តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិ និងស្ថាប័នអាមេរិកាំង
នៅថ្ងៃចន្ទនៃសប្តាហ៍ចុងក្រោយក្នុងខែឧសភា ពលរដ្ឋអាមេរិកាំងប្រារព្ធទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជន។ វាជាថ្ងៃមួយដើម្បីចងចាំបុរសនិងស្ត្រីទាំងអស់ក្នុងសេវាកម្មយោធាដែលបានស្លាប់ដើម្បីការពារប្រទេសរបស់ខ្លួននិងបុព្វហេតុរបស់ប្រទេស និងដើម្បីផ្តល់កិត្តិយសចំពោះការលះបង់របស់ពួកគេ។
លោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា៖ «ពួកគេនៅជាជួរៗប្រកបដោយភាពល្បីខ្ទរខ្ទាយនិងកិត្តិយសនៅកន្លែងបញ្ចុះសព Arlington យ៉ាងស្ងៀមស្ងាត់និងកន្លែងបញ្ចុះសពនៅតំបន់អឺរ៉ុប និងនៅទូទាំងប្រទេសរបស់យើង ក្នុងទីក្រុងតូចធំ។ ពួកគេជាកូនស្រីនិងកូនប្រុសជាទីស្រឡាញ់របស់ប្រទេសអាមេរិកដែលបានហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីរក្សានិងការពារគំនិតមួយដែលខុសពីអ្នកដ៏ទៃទៀតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិគឺ៖ គំនិតរបស់សហរដ្ឋអាមេរិក។ ហើយសព្វថ្ងៃនេះ ក្នុងនាមជាប្រទេសជាតិមួយ យើងបានអនុវត្តទម្លាប់ដ៏ពិសិដ្ឋនេះគឺដើម្បីឆ្លុះបញ្ចាំងនិងដើម្បីចងចាំ»។
ទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជនជាតំណាងនៃការជំពាក់គុណរបស់អ្នកដែលកំពុងមានជីវិតដល់ពលរដ្ឋអាមេរិកាំងណាដែលបានធ្វើពលីកម្មដើម្បីធ្វើឱ្យមានសេរីភាពសម្រាប់ប្រទេសរបស់ខ្លួន។ អ្នកខ្លះបានស្លាប់នៅក្នុងសមរភូមិ អ្នកខ្លះស្លាប់ដោយសារជម្ងឺ។ អ្នកដ៏ទៃទៀតបានបាត់បង់អាយុជីវិតនៅក្នុងគុកនៅបរទេស ហើយមិនដែលបានវិលត្រឡប់មកវិញ។ អ្នកទាំងនោះភាគច្រើនស្លាប់ពេលនៅក្មេងដើម្បីការពារឧត្តមគតិនិងសេរីភាពរបស់ប្រទេសជាតិខ្លួន។ ហើយរាប់ពាន់នាក់ទៀតបានស្លាប់ដើម្បីការពារសេរីភាពរបស់ប្រទេសដ៏ទៃទៀតដូចជា៖ នៅក្នុងតំបន់អាហ្វ្រិកខាងជើង អឺរ៉ុប ប៉ាស៊ីហ្វិក អាស៊ី និងតំបន់មជ្ឈិមបូព៌ា។
លោកប្រធានាធិបតី Biden មានប្រសាសន៍ទៀតថា៖ «សេរីភាពមិនដែលបានមកដោយទទេនោះទេ។ លទ្ធិប្រជាធិបតេយ្យ តែងតែតម្រូវឱ្យមានអ្នកក្លាហាន។ គ្រប់ជំនាន់មនុស្សត្រូវតែឈ្នះសត្រូវរបស់លទ្ធិប្រជាធិបតេយ្យ។ ហើយមនុស្សគ្រប់ជំនាន់មានវីរបុរសចាប់កំណើតដែលនឹងសម្រក់ឈាមដើម្បីអ្វីដែលពួកគេនិងយើងស្រឡាញ់ចង់បាន»។
លោកប្រធានាធិបតីមានប្រសាសន៍ថា៖ «ថ្ងៃនេះ យើងចងចាំទិវានេះ ហើយយើងបញ្ជាក់ឡើងវិញថា សេរីភាពសាកសមនឹងធ្វើការលះបង់។ ប្រជាធិបតេយ្យមិនមែនល្អឥតខ្ចោះនោះទេ វាមិនដែលល្អឥតខ្ចោះនោះទេ។ ក៏ប៉ុន្តែ វាសាកសមនឹងប្រយុទ្ធដើម្បីវា ប្រសិនបើ ចាំបាច់ សាកសមស្លាប់ដើម្បីវា»។
លោក Biden និយាយទៀតថា៖ «លទ្ធិប្រជាធិបតេយ្យរបស់យើងជាអំណោយដ៏ធំបំផុតរបស់យើងក្នុង នាមជាប្រទេសមួយដែលត្រូវបានធ្វើពលីកម្មដោយអ្នកដែលយើងបានបាត់បង់។ ប្រជាធិបតេយ្យរបស់យើងជារបៀបមួយដែលយើងបានអនុវត្តការងារជាប្រចាំសម្រាប់សហព័ន្ធដ៏ល្អឥតខ្ចោះមួយ ហើយយើងមិនទាន់បានធ្វើវាឱ្យល្អឥតខ្ចោះនៅឡើយទេ ក៏ប៉ុន្តែយើងមិនដែលឈប់ព្យាយាមបើកចំហរទ្វារកាន់តែធំឡើងនូវឱកាសនិងវិបុលភាពនិងយុត្តិធម៌សម្រាប់មនុស្សគ្រប់ទីកន្លែងនោះទេ»។
លោកប្រធានាធិបតី Biden បានថ្លែងថា៖ «នេះជាបេសកកម្មរបស់យើង។ ការរំឭកវិញ្ញាណក្ខន្ធរបស់យើងចំពោះពួកគេមិនត្រូវធ្វើតែមួយថ្ងៃប៉ុណ្ណោះ នៅពេលដែលយើងផ្អាកសកម្មភាពមួយភ្លែតដើម្បីធ្វើការបន់ស្រន់ នោះទេ។ វាត្រូវតែជាការតាំងចិត្តប្រចាំថ្ងៃដើម្បីអនុវត្ត រួបរួមគ្នា ដើម្បីឱ្យបានសាកសមនឹងតម្លៃដែលបានលះបង់»៕