តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អនុរដ្ឋមន្ត្រីការបរទេសស.រ.អ.លោកស្រី Wendy Sherman បានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយទៅកាន់អង្គប្រជុំនៃអង្គការយុទ្ធសាស្ត្រ Yalta ស្តីពីទ្វីបអឺរ៉ុបថា៖ «ប្រទេសរុស្ស៊ីកំពុងបង្កើនការគំរាមកំហែងដល់ប្រទេសអ៊ុយក្រែន។ រុស្ស៊ីបានប្រមូលទាហានជាងមួយសែននាក់តាមព្រំដែនអ៊ុយក្រែននៅក្នុងការបង្កើនកងកម្លាំងយោធាដោយគ្មានការបង្ករឿងពីអ៊ុយក្រែន និងបានបញ្ជូនទហានបន្ថែមទៅកាន់ប្រទេសបេឡារុស សម្រាប់ការធ្វើសមយុទ្ធធំៗ»។ វោហារសាស្ត្ររបស់រដ្ឋាភិបាលក្រុងមូស្គូកាន់តែខ្លាំងក្លានិងគ្មានការពិតច្រើនជាងមុន ដោយធ្វើឱ្យគេឃើញថាអ៊ុយក្រែនជាអ្នកឈ្លានពានទៅវិញ។
លោកស្រី Sherman បាននិយាយទៀតថា៖ «គ្មានការបញ្ជាក់ថាជាការត្រឹមត្រូវខាងការការពារដែលនាំឱ្យរុស្ស៊ីប្រមូលផ្តុំទាហានច្រើននាក់នៅក្នុងពេលខ្លីបែបនេះតាមព្រំដែនអ៊ុយក្រែនទេ។ ប្រទេសអ៊ុយក្រែនមិនបានដាក់ឱ្យមានការគំរាមកំហែងដល់រុស្ស៊ីឡើយ»។
លោកស្រីអនុរដ្ឋមន្ត្រី Sherman បានកត់សម្គាល់ថា៖ «គឺប្រទេសរុស្ស៊ីដែលបានលុកលុយអ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងបានកាន់កាប់តំបន់ Crimea រហូតដល់សព្វថ្ងៃនេះ»។ រុស្ស៊ីបន្តបញ្ឆេះសង្គ្រាមក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែន ដែលនាំឱ្យមនុស្សជិត១ម៉ឺន៤ពាន់នាក់ស្លាប់និងបានបំផ្លាញក្រុងទាំងមូល។ គឺប្រទេសរុស្ស៊ីនិងក្រុមអាយ៉ងពួកគេដែលឃុំឃាំងជនជាតិអ៊ុយក្រែនរាប់រយនាក់ជាអ្នកទោសនយោបាយ។ ហើយគឺដោយសារសកម្មភាពរបស់រុស្ស៊ីដែលបណ្តាលឱ្យជនជាតិអ៊ុយក្រែនជិតបីលាននាក់ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។
រុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅអ៊ុយក្រែននិងបានប្រឹងប្រែងបំផ្លាញស្ថាប័នប្រជាធិបតេយ្យប្រទេសនេះថែមទៀតផង។ រុស្ស៊ីបានរាំងខ្ទប់ថាមពលនិងពាណិជ្ជកម្ម បើកការវាយប្រហារ cyber លើហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់អ៊ុយក្រែន និងបានប្រើប្រាស់ការឃោសនានិងការផ្សាយព័ត៌មានមិនពិតដើម្បីធ្វើមិនឱ្យមានការមិនទុកចិត្តគ្នានិងអស្ថិរភាព។
លោកស្រីអនុរដ្ឋមន្ត្រី Sherman បានបញ្ជាក់ជាថ្មីថា៖ «ស.រ.អ.ឈរជាមួយប្រជាពលរដ្ឋអ៊ុយក្រែន ហើយយើងនៅតែប្តេជ្ញាដល់អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសអ៊ុយក្រែន»។ ចាប់ពីឆ្នាំ២០១៤មក ស.រ.អ.បានសន្យាថានឹងផ្តល់ជំនួយខាងសន្តិសុខនិងជំនួយក្រៅពីវិស័យសន្តិសុខជាង៥.៥០០លានដុល្លារដល់ប្រទេសអ៊ុយក្រែន ដោយមានរួមបញ្ចូលប្រាក់ជាង៣៥១លានដុល្លារជាជំនួយដល់ក្រុមជនខ្ចាត់ព្រាត់ពីផ្ទះសំបែង ឬមានផលប៉ះពាល់ដោយសារអំពើឈ្លានពានរបស់រុស្ស៊ី។
ស.រ.អ.នៅតែបន្តផ្តល់ជំនួយខាងសន្តិសុខសម្រាប់ការពារប្រទេសឱ្យអ៊ុយក្រែនតទៅទៀត។ លោកប្រធានាធិបតី Joe Biden បានអនុញ្ញាតឱ្យផ្តល់ជំនួយខាងសន្តិសុខ២០០លានដុល្លារកាលពីខែធ្នូ ហើយការដឹកជញ្ជូនជំនួយនេះជាដំបូងបានទៅដល់ក្រុងកៀវកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីពេលថ្មីៗនេះសភាស.រ.អ.បានបង្កើនការផ្តល់ប្រាក់ជំនួយខាងសន្តិសុខដំបូងឱ្យអ៊ុយក្រែន។ ហើយស.រ.អ.កំពុងធ្វើការជាមួយក្រុមសម្ព័ន្ធមិត្តអង្គការអូតង់ ដោយមានរួមបញ្ចូលពួករដ្ឋក្នុងតំបន់សមុទ្របាល់ទិកផង ដើម្បីផ្តល់ការគាំទ្រខាងការទូត និងជំនួយឯទៀតៗឱ្យអ៊ុយក្រែននៅក្នុងពេលមានវិបត្តិនេះ។
លោកស្រីអនុរដ្ឋមន្ត្រី Sherman បានព្រមានថា៖ «ប្រសិនបើរុស្ស៊ីលុកលុយប្រទេសអ៊ុយក្រែន រុស្ស៊ីនឹងមានការបង់ខាតនិងផលវិបាកច្រើនក្រាស់ក្រែលលើសពីអ្វីដែលប្រទេសនេះបានប្រឈមកាលពីឆ្នាំ២០១៤។ ស.រ.អ.និងពួកសម្ព័ន្ធមិត្តយើងនៅអឺរ៉ុបកំពុងធ្វើការជាមួយគ្នាដើម្បីប្រុងប្រៀបសម្របសម្រួលវិធានការសេដ្ឋកិច្ចដែលជាវិធានការដាក់ឱ្យមានការបង់ខាតធ្ងន់ធ្ងរលើសេដ្ឋកិច្ចនិងប្រព័ន្ធហិរញ្ញវត្ថុ បើរុស្ស៊ីចាត់វិធានការលុកលុយអ៊ុយក្រែន»៕