ចារ្យបំផុតរបស់ចលនាសិទ្ធិពលរដ្ឋ និងរបស់លោកបណ្ឌិត King បានកើតឡើងនៅឆ្នាំ១៩៦៤ នោះគឺការអនុម័តច្បាប់ស្តីពីសិទ្ធិពលរដ្ឋ ដែលបានហាមឃាត់ការបែងចែកតាមទីសាធារណៈ ក៏ដូចជាការរើសអើងក្នុងវិស័យការងារដោយផ្អែកលើជាតិសាសន៍ ពណ៌សម្បុរ សាសនា ភេទ ឬដើមកំណើត។
លោកបណ្ឌិត King មានអាយុ៣៩ឆ្នាំ នៅពេលដែលលោកបានស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់ឃាតករនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៦៨។ ប៉ុន្តែ កេរដំណែលរបស់លោក នៅតែបន្ត។ នៅក្នុងអំឡុងពេលមួយទសវត្សរ៍ ច្បាប់បែងចែកពូជសាសន៍ពណ៌សម្បុរ ត្រូវបានលុបចោល ហើយសព្វថ្ងៃនេះ ការរើសអើង គឺជាបទល្មើសដែលប្រមាថ និងត្រូវផ្តន្ទាទោសតាមច្បាប់។
ជីវិតរបស់លោកបណ្ឌិត Martin Luther King អាចត្រូវបានវាយតម្លៃតាមរយៈសេចក្តីប្រកាសផ្ទាល់ខ្លួនរបស់លោកដែលថា៖ «ការវាយតម្លៃសមត្ថភាពរបស់មនុស្ស មិនមែននៅពេលដែលគេស្ថិតនៅក្នុងគ្រាសុខ និងក្នុងភាពងាយស្រួលនោះទេ ប៉ុន្តែ គឺនៅពេលដែលគេជួបឧបសគ្គ និងជម្លោះ»។
ពិតណាស់លោក King បានរស់នៅប្រកបដោយសមត្ថភាពខ្ពស់៕