Accessibility links

Breaking News

បទវិចារណកថា៖ ការទូត​ជា​វិធី​ដោះស្រាយ​វិបត្តិ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន


រូបឯកសារ៖ លោកស្រី​ Victoria Nuland ជា​អនុរដ្ឋមន្ត្រី​ការ​បរទេស​​ស.រ.អ. ​​សម្រាប់​​កិច្ចការ​នយោបាយ​។​​​
រូបឯកសារ៖ លោកស្រី​ Victoria Nuland ជា​អនុរដ្ឋមន្ត្រី​ការ​បរទេស​​ស.រ.អ. ​​សម្រាប់​​កិច្ចការ​នយោបាយ​។​​​

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេសរុស្ស៊ី បាន​បង្កើតវិបត្តិ​អន្តរជាតិ​មួយដោយ​ប្រមូលផ្តុំទាហាន​ ១ សែន​នាក់នៅ​តាមព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន។ លោកស្រី​ Victoria Nuland អនុរដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ. សម្រាប់កិច្ចការ​នយោបាយបានប្រកាស​ថា «គឺរុស្ស៊ីដែល​បានប្រុងប្រៀបធ្វើការ​បំផ្លិច​បំផ្លាញផ្ទៃ​ក្នុង​ ធ្វើ​ឱ្យ​មានអស្ថិរភាព​ ធ្វើ​សកម្មភាព​អរិភាព​ដល់​អ៊ុយក្រែន។ ហើយ​ គឺ​ប្រទេស​រុស្ស៊ីដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មានមិន​ពិត និង​និយាយ​កុហកអំពី​អ៊ុយក្រែន ស.រ.អ. និង​អំពី​អង្គការ​អូតង់​ដើម្បី​ធ្វើឱ្យ​ឃើញ​ថា សកម្មភាព​ខ្លួន​ត្រឹមត្រូវ»។

ស.រ.អ. បានឆ្លើយ​តប​នឹង​ការ​បង្ក​រឿង​ទាំង​នេះ​ជា​មួយកិច្ចចរចាការទូត​មួយ​ចំនួន។ លោកស្រីអនុរដ្ឋមន្ត្រី​ Nuland បាន​មានប្រសាសន៍​ថា «ការទូត​ជា​ជម្រើស​ល្អ​បំផុត​ដើម្បី​ធ្វើ​ឱ្យមានស្ថិរភាព ​និង​សន្តិសុខ​ឡើង​វិញសម្រាប់អ៊ុយក្រែន អឺរ៉ុប និង​សម្រាប់​រុស្ស៊ីផង​ដែរ»។
លោកស្រី​អនុរដ្ឋមន្ត្រី Nuland បាននិយាយ​ថា នៅ​ក្នុង​ការ​សន្ទនាអំពីស្ថិរភាព​យុទ្ធសាស្ត្រ​ជា​មួយ​រុស្ស៊ី ស.រ.អ. ​បានបង្ហាញការប្តេជ្ញារបស់​ខ្លួន​ដល់​ការទូត​ដោយ​បានដាក់គំនិត​ដំបូងៗនៅលើ​តុ​ចរចា ដោយ​មានរួម​បញ្ចូលតម្លាភាព​យោធា វិធានការ​បន្ថយ​គ្រោះ​ថ្នាក់ និង​សមយុទ្ធ។​

លោកស្រីបានពោលថា៖ «យើង​ក៏​បាននិយាយ​ច្បាស់លាស់​ដែរ​ថា ការជឿនលឿន​ពិត​ប្រាកដ​ អាចមានបាន​តែនៅក្នុង​បរិយាកាសមួយ​នៃ​ការ​បន្ថយ​ភាព​តានតឹង​ មិន​មែន​ក្នុងការ​បង្កើន​ភាព​តានតឹង​ទេ ហើយ​នៅលើ​មូលដ្ឋាន​នៃ​ការ​ធ្វើដូចគ្នាទៅ​វិញទៅ​មក។ ការណ៍​នេះ​ តម្រូវ​ឱ្យ​មានរុស្សីឋិតនៅ​នឹងតុ​ចរចា និង​ចាត់​វិធានការ​ជាក់​ស្តែងសម្រាប់​បន្ថយភាពតានតឹង»។

លោកស្រី​អនុរដ្ឋមន្ត្រី Nuland បាននិយាយ​ថា «នៅ​ពេល​នេះ​រុស្សីមាន​ជម្រើសមែនទែនមួយ គឺ​ តើ​រុស្សីជ្រើសរើស​យកមាគ៌ា​ការ​ទូត​ និងធ្វើការ​សន្ទនា​គ្នា​ ឬ​មួយ​ធ្វើឱ្យមានការ​ប្រទាំង​ប្រទើស​គ្នា និង​ផលវិបាកធ្ងន់ធ្ងរ​ដែល​នឹង​កើត​មានដោយសារ​ជម្រើស​នេះ»។

លោកស្រី​បាន​ថ្លែងថា៖ «ប្រសិនបើ​រដ្ឋាភិបាលរុស្សីលុកលុយ​អ៊ុយក្រែនថែមទៀត ​ធ្វើ​ឱ្យ​អ៊ុយក្រែន​មានអស្ថិភាព​ថែមទៀត​ យើង​ប្រុងប្រៀប​ហើយ ហើយរួមគ្នា​ជាមួយពួក​សម្ព័ន្ធមិត្តនិងដៃ​គូ​របស់​យើង​ ដើម្បី​ដាក់ឱ្យ​មានការ​ខាត​បង់​ច្រើន​ដល់​រុស្សី។ ​យើង​នឹង​ឆ្លើយ​តប​ជា​មួយវិធានការ​សេដ្ឋកិច្ចធំធេង ដោយ​មានរួម​បញ្ចូលចំណាត់ការទាំងឡាយដែល​មិន​ដែលបាន​ប្រើ​ពី​ពេល​មុន និងដាក់ឱ្យ​មានការខាត​បង់​ច្រើនដល់​សេដ្ឋកិច្ច​ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​រុស្ស៊ីផង​ដែរ»។

លោកស្រី​អនុរដ្ឋមន្ត្រី Noland បានថ្លែងថា «តែខ្ញុំ​សូម​គូសបញ្ជាក់ទៀត​អំពី​ជម្រើស​ដែល​យើង​ចង់បាន ​គឺ​ការទូត»។ របៀប​ដោះស្រាយ​នេះ មានលទ្ធផល​ល្អ​កាលពី​អតីតកាល។ លោកស្រី​បាន​ពោលទៀត​ថា «យើង​បានធ្វើការ​ចរចា​អំពី​ផ្នែកជា​ច្រើន​ដែលបង្កើត​ជា​មូលដ្ឋាន​សម្រាប់សន្តិភាព និង​សន្តិសុខ ដោយ​មានរួម​បញ្ចូល​ទាំង​កិច្ចព្រមព្រៀង Helsinki សន្ធិសញ្ញា INF​ និង​កិច្ចព្រមព្រៀងឯទៀតៗ​ស្តី​ពីការត្រួតត្រា​អាវុធ»។

លោកស្រី Nuland បាន​មានប្រសាសន៍​ថា​ ការទូត​ ដោយ​មានការ​ពិគ្រោះ​យោបល់ពេញ​លេញ ​និង​ការ​សម្របសម្រួលក​ជា​មួយពួក​សម្ព័ន្ធមិត្ត​របស់​យើង​ និង​ប្រទេស​ទាំង​អស់ដែល​ពាក់ព័ន្ធ ជា​វិធីឆ្ពោះ​ទៅ​មុខ។ លោក​ស្រី​បាននិយាយ​បន្ថែមថា «នេះ​ ជា​អ្វី​ដែល​ត្រូវ​ការ​ឱ្យ​មាននៅ​ពេល​នេះ»៕

XS
SM
MD
LG